Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ទីបំផុត រឿងភា...

ទីបំផុត រឿងភាពយន្តរឿង«កិច្ចសន្យាស្នេហ៍ Tom& Jerry » បន្តលក់សំបុត្រ មួយសប្ដាហ៍បន្ថែម

ទន្ទឹមនឹងផ្ទុះអារម្មណ៍ខកចិត្តពីលោកម៉ា ច័ន្ទបញ្ញា និងក្រុមផលិតករ ថាភាពយន្តរឿង«កិច្ចសន្យាស្នេហ៍ Tom & Jerry » ទទួលបានការគាំទ្រខ្សោយខុសពីការរំពឹងទុក សម្រាប់ការបញ្ចាំងលក់សំបុត្រនៅរោងភាពយន្ត Prime Cenema នៅជាន់លើផ្សារសុវណ្ណាវិញ គេនៅតែឃើញមានការទិញសំបុត្រទស្សនា ដោយរោងភាពយន្តនេះបានទាំងសម្រេចបន្តលក់សំបុត្រមួយសប្ដាហ៍ទៀត ក្រោយផុតកុងត្រានោះផង។

មកទល់ពេលនេះ គេនៅតែឃើញផ្ទុះឡើងនូវភាពចម្រូងចម្រាស់ថាភាពយន្តនេះមិនល្អមើល និងខ្លះថាអាចទទួលយកបាន។ យ៉ាងណាមិញ អ្នកដែលបានទស្សនារឿងនេះរហូតដល់ចប់ថាបានអះអាងថារឿងនេះល្អមើល និងពោរពេញដោយសំណើច ដោយបានចាត់ទុកថាបណ្ដាលមកពីអ្នកគាំទ្រមិនសូវឲ្យតម្លៃភាពយន្តខ្មែរ និងមិនទាន់សាកល្បងទិញសំបុត្រចូលទស្សនានៅឡើយប៉ុណ្ណោះ ទើបអាកាត់ថាមិនល្អមើល។

ផេកផ្លូវការរបស់ផលិតកម្មរ៉ក់ បានអះអាងថា ភាពយន្តរឿង«កិច្ចសន្យាស្នេហ៍ Tom & Jerry » ដែលបានសម្ដែងដោយតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា និងគូស្នេហ៍ ក្រោមការផលិតដោយផលិតកម្មរបស់ខ្លួន ការពិតត្រូវទម្លាក់ចេញពីរោងនៅសប្ដាហ៍នេះហើយ ប៉ុន្តែដោយសារតែទន្ទឹមនឹងការរិះគន់ ភាពយន្តមួយនេះនៅតែមានអ្នកគាំទ្រ ទើបការបញ្ចាំងបន្តនៅរោងកុនក្នុងផ្សារសុវណ្ណាត្រូវបន្ត។ ព័ត៌មានផ្លូវការបានអះអាងថា ក្រោយការបង្ហោះបាក់ទឹកចិត្តរបស់លោកម៉ា ច័ន្ទបញ្ញា និងផលិតករជុំវិញអ្នកទស្សនាមិនសូវទិញសំបុត្រណែនៗរោង ហាក់ធ្វើឲ្យរឿងមួយនេះទទួលបានការចាប់អារម្មណ៍ជាថ្មី ហើយទីបំផុតអ្នកសម្រុកទៅទិញសំបុត្រទស្សនាក៏កញ្ជ្រោលឡើងវិញ ដែលនាំឲ្យរោងកុននៅផ្សារសុវណ្ណា សម្រេចបន្តការបញ្ចាំងលក់សំបុត្រមួយអាទិត្យទៅមុខទៀត។ ក្រុមផលិតករបានស្នើឲ្យអ្នកគាំទ្រទៅទស្សនានៅរោងភាពយន្តផ្សារសុវណ្ណា ដើម្បីលើកស្ទួយដល់តារាសម្ដែងថ្មី ប៉ុន្តែមិនទាន់ដឹងថាការស្នើសុំដោយទទូចនេះ ទទួលបានលទ្ធផលល្អប្រសើរកម្រិតណានៅឡើយទេ។

នៅលើបណ្ដាញហ្វេសប៊ុក គេនៅតែឃើញអ្នករិះគន់ធ្វើការបញ្ចេញមតិ តែក៍ឃើញអ្នកដែលបានទស្សនាភាគច្រើន និយាយថា នេះជារឿងទី១ដែលពួកគេជាប់ចិត្តក្រោយពីចូលទស្សនា និងថាជារឿងសោកស្ដាយ ដែលភាពយន្តមួយនេះ មិនអាចកន្ត្រាក់បានអ្នកទស្សនាឲ្យពេញរោង ដែលនាំឲ្យបណ្ដាក្រុមផលិតករ និងតួសម្ដែងបាក់ទឹកចិត្ត។ អ្នកបានចូលទស្សនាបានហៅកំសោយចំនួនមនុស្សសម្រាប់ភាពយន្តមួយនេះថាបណ្ដាលមកពីខ្វះទំនុកចិត្ត និងខ្វះការគាំទ្រ។ យ៉ាងណាមិញ អ្នកបានទិញសំបុត្រទស្សនាក៏បានសរសើរថានេះជារឿងដែលមានសាច់រឿងប្រទាក់ក្រឡាល្អមើល ក្នុងចំណោមភាពយន្តខ្មែរដែលពួកគេចំណាយពេលទស្សនាផងដែរ៕

Loading...