ព័ត៌មានសិល្បៈ និងកម្សាន្ត

ញឹម សួនសោភាទេពី ប៊ិះធ្លាក់ទាំងរន្ធត់ !

ផ្ទុយពីសប្ដាហ៍កន្លងទៅ ដែលបេក្ខនារី Cambodian Idol រដូវកាលទី៣ ញឹម សួន សោភាទេពី ទទួលបានប្រជាប្រិយភាពលប់លើបេក្ខជនបេក្ខនារីផ្សេងទៀតនោះ ការប្រឡងក្នុងវគ្គ Live Show សប្ដាហ៍ទី៣ កាលពីថ្ងៃទី២៣ កុម្ភ: នាងបែរជាក្លាយជាបេក្ខនារីប៊ិះធ្លាក់ទៅវិញ។ ទាំងសាមីខ្លួន និងអ្នកគាំទ្រសុទ្ធតែក្ដុកក្ដួល និងប្រហោងពោះមិនតិចនោះទេ មុនពេលមានការប្រកាសលទ្ធផល ខណ:ដែលបេក្ខជនមួយបូរិទ្ធ ជាទាហានមកពីខេត្តព្រះវិហារ ដែលសល់តែ២នាក់ជាមួយនាង នៅចុងការប្រកួតនោះ ក៏ត្រូវអ្នកលេងហ្វេសប៊ុកថា នឹងជាប់ៗច្រើនជាងដាក់ឈ្មោះរបស់នាង។ នេះជាសប្ដាហ៍ទី១ ដែលបេក្ខនារីមកពីរាជធានីភ្នំពេញរូបនេះ រន្ធត់ចិត្តជាងគេ ហើយបើទោះជានាងបានជាប់ឆ្លងទៅវគ្គ Live Show សប្ដាហ៍ទី៤ ក៏ទិដ្ឋភាពដែលនាងបានជួបកាលពីយប់មិញ គឺជារឿងដ៏រន្ធត់មុន ប៊ិះនឹងធ្វើឲ្យនាងគាំងបេះដូង ព្រោះតែការភិតភ័យ។

ក្នុងសប្ដាហ៍ទី៣នេះ នាងត្រូវគេដាក់វិញ្ញាសារឲ្យច្រៀងបទ«កូនប្រសារធ្វើស្រែម៉ែមិនពេញចិត្ត» ដែលជាបទរដឺនពិបាកច្រៀង ទើបធ្វើឲ្យនាងទទួលបានសំឡេងសារពីអ្នកគាំទ្រ មិនខ្លាំងដូច២សប្ដាហ៍កន្លងទៅ។ យ៉ាងណាមិញ នាងនៅតែធ្វើបានល្អ និងទទួលបានការសរសើរពីគណកម្មការទាំង៤រូបដដែល ដ្បិតថាការបកស្រាយចម្រៀងរបស់នាងនៅក្នុងថ្ងៃនោះ ធ្វើគេមើលឃើញពីភាពខ្លាំងរបស់នាងតិចជាងមុន។ ញឹម សួនសោភាទេពី តនឹងកាន់តែស្ថិតក្នុងការប្រកួតប្រជែងកាន់តែតានតឹង ក្នុងចំណោមបេក្ខជនបេក្ខនារីដែលនៅសល់ទាំង៩ ក្នុងពេលដែលអ្នកគាំទ្រ ដ្បិតថាបានធូរចិត្តក្រោយនាងត្រូវប្រកាសថាបានជាប់ក្នុងសប្ដាហ៍ទី៣ ប៉ុន្តែក៏នៅតែបន្តជូនពរកុំឲ្យនាងស្ថិតនៅ២នាក់ចុងក្រោយជាថ្មីម្ដងទៀត សម្រាប់ការប្រកាសលទ្ធផលនៅសប្ដាហ៍ទី៤។

គួរបញ្ជាក់ថា ញឹម សួនសោភាទេពី គឺជាបេក្ខភាពមកពីរាជធានីភ្នំពេញ ដែលមានគ្រឹះសិល្ប:បុរាណតាំងពីវ័យក្មេង។ នាងជាសិស្សរបាំបុរាណ និងចម្រៀងប្រពៃណី នៅសាលាវិចិត្រសិល្ប: ដែលអាចបកស្រាយបទសម័យបានពិរោះ និងអាចរាំបានយ៉ាងរស់រវើកផង ដែលកម្រមានសិល្បការិនីវ័យក្មេងណាធ្វើបាន ទើបទិដ្ឋភាពប៊ិះធ្លាក់ដែលបានកើតឡើងចំពោះនាងកាលពីយប់មិញ គឺជារឿងបុកពោះមួយរបស់អ្នកគាំទ្រនាង៕

https://youtu.be/t3BIbqP-0Ps

មតិយោបល់