Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មមាញឹកសិល្ប:ម...

មមាញឹកសិល្ប:ម្លឹងហើយ Rith Omega ទំនេរបានលក់បាយក្ដាំង ឡើងផ្អើលបាត់ដំបងទៀត

ក្នុងប៉ុន្មានថ្ងៃនេះ អ្នកដឹកនាំសម្ដែងល្បីឈ្មោះប្រចាំផលិតកម្មថោន លោក Rith Omega (រិទ្ធិ អូមេហ្គា) ត្រូវគេឃើញដើរតួជាអ្នកបោះដុំបាយក្ដាំងពិសេសយ៉ាងមមាញឹកនៅខេត្តបាត់ដំបង ក្នុងពេលដែលលោកត្រូវគេដឹងថាសឹងតែដកឃ្លាមិនរួចពីការដឹកនាំផលិតបទចម្រៀង ជាពិសេសបូករួមទាំងMV សម្រាប់ត្រៀមឱកាសបុណ្យចូលឆ្នាំខ្មែរនេះផង។ លោកអះអាងថា មុខរបរបាយក្ដាំង ដ្បិតថាមើលទៅសមញ្ញ ហើយមិនសមនឹងមុខមាត់របស់លោកក៏ពិតមែន ប៉ុន្តែលោកថាប្រាក់ចំណេញគឺចង់ក្រែលជាងការងារមុខជំនួញបើកហាងកាហ្វេ ឆប់ឆាហ៍ នោះផង។

លោក រិទ្ធ អូមេហ្គា និយាយថា តាំងពីថ្ងៃទី២០ កុម្ភ: មកម្លេះ ដែលលោកសម្រេចចិត្តបើកលក់បាយក្ដាំងពិសេសមួយមុខទៀតបន្ថែមពីលើមុខរបរបើកហាងឆប់ឆាហ៍នៅខេត្តបាត់ដំបង ដោយបាយក្ដាំងនេះគឺលោក និងភរិយារបស់លោកជាអ្នកដាំខ្លួនឯង មិនមែនជាបាយក្ដាំងទិញពីខាងក្រៅ ហើយយកមកលាយម្ទេស និងគ្រឿងផ្សំ ធ្វើឲ្យមានរសជាតិប្លែក ដែលលោកបញ្ជាក់ថាមិនមានសារធាតុគីមី ឬខ្វះអនាម័យ។ លោកថាមុខរបរនេះ គ្រាន់តែបើកលក់ភ្លាម គឺមានអ្នកកុម្ម៉ង់ក្នុងមួយថ្ងៃៗគ្មានសល់ ដោយក្នុងមួយថ្ងៃលោកធ្វើតម្រូវត្រឹមតែ៣០គីឡូក្រាម ក៏លក់មិនទាន់នោះដែរ។

អ្វីដែលលោកសប្បាយចិត្តគឺបាយក្ដាំងរបស់លោកគ្រាន់តែផុសលក់ភ្លាម ក៏មានការកុម្ម៉ង់ទិញទៅកាន់ប្រទេសកូរ៉េ និងមកភ្នំពេញរហូតដល់ថ្នាក់ផលិតមិនទាន់ឲ្យភ្ញៀវ។ លោកកំពុងដំឡើងឆ្នាំងដាំបាយម្ដង៤ឆ្នាំង ក្រោយពីបើកលក់ក្នុងថ្ងៃដំបូងហើយមានការកុម្មង់ដល់ថ្នាក់លក់មិនទាន់ ហើយក្នុងពេលខាងមុខលោកក៏ប្រកាសថានឹងដំឡើងឆ្នាំងដាំឲ្យបានដល់១០ឆ្នាំង និងដំឡើងក្រុមផលិតបាយក្ដាំងពិសេសឲ្យបានច្រើននាក់ផងដែរ ដើម្បីធ្វើឲ្យអាជីវកម្មមួយនេះកាន់តែមានប្រាក់ចំណូល។

លោកថាបាយក្ដាំងរបស់លោកគឺលក់ជាទម្ងន់គីឡូ ដោយក្នុងមួយគីឡូតម្លៃ៤ម៉ឺនរៀល ហើយភាគច្រើនឲ្យតែនៅពេលព្រឹកគឺអ្នកទិញមកយកមិនទាន់នោះទេ ដោយត្រូវកុម្ម៉ង់ទុកមួយថ្ងៃ ឬពីល្ងាចទើបអាចទិញបាន។

លោកថាមុខរបរបាយក្ដាំង កំពុងធ្វើឲ្យលោកកាក់កប ហើយលោកក៏មិននឹកស្មានថាមុខរបរលេងៗនេះ បានជួយឲ្យលោកទទួលបានប្រាក់ចំណូលក្រាស់ក្រែលមិនចាញ់បើកហាងឆប់ឆាហ៍ និងមុខរបរបើកភោជនីយដ្ឋានដែលលោកបានបើកនៅឯកោះពេជ្រនោះទេ។

Loading...