ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីករ សុខ សំណាង រៀបការហើយ អោយភរិយាទៅនៅអាមេរិកម្នាក់ឯង

ថ្វីដ្បិតតែបានស្រលាញ់គ្នា មិនក្រោម៣ឆ្នាំយ៉ាងណាក្ដី ក៏ពិធីករប្រចាំទូរទស្សន៍ជាតិ(ទទក) លោក សុខ សំណាង ដែលបានសម្រេចចិត្តរៀបការ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅតែអះអាងថា មិនទាន់មានគម្រោងចេញទៅតាមភរិយា ឲ្យច្បាស់នៅពេលណាទេ ដោយលោកប្រកាសថា ចង់បន្តនៅស្រុកខ្មែរមួយខ្យល់ទៀតសិន។ លោកឲ្យភរិយា ដែលជាអណិកជនអាមេរិក ត្រលប់ទៅអាមេរិកតែម្នាក់ឯង និងរស់នៅតែម្នាក់ឯងសិន ដោយលោកមិនចាត់ទុកថា ការរស់នៅបែកគ្នាក្រោយរៀបការនេះ នឹងមិនធ្វើឲ្យទំនាក់ទំនងប្ដីប្រពន្ធលោក ណាយចិត្តពីគ្នាផង។

ពិធីករ សុខ សំណាង បានថ្លែងក្នុងពិធីមង្គលការនៅអគារ WCJK (អតីតពិភពថ្មីក្រោយមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំថា ភរិយារបស់លោកមានឈ្មោះថា “គ្រីស្ទី ស៊ុត” ដោយអ្នកនាងគឺគ្រូពេទ្យម្នាក់ នៅលើទឹកដីសហរដ្ឋអាមេរិក។ គិតមកដល់ពេលវេលារៀបការ លោកថារយ:ពេលស្រលាញ់គ្នា គឺមិនក្រោម៣ឆ្នាំនោះទេ ដោយសារតែពន្លកស្នេហ៍របស់លោក បានកើតមានឡើងតាំងពីឆ្នាំ២០១៣។ លោកថារយ:ពេលនោះ បើភរិយារបស់លោករត់ច្បាប់ ដើម្បីឲ្យលោកបានចេញទៅរស់នៅ គឺបានចេញទៅរួចហើយ ប៉ុន្តែមកពីលោកក៍មិនទាន់ចង់ប្រញាប់ ហើយភរិយារបស់លោក និងលោក ក៍ដូចតែមនុស្សចិត្តមួយថ្លើមមួយ តាំងពីមុនរៀបការ ទើបលោកសម្រេចឲ្យអ្នកនាងរត់ច្បាប់ នៅអំឡុងឆ្នាំក្រោយ ព្រោះចង់បន្តការងារសិល្ប: និងការងារផ្សេងៗឲ្យអស់ចិត្តសិន។

លោកថា រវាងលោក និង ភរិយា ទោះនៅឆ្ងាយគ្នា ឬនៅជិតគ្នា មិនខុសគ្នាទេ ដោយលោកបានចាត់ទុកថា ការឲ្យភរិយាទៅរស់នៅអាមេរិកម្នាក់ឯង ក្រោយពេលរៀបការ នឹងកាន់តែធ្វើឲ្យជីវិតស្នេហាកាន់តែនឹករលឹកគ្នា។ លោកចង់បន្តការងារសិល្ប: ដែលចាប់ផ្ដើមឡើងសន្ទុះ ឲ្យបានមួយខ្យល់ទៀតសិន ទើបលោកសម្រេចចិត្តចាកចេញទៅរស់នៅអាមេរិក ដើម្បីឲ្យការចាកចេញពេលនោះ គឺបានអស់ចិត្ត។

ថ្ងៃមង្គលការនោះ គេឃើញញាតិសន្ដានរបស់ប្រពន្ធមកចូលរួមភាគច្រើន ក្នុងពិធីនេះផង និងមកដើរកម្សាន្តក្នុងស្រុកផង។ លោកអះអាងថា ស្នេហារបស់លោកពេញថ្លើមគ្នា ដោយអត់ខ្វល់រឿងសម្រស់នោះទេ ដោយលោកបានចាត់ទុកថា លោកមានសំណាង ដែលបានអ្នកគ្រូពេទ្យនៅលើទឹកដីអាមេរិក ទទួលយកជាស្វាមីផង។

មិនខុសគ្នាដែរ ភរិយារបស់លោក ក៏បានប្រកាសថា ចង់យកស្វាមីទៅរស់នៅជាមួយឲ្យបានឆាប់ៗនោះដែរ ប៉ុន្តែមកពីចាំឲ្យលោកអស់ចិត្ត ជាមួយសិល្ប:សិន ទើបគម្រោងរត់ច្បាប់យកទៅរហូតឆ្នាំក្រោយ។ អ្នកនាងថាខ្លួនបានស្គាល់ស្វាមី ដោយសារតែបានឃើញលោក ពេលអានអានព័ត៌មាន ហើយក្រោយពេលបានស្គាល់លោក ក៍ជាមនុស្សសុភាព និងតស៊ូការងារ ទើបអ្នកនាងពេញចិត្ត ហើយឈានដល់ការរៀបការតែម្ដង។ អ្នកនាងថា ក្រោយពេលរៀបការអ្នកនាង អាចរស់នៅម្នាក់ឯងដូចមុនបាន ប៉ុន្តែបើឲ្យយូរពេក ក៍ពន្លឿនស្វាមី ឲ្យឆាប់បានទៅរស់នៅជុំគ្នាលើទឹកដីអាមេរិកនោះដែរ៕

មតិយោបល់