ព័ត៌មានសិល្បៈ និងកម្សាន្ត

រន្ធត់ណាស់! តារាចម្រៀងដែលត្រូវភ្លើងឆេះក្នុងក្លិប LV ទទួលមរណភាព ចោលកូនប្រុស៨ឆ្នាំ

បើទោះជាបានបញ្ជូនទៅព្យាបាល នៅក្នុងប្រទេសវៀតណាមភ្លាមៗ ក៏តារាចម្រៀងកម្សត់ពោះម៉ាយកូន១ លោកវេហា ដែលត្រូវភ្លើងចេះ កាលពីយប់ថ្ងៃទី២១ កុម្ភ: បណ្ដាលឲ្យរលួយពេញខ្លួននោះ នៅក្លិបកម្សាន្តLV ស្ថិតនៅខេត្តព្រះសីហនុ នៅតែគេចពីគ្រោះដ៏អាក្រក់ នោះមិនបាន។ លោកត្រូវគេដឹងថា បានទទួលមរណភាពចោលកូនប្រុស ក្រោមបន្ទុកយ៉ាងអាណោចអាធ័ម ខណ:ដែលលោកមិនទាន់មានឱកាស ទទួលបានជំនួយសប្បុរសធម៌ ដែលប្រមែប្រមូលជូនក្រុមតារាចម្រៀង ប្រចាំក្លិបរួមការងារជាមួយ និងប្រកាសរ៉ៃដោយក្រុមតារាសម្ដែងលោក សាវិន ហ្វីលីព និងតារាចម្រៀងលោកវង្ស តារារតនា នោះផង។

យោងតាមការបង្ហោះលើផេកផ្លូវការរបស់ក្រុមតារាចម្រៀងលោក វេហា ដែលរងគ្រោះថ្នាក់ ដោយភ្លើងឆេះក្លិបLV បានអះអាងថា លោកវេហា ដែលជាតារាចម្រៀងកម្សត់ បានទទួលមរណភាពហើយ ក្រោយពីបានបញ្ជូនទៅកាន់ប្រទេសវៀតណាមបានប៉ុន្មានម៉ោង។ លោកត្រូវគេឃើញ រលួយរលេះសាច់ និងមានការអះអាងថា ឆេះឆួលដល់ផ្នែកខាងក្នុងធ្ងន់ធ្ងរ ទើបមិនអាចសង្គ្រោះបាន ក្រោយពេលទៅដល់មន្ទីរពេទ្យវៀតណាម។ មិនទាន់មានការបញ្ជាក់ថា លោកទទួលមរណភាពវេលាម៉ោងប៉ុន្មានទេ ប៉ុន្តែដំណឹងមរណភាពរបស់លោក ត្រូវបានគេបង្ហោះព្រោងព្រាត នៅព្រឹកថ្ងៃទី២៣ កុម្ភ:នេះ ដោយម្នាក់ៗ បង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង ដែលលោកត្រូវបាត់បង់ជីវិត ដោយបន្សល់ទុកនូវកូនប្រុសម្នាក់ អាយុ៨ឆ្នាំ ដែលលោកប្រឹងច្រៀងចិញ្ចឹមរាល់ថ្ងៃ ក្រោយភរិយាដែលជាអតីតតារាចម្រៀងដូចគ្នាបែកបាក់ទៅ។

សពរបស់លោកត្រូវបានគេអះអាងថា នឹងដឹកពីវៀតណាមមកធ្វើបុណ្យនៅផ្ទះកំណើត ប៉ុន្តែគេមិនទាន់ដឹងថា ម្ចាស់ក្លិប LV នឹងមានការទទួលខុសត្រូវ កម្រិតណានៅឡើយទេ។ ប្រភពពីតារាចម្រៀង ដែលច្រៀងប្រចាំក្លិប LV បានអះអាងថា ក្លិបកម្សាន្តដែលពេញនិយមជាងគេប្រចាំនៅខេត្តព្រះសីហនុមួយនេះ មិនមែនទើបតែឆេះម្ដងនោះទេ ដោយឆេះច្រើនលើកមកហើយ ប៉ុន្តែនេះជាលើកទី១ ដែលបណ្ដាលឲ្យតារាចម្រៀងប្រចាំក្លិប គឺលោកវេហាឈានដល់ការបាត់បង់ជីវិត។

ក្លិបនេះក៏ត្រូវគេអះអាងថា ជាកម្មសិទ្ធិរបស់មន្ត្រីប្រចាំខេត្តផងដែរ ទើបឆេះប៉ុន្មានដងហើយ នៅតែគ្មានការបិទចោល និងគ្មានការត្រួតពិនិត្យស្ដង់ដារឲ្យបានត្រឹមត្រូវ មុននឹងឲ្យច្បាប់បន្តសកម្មភាពបន្តទៀត។ ក្រោយមរណភាពរបស់លោកវេហានេះ គេមិនដឹងថាតើក្លិប LV នៅតែបន្តសិទ្ធិបើកអាជីវកម្ មដោយគ្មានការរៀបចំប្រព័ន្ធសុវត្ថិភាព ក្រោយពេលឆេះដូចមុនទៀតឬយ៉ាងណានោះទេ ខណ:ដែលការទទួលត្រូវខុសលើការបាត់បង់ជីវិត របស់តារាចម្រៀងលោកវេហា ដែលនៅកូនប្រុសម្នាក់ ក្រោមបន្ទុកគ្មានទីពឹង ក៏មិនដឹងនឹងទៅជាយ៉ាងណា។

គួរបញ្ជាក់លោកវេហា គឺជាតារាចម្រៀងផ្សងព្រេងមួយរូប ដែលបានចូលច្រៀងប្រមាណជា១០ឆ្នាំមកហើយ ដោយលោកផ្ដើមច្រៀងដំបូង នៅម្ដុំសំណង់១២ រាជធានីភ្នំពេញ។ ប៉ុន្តែដោយសារតែលោកច្រៀងបានកម្រៃតិច ហើយនៅខេត្តព្រះសីហនុ ឲ្យតម្លៃខ្ពស់ជាង ទើបលោករត់ទៅច្រៀង និងរស់នៅទីនោះ ហើយបានរួមរស់ជាមួយតារាចម្រៀងស្រីម្នាក់ បានកូនប្រុសម្នាក់។ លោក និងនាងបានបែកគ្នា ដោយលោកជាអ្នករាប់រងចិញ្ចឹមកូនប្រុសតែម្នាក់ឯង ហើយលោកគឺជាតារាចម្រៀង២កន្លែង នៅក្នុងខេត្តនោះ ដោយក្បាលព្រលប់ច្រៀងនៅរង្គសាលមួយ ហើយដល់ពាក់កណ្ដាលអាធ្រាតុ ទើបមកច្រៀងប្រចាំឲ្យក្លិប LV៕

មតិយោបល់