Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ក្រោយជាប់តំណែ...

ក្រោយជាប់តំណែងអនុប្រធាន អ៉ិន សុភិន ប្រកាសថានឹងមានព្រឹត្តិការណ៍ធំមួយកើតឡើង

បើទោះខាងសមាគមភាពយន្តកម្ពុជា បានបោះឆ្នោតរួចមកហើយពីសំណាក់លផលិតៗ និងម្ចាស់ផលិតកម្មនៅក្នុងប្រទេសកម្ពុជាកាលពីច្រើនមុនរួចមកហើយក៏ដោយ ក៏សមាគមមួយនេះនៅតែសម្រេចបើការបោះឆ្នោតជាថ្មីកាលពីថ្ងៃទី២១ កុម្ភ: ជាថ្មី ដោយការបោះឆ្នោតជាថ្មីនេះ ត្រូវគេឃើញមានការចូលរួមពីមន្ត្រីមកពីនាយកដ្ឋានភាពយន្ត ពីក្រសួងវប្បធម៌ និងមានការចូលរួមពីម្ចាស់ផលិតកម្មតូចធំ ស្ទើរមិនសល់ផលិតករម្នាក់ ដែលគេចាត់ទុកថាជាការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនអាណត្តិថ្មីផ្លូវការមិនដូចមុននោះផងដែរ។ លោកអ៉ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ត្រូវបានអង្គពិធីបោះឆ្នោតឲ្យក្លាយជាអនុប្រធាន ខណ:ដែលប្រធានសមាគមគឺនៅតែបានទៅលើលោកឆាយ បូរ៉ា ដដែល ដោយខាងសមាគមនឹងសម្រេចរៀបចំកម្មវិធីធំមួយក្នុងពេលដ៏ខ្លីដើម្បីប្រកាសឲ្យដឹងពីសមាសភាពដែលទើបជាប់ឆ្នោតនោះផង។

យោងតាមការប្រកាសរបស់សមាគមភាពយន្តកម្ពុជា បានអះអាងថាការបោះឆ្នោតផ្លូវការជាថ្មី បានរកឃើញក្បាលម៉ាស៊ីន៣រូបសម្រាប់អណ្ណត្តិថ្មី ដោយលោក ឆាយ បូរ៉ា បានជាប់ជាប្រធាន លោកអ៊ិន សុភិន បានជាប់ជាអនុប្រធាន និងលោកសែម វិសាល ម្ចាស់ផលិតកម្ម Wonderfilm Cambodia ជាអគ្គលេខា ដែលនេះជាគឺតំណែងមិនធ្លាប់ទទួលបានរបស់អ្នកទាំងពីរនៅក្នុងសមាគមមួយនេះ។ ក្រៅពីថ្នាក់ដឹកនាំទាំង៣ សមាសភាព២រូបទៀតគឺ លោក Millan Lov និង លោក ព្រហ្ម សិលា ក៏ត្រូវបានបោះឆ្នោតតែងតាំងជាសមាជិកសកម្ម របស់សមាគមផងដែរ។

លោក ស៊ិន ចន្ចសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នឹង ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមភាពយន្តកម្ពុជា បានហៅការបោះឆ្នោតនេះថា ជាការជ្រើសរើសថ្នាក់នាំសមាគមប្រកបដោយឆន្ទ:របស់ផលិតករ ដោយលោករំពឹងថាក្បាលម៉ាស៊ីនដែលទើបជាប់ឆ្នោត ពិតជាធ្វើឲ្យមានផលប្រយោជន៍ពេញទំហឹង សម្រាប់វិស័យផលិតភាពយន្តទាំំងមូល។

លោក អ៉ិន សុភិន ដែលបានជាប់ឆ្នោតជាអនុប្រធានសមាគម បានអះអាងថា ក្រោមការបោះឆ្នោតឲ្យលោកទទួលបានតំណែងនៅក្នុងសមាគមមួយនេះ លោកនឹងរួមចំណែកដឹកនាំសមាគមឲ្យមានការរីកចំរើនជាពិសេសគឺការលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា ដើម្បីឲ្យមានគុណភាព និងមានការរីកចំរើន។ ក្នុងនោះលោកក៏ត្រៀមបណ្ដុះឯកទេសដល់ផលិតករជំនាន់ក្រោយ ដើម្បីផលិតករដែលជ្រកក្រោមសមាគមហើយចង់ផលិតភាពយន្ត មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងផងដែរ។

លោកថាក្បាលម៉ាស៊ីនដែលបានជាប់ឆ្នោតទាំងអស់ នឹងរួមដៃគ្នាធ្វើឲ្យផលិតករនៅក្នុងប្រទេសកម្ពុជា កាន់តែផ្ដល់ប្រយោជន៍ឲ្យគ្នា និងធ្វើឲ្យវិស័យភាពយន្តទាំងរឿងសម្រាប់រោងកុន និងរឿងភាគទូរទស្សន៍មានការឈានឡើង។ លោកបន្តថា ក្រោយពីរកឃើញក្បាលម៉ាស៊ីនតាមរយ:ការបោះឆ្នោតក្រោមការចូលរួមពីសមាជិកនេះ សមាគមក៏គម្រោងរៀបចំកម្មវិធីសមោសរធំមួយ ដើម្បីប្រកាសឲ្យតារាសិល្ប: និងមហាជនបានដឹងពីសមាសភាពប្រធាន អនុប្រធាន និងអគ្គលេខាក្នុងអណ្ណត្តិថ្មីក្នុងពេលដ៏ខ្លីផងដែរ ដើម្បីឲ្យថ្នាក់ដឹកនាំទើបជាប់ឆ្នោតទាំងនោះ បានបង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រដែលនាងកំណត់ឡើយ។

លោកថាដើម្បីលើកទឹកចិត្តដល់សមាសភាពដែលទើបជាប់ឆ្នោត សមាគមនឹងធ្វើពិធីប្រកាសឲ្យពេញកិត្តិយស ហើយនៅក្នុងពិធីនោះ ក៏នឹងក្លាយជាពិធីជួបជុំតារាសិល្ប: និងផលិតករ និងជាពិធីប្រកាសឲ្យតារាសិល្ប: ក៏ដូចជាផលិតករជាសមាជិក បានដឹងពីគោលការណ៍របស់សមាគមដែលនឹងអនុវត្តន៍សម្រាប់អាណត្តិថ្មីនេះផងដែរ។

Loading...