Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ឆាយ វិរ:យុទ្ធ...

ឆាយ វិរ:យុទ្ធ បញ្ជាក់រឿង ចូលហង្សមាស

ខណ:ដែលតារាចម្រៀងល្បីឈ្មោះគឺកញ្ញាមាស សុខសោភា ត្រូវគេទម្លាយថានឹងដើរចេញពីថោនចូលហង្សមាសនៅពាក់កណ្ដាលឆ្នាំ២០១៨នេះ តែនាងមិនទាន់ទទួលស្គាល់ដើម្បីកុំឲ្យខូចបទចម្រៀងដែលសេសសល់នោះ តារាចម្រៀងល្បីឈ្មោះលោក ឆាយ វិរ:យុទ្ធ ក៏ត្រូវបានគេសង្ស័យថានឹងដើរចេញពីផលិតកម្មរបស់ខ្លួនគឺសាន់ដេ ហក់ចូលហង្សមាសផងដែរ។ យ៉ាងណាមិញ ក្នុងជំនួបដោយផ្ទាល់នៅក្នុងកម្មវិធីប្រគំតន្ត្រី«Carabao Spark Concert» កាលពីថ្ងៃទី២៥ កុម្ភ: តារាចម្រៀងរូបនេះបានទម្លាយឲ្យដឹងពីព័ត៌មានដ៏ក្ដីគគុកនេះ។

លោក ឆាយ វិរ:យុទ្ធ និយាយថាលោកបានឮច្រើនមកហើយ ជុំវិញការបង្ហើបថាលោកនឹងចូលហង្សមាសក្នុងពេលដ៏ខ្លី ដោយបានទាំងយោងថាលោកនឹងក្លាយជាតារាចម្រៀងប្រចាំផលិតកម្មធំមួយនេះ ដោយសារតែមានលោក ព្រាប សុវត្ថិ ដែលជាសាច់ថ្លៃជាខ្នងធំនៅទៅនោះ។ លោកថាព័ត៌មានដែលបានរំជើបរំជួលនេះ មិនទាន់អាចក្លាយជាការពិតនោះទេ ប៉ុន្តែអ្វីៗវានឹងស្ថិតនៅពេលអនាគត ជាពិសេសគឺនៅពេលដែលលោកត្រូវបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេ។ លោកបានទម្លាយថាលោកនៅកុងត្រាជាមួយផលិតកម្មសព្វថ្ងៃរហូតដល់ជាង២ឆ្នាំទៀត ត្រង់ចំណុចនេះហើយ ដែលលោកបញ្ជាក់នឹងមិនមានគម្រោងណាមួយត្រូវចូលហង្សមាសដូចអ្វីដែលបានលើកឡើងជុំវិញព័ត៌មានដែលថាលោកនឹងក្លាយជាតារាហង្សមាសក្នុងពេលដ៏ខ្លីនោះ។ លោកនិយាយថាស្ថានភាពចម្រៀងរបស់លោកមិនដូចនឹងតារាចម្រៀងផ្សេងៗ ដែលគ្មានកុងត្រាហើយចង់ហក់ចូលហង្សមាសក៏បានពេលណានោះទេ ដោយសារតែលោកនៅជាប់កុងត្រាជាមួយសាន់ដេ ដែលជាទ្រនំរបស់ខ្លួន ហើយមិនអាចដូចអ្វីដែលគេលើកឡើងថាលោកអាចចូលហង្សមាស ដោយអាចសុំចប់កុងត្រានៅពាក់កណ្ដាលទីបានទេ។ លោកនិយាយថា«អ្នកថាខ្ញុំចូលហង្សមាសឆាប់ៗ អត់មានទេ ព្រោះខ្ញុំនៅជាប់កុងត្រាសាន់ដេអត់មានទៅណារួចទេ តែសម្រាប់អនាគតគឺជារឿងផ្សេង!»។ លោកថាខ្លួនមានគម្រោងបញ្ចេញបទចម្រៀង និងការងារជាច្រើនជាមួយផលិតកម្មសាន់ដេ ខណ:ដែលលោកប្រកាសថាប្រសិនបើក្នុងពេលនេះលោកមិនជាប់កុងត្រាជាមួយសាន់ដេ ក៏មិនមានគម្រោងដើរចេញនោះដែរ ដោយសារតែស្ថានភាពចម្រៀងជាមួយសាន់ដេ គឺល្អប្រសើរនៅឡើយ។

ទន្ទឹមនឹងការបកស្រាយឲ្យអ្នកគាំទ្រអស់ចម្ងល់ទាំងស្រុង ដើម្បីបញ្ជាក់ថាលោកមិនអាចហក់ចូលហង្សមាស លោកឆាយ វិរ:យុទ្ធ ក៏បានបញ្ចេញបទចម្រៀង៤បទនៅប៉ុស្ដិ៍លេខ៥ ធ្វើឲ្យម្នាក់ៗមានការចាប់អារម្មណ៍ផងដែរ ជាពិសេសជាមួយនឹងការបញ្ចេញក្បាច់រាំជាមួយនឹងបទថ្មីសន្លាងដែលលោករំពឹងថានឹងជួយឲ្យលោកទទួលបានការគាំទ្រក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះផង។ នេះជាការបង្ហាញខ្លួនលើកទី១របស់លោកក្នុងកម្មវិធី«Carabao Spark Concert» របស់ប៉ុស្ដិ៍លេខ៥ ដែលជាកម្មវិធីប្រគំតន្ត្រីបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ បន្ទាប់ពីមានដំណឹងថាលោកអត់សប្បាយចិត្តរឿងដាក់រូបលោកតូចជាងតារាមួយចំនួននៅលើប៉ាណូ។ ប៉ុន្តែលោកក៏ត្រូវបានអ្នករៀបចំកម្មវិធីសរសើរថាជាតារាដែលគោរពពេលវេលាយ៉ាងកម្រផងដែរ ដោយសារតែក្នុងថ្ងៃនោះលោកត្រូវច្រៀងបិទគូទកម្មវិធីនោះទេ ប៉ុន្តែបានមកដល់កម្មវិធីតាំងពីដើមម៉ោង ដែលសូម្បីតែតារាដូចគ្នាក៏សរសើរពីរឿងពេលវេលា៕

Loading...