ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រឡាំងកាំង! បទ«ស្ទឹងត្រែងបងអើយ» ដែល ខេមរៈ សិរីមន្ត ច្រៀងឌឺឡាវ ការពិតចម្លងពីឡាវ

ពិតជាអាម៉ាស់មិនតិចនោះទេ បន្ទាប់ពីមានការទម្លាយថាបទ«ស្ទឹងត្រែងបងអើយ» ដែលតារាចម្រៀង ហង្សមាស លោក ខេមរ: សិរីមន្ត ច្រៀងឌឺឡាវ ហើយជាបទល្បីល្បាញមួយនោះ ការពិតជាបទដើមរបស់ប្រទេសឡាវសោះ។ កំពូលតារាចម្រៀងរូបនេះ ត្រូវអ្នកលេងហ្វេសប៊ុកដុតដោយសម្ដីធ្ងន់ៗជាច្រើន ដែលបទចម្រៀងដែលគេយល់ថាជាបទមានខ្លឹមសារពោរពេញដោយជាតិនិយម និងត្រូវបានអ្នកស្ដាប់យល់ថាជាបទដែលអត្ថន័យជ្រៀលជ្រៅមួយនេះ ស្រាប់តែម្ចាស់ដើម គឺជនជាតិឡាវ ដែលលោក ខេមរ: សិរីមន្ត បានច្រៀងឌឺដងឲ្យនោះ។

នៅមិនទាន់មានការបកស្រាយជុំវិញការរិះគន់ជាថ្មីនេះនៅឡើយទេ ប៉ុន្តែយោងតាមគណនីយហ្វេសប៊ុកជាច្រើន បានកំពុងរិះគន់ធ្ងន់ៗដែលបទ«ស្ទឹងត្រែងបងអើយ» ស្រាប់តែជាបទដើមរបស់ឡាវទៅវិញ ក្នុងពេលដែលអត្ថន័យបទនេះ គឺជាចង់សំដៅថាប្រទេសឡាវជាអ្នកឈ្លានពានទឹកដីកម្ពុជា ហើយជាបទដែលចាក់ដោតចំអារម្មណ៍មហាជនភាគច្រើននោះ។ ម្នាក់ៗស្រឡាំងកាំងក្នុងពេលដែលមានការទម្លាយថាបទដែលលោកខេមរ: សិរីមន្ត ច្រៀងឌឺឡាវ គឺជាបទដើមរបស់ឡាវ ។ នៅលើទំព័រហ្វេសប៊ុកមួយចំនួនរបស់ជនជាតិឡាវ ក៏ឃើញមានការរិះគន់ពីបញ្ហានេះគួរឲ្យកត់សម្គាល់ផងដែរ ដែលនេះត្រូវបានគេចាត់ទុកថាគឺជារឿងអាម៉ាស់មួយនៅក្នុងវិស័យសិល្ប:របស់ខ្មែរ ដែលនៅតែបន្តកូពីបទចម្រៀងពីប្រទេសជិតខាង ក្នុងពេលដែលអត្ថន័យរបស់បទ«ស្ទឹងត្រែងបងអើយ» ក៏មានខ្លឹមសារឌឺដងដល់ម្ចាស់ដើម ដែលមិនគួរនឹងកើតមានចំពោះលោកខេមរ: សិរីមន្ត ដែលជាកំពូលតារាចម្រៀងល្បីល្បាញរបស់កម្ពុជា។

លោក ម៉ៃ សុគន្ធ បានសម្ដែងអារម្មណ៍ហួសចិត្តនៅពេលបានដឹងថាបទចម្រៀង«ស្ទឹងត្រែងបងអើយ»គឺបទដើមរបស់ឡាវ ដោយលោកប្រកាសថាបើទោះជាលោកគឺជាតារាចម្រៀងកូពីដែលរងការរិះគន់ទូទាំងកម្ពុជា ក៏មិនដល់ថ្នាក់ចម្លងបទរបស់ប្រទេសមួយយកមកច្រៀងឲ្យល្បី ហើយនិពន្ធខ្លឹមសារឌឺដងដល់ប្រទេសរបស់ម្ចាស់បទ ដែលធ្វើឲ្យជនជាតិនោះមាក់ងាយដល់តម្លៃក្នុងវិស័យចម្រៀងខ្មែរឡើយ។ លោកថាលោកខេមរ: សិរីនមន្ត គួរតែនិពន្ធសាច់ភ្លេងថ្មី ឬ កូពីសាច់ភ្លេងពីប្រទេសមួយផ្សេងទៀត ប្រសិនបើចង់និពន្ធបទមួយ ដែលមានខ្លឹមសារឌឺដងដល់ប្រទេសឡាវ ជុំវិញបញ្ហារឿងព្រំដែន។ បើទោះជាការលើកឡើង និងការបង្ហោះរបស់លោកត្រូវបានគេតិះដៀលជាថ្មីថា លោកជាតារាពូកែទើសមិនកែទម្លាប់ ក៏លោកប្រកាសថាមិនខ្លាចពីការរិះគន់នោះដែរ ជាពិសេសចំពោះករណីកំពូលតារាចម្រៀងល្បីម្នាក់ ដែលយកបទដើមរបស់ឡាវ មកច្រៀងដៀលឡាវដូចករណីបទ«ស្ទឹងត្រែងបងអើយ»ពេលនេះ។ មិនទាន់ដឹងថាហង្សមាសនឹងមានប្រតិកម្មយ៉ាងណានោះទេ ក្នុងពេលដែលផលិតកម្មនេះ គឺផលិតកម្មធំ ស្រាប់តែចម្លងបទមួយធ្វើឲ្យមានការរិះគន់នៅក្នុងពេលនេះ។

តើសាកស្ដាប់បទម្ចាស់ដើម និងបទ«ស្ទឹងត្រែងបងអើយ»របស់លោកខេមរ: សិរីមន្ត៖

មតិយោបល់