ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៅ ស៊ីណាត ឆេះដុំដល់ថ្នាក់ពន្លះលែងទុកមុខ ក្នុងកម្មវិធីផ្សាយផ្ទាល់!

ក្នុងកិច្ចសម្ភាន៍អ្នកនាង ស៊ុន ណារីម៉ូនីកា កាលពីថ្ងៃទី២២ កុម្ភ: ក្នុងកម្មវិធី «Komsan Talk Show » អ្នកនាងម៉ៅ ស៊ីណាត ពិធីការិនិបានពន្លះយ៉ាងចាស់ដៃតែម្ដង ទៅកាន់តារាៗដែលកើតបូសក្លៀក និងយកសិល្ប:ធ្វើជាឈ្នាន់ ធ្វើឲ្យខូចឈ្មោះតារាទូទៅ បណ្ដាលឲ្យមានការរិះគន់ពីសំណាក់មហាជននោះ។ អ្នកនាងក៏បានទទូចឲ្យមហាជនដែលបានរិះគន់តារាសិល្ប: ដែលកើតបូកក្លៀក ឬតារាវាយរឹក និងតារាដែលធ្វើឲ្យស្អុយដល់សង្គមសិល្ប: ដៅឈ្មោះឲ្យចំទៅកាន់តារាដែលមានចំណុចអវិជ្ជមានទាំងនោះ ដើម្បីជៀសឲ្យផុតពីការម៉ៅតារាទាំងមូល។

អ្នកនាងម៉ៅ ស៊ីណាត និយាយថាអ្នកនាងថ្កោលទោសទាំងស្រុងចំពោះតារាសិល្ប: ដែលមានចរឹកវាយរឹក ឬបានធ្វើឲ្យស្អុយដល់សង្គមសិល្ប: ហើយបណ្ដាលឲ្យស្អុយដល់កិត្តិយសរបស់តារាទូទៅ ជាពិសេសចំពោះតារាដែលមិនបានប្រព្រឹត្តិទង្វើទាំងនោះ។

អ្នកនាងនិយាយថាតារាខ្លះសម្អាងថាបានសម្ដែងមួយបទ ឬច្រៀងពីរបីបទ ដែលបានយកការងារសិល្ប:ទាំងនោះទៅអួតទៅបង្ហាញ ដើម្បីទទួលបានតម្លៃខ្លួនខ្ពស់ ពីការលក់ដូរខ្លួនប្រាណ ដែលអ្នកនាងយល់ថានោះជាទង្វើដែលនាំឲ្យមនុស្សមួយចំនួនវាយតម្លៃដល់តារាសិល្ប:ទូទៅ។ អ្នកនាងឈឺចិត្តយ៉ាងខ្លាំង នៅពេលដែលមានការវាយតម្លៃថា តារានេះក៏យកទៅគេងជាមួយបានតារានោះក៏យកទៅគេងជាមួយបាន ដែលការពិតអ្នកធ្វើរឿងរ៉ាវបែបនោះដើម្បីលុយ គឺមានតែមានចំនួនតូចប៉ុណ្ណោះនៅក្នុងសិល្ប:។

អ្នកនាងនិយាយថាបើដឹងថាតារាមួយណាបានធ្វើរឿងនោះ សម្តៅឲ្យចំ ដើម្បីកុំឲ្យប៉ះពាល់ដល់តារាសិល្ប:ទូទៅ ជាពិសេសចំពោះអ្នកនាង និងតារាសិល្ប:ផ្សេងទៀត ដែលប្រឹងរកលុយដោយលំបាក ដោយសិល្ប:សុទ្ធសាធ គឺជារឿងអយុត្តិធម៌។

អ្នកនាងក៏បានព្រលះចំពោះតារាសិល្ប:ដែលមានចរឹកវាយឫកឆ្មើងឆ្មៃ ក្រោយបានល្បីឈ្មោះ និងក្រោយពីមានឱកាសមានលុយមានឡានផងដែរ ដោយអ្នកនាងបានអះអាងថាតារាដែលមានចរឹកកើតបូសក្លៀកទាំងនោះ ច្រើនតែជាតារាជំនាន់ក្រោយ និងជាតារាដែលអាចរកលុយមានបាន ដោយមិនប្រើសមត្ថភាពនៅក្នុងសិល្ប:សុទ្ធសាធ។ អ្នកនាងនិយាយថា«ខ្ញុំទទួលស្គាល់ថាតារាមួយចំនួនគឺកំពូលវាយឫក អ្នកខ្លះទើបតែល្បីបានបន្តិច ទើបតែមានលុយមានកាក់បានបន្តិច គឺដើរចង់បុកតារារៀមច្បងតែម្ដង ហើយបើតារារៀមច្បងនោះរៀងធ្លាក់បន្តិចផង គឺដៃលើកជំរាបសួរមិនកើត ហើយដើរចង់បុកតែម្ដង! អ៉ីចឹងហើយទើបធ្វើឲ្យមហាជនខ្លះ និងតារាសិល្ប:ដូចគ្នាខ្លះអត់សប្បាយចិត្ត ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនដែលមិនពេញចិត្តតួណាសូមរិះគន់តួហ្នឹង កុំម៉ៅថាឲ្យតារាសុទ្ធតែឫក និងកុំឲ្យម៉ៅថាឲ្យតែតារាសុទ្ធតែមិនល្អ!»។

បន្ថែមពីការពន្លះចំៗទៅលើករណីទាំង២ខាងលើ អ្នកនាងម៉ៅ ស៊ីណាត ក៏បានរិះគន់ចំពោះមហាជនមួយចំនួនដែលតែងតែមាក់ងាយដល់តារាសិល្ប: ថាពេលល្បីហ៊ឺហារឡូយឆាយ លុះដល់ពេលឈឺក៏ត្អូញត្អែរ និងស្មូមលុយមហាជនផងដែរ ដោយអ្នកនាងបានហៅការលើកឡើងនេះថា ជាការបំបាក់ទឹកចិត្តចំពោះអ្នកខ្វះខាត ចំពោះតារាសិល្ប:ដែលមានជីវភាពលំបាកពិតប្រាកដ ដូចជាករណីអ្នកនាង ស៊ុន ណារីម៉ូនីកា ជាដើម ដែលអត់ទីផ្សារ និងមានបញ្ហាកូនឈឺប្រមាណ៥ឆ្នាំ តែសុខចិត្តលក់ផ្ទះលក់ឡាន ព្រោះតែមិនហ៊ានប្រកាសពីការលំបាកដើម្បីកុំឲ្យគេថាពេលឈឺគឺស្មូមលុយនោះ។

អ្នកនាងបញ្ជាក់ថា ជីវិតជាអ្នកសិល្ប: ឲ្យតែរកលុយដោយកម្លាំងញើសឈាមពីអ្នកសិល្ប:សុទ្ធសាធអត់មានអ្នកណាមានបាននោះទេ គឺបានត្រឹមតែល្អមើលប៉ុណ្ណោះ អ៊ីចឹងហើយទើបនាងស្នើឲ្យមហាជនបញ្ឈប់ការមាក់ងាយចំពោះតារាដែលធ្លាក់ខ្លួនក្រ ឬតារាដែលមានជំងឺខ្វះខាតលុយ ដោយសារតែអ្នកដែលហ៊ឺហារ អ្នកដែលឡូយឆាយ គឺមិនមែនជាតារាដែលមានការប្រឈមទាំងនោះទេ។

អ្នកនាងនិយាយថាអ្នកណាលក់ខ្លួន អ្នកណាអួតរឿងមានបានទៅរិះគន់អ្នកសិល្ប:ទាំងនោះទៅ ហើយសម្រាប់តារាសិល្ប:ដែលមានការប្រឈមបើមិនចង់ជួយដល់តារាទាំងនោះក៏មេត្តាមើលងាយណាមួយ ដើម្បីកុំឲ្យតារាដែលមានធុរ:លំបាកលំបិនហើយ បែរជាមករងនូវការប្រមាថថែមទៀត៕

មតិយោបល់