ព័ត៌មានសិល្បៈ និងកម្សាន្ត

សូ ស្រណោះ ប្រគល់ប័ណ្ណសរសើរពីសិង្ហបុរី ឲ្យម្ចាស់ពានផ្នែកតន្ត្រី និងចម្រៀង

កាលពីល្ងាចថ្ងៃទី២៥ កុម្ភ: គ្រូភ្លេង និងចម្រៀងក្លាស៊ិកដ៏ល្បីឈ្មោះលោកសូ ស្រណោះ បានធ្វើពិធីជួបជុំម្ចាស់ពានមាស ពានប្រាក់ និងពានប្រាក់ ពីការប្រលងចម្រៀង និងតន្រ្តីនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ កុម្ភ:កន្លងទៅ ដោយមានទាំងពិធីប្រគល់ជូននូវប័ណ្ណសរសើរពីសំណាក់តំណាងអ្នករៀបចំកម្មវិធីអន្តរជាតិដែលបានធ្វើដំណើរមកពីប្រទេសសិង្ហបុរីច្រើននាក់ផង។ ពិធីនេះ គឺដោយសារតែកូនសិស្សរបស់លោកទាំងអស់ដែលបានទទួលបានពានមាស ពានប្រាក់ និងពានសំរិទ្ធិ កាលពីប្រលងនៅខេត្តសៀមរាប គឺមិនទាន់បានទទួលប័ណ្ណសរសើរនៅឡើយ។

លោកសូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី នៅម្ដុំទូរទស្សន៍អប្សរា បានអះអាងថានៅក្នុងព្រឹត្តិការណ៍តន្ត្រី និងចម្រៀងអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី៨ និងទី៩ កុម្ភ: កន្លងទៅ លោកបានបញ្ជូនកូនសិស្សពីសាលារបស់ខ្លួនចំនួន៣៧រូបឲ្យទៅប្រកួតទាំងចម្រៀង និងតន្រ្តី ដោយជាលទ្ធផលគឺទទួលបានពានមាសចំនួន២៣ ពានប្រាក់១៣ និងពានសំរិទ្ធ១។ លោកថាការប្រកួតដែលបានធ្វើឡើងនោះ មានការចូលរួមពីបេក្ខជនបេក្ខនារីជាក្មេងៗប្រមាណជាង២០០មកពីជាង១០ប្រទេស ដោយលោកបញ្ជាក់ថាការប្រកួតដែលបានធ្វើឡើងនោះ ដ្បិតថាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែគណកម្មការ និងអ្នកផ្ដល់ពិន្ទុ គឺមិនមែនជាជនជាតិកម្ពុជានោះទេ ទើបលោកបដិសេធទាំងស្រុងចំពោះថាកូនសិស្សរបស់លោកទទួលបានពានមាស និងប្រាក់ច្រើនលើកនេះ ដោយសារតែកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកថាការប្រកួតនៅក្នុងពេលនោះ គឺគណកម្មការបរទេសជាអ្នកគ្រប់គ្រងទាំងស្រុង ហើយលោកក៏មានការភ្ញាក់ផ្អើលផងដែរ ដែលកូនសិស្សរបស់លោករហូតដល់ជាង២០រូប ទទួលបានពានមាស ដែលលោកបានចាត់ទុកថានេះជាសមត្ថភាពខ្ពស់មួយដែលកូនខ្មែរកាន់តែមានក្នុងចំណោមក្មេងៗជាអ្នកជំនាញផ្នែកតន្ត្រី និងចម្រៀងមកពីប្រទេសរីកចម្រើន។ លោកថាពិធីប្រគល់ប័ណ្ណសរសើរដែលបានធ្វើឡើងកាលពីថ្ងៃ២៥ កុម្ភ: ក៏ជាការជួបរវាងអ្នកប្រលង និងអាណាព្យាបាលក្មេងៗផងដែរ ទើបលោកសម្រេចរៀបចំធំដោយមានទាំងអាហារសំរ៉នទទួលផង។

លោកសូ ស្រណោះ បានប្រកាសថាខ្លួនមានគម្រោងបញ្ជូនកូនសិស្សរបស់ខ្លួនទៅប្រកួតក្នុងព្រឹត្តិការណ៍តន្ត្រី និងចម្រៀងធំមួយទៀតនៅក្នុងប្រទេសប្រ៊ុយណេ នៅខែ៨ខាងមុខ ប៉ុន្តែនៅមិនទាន់ច្បាស់ថានឹងមានកូនសិស្សផ្នែកចម្រៀង និងតន្ត្រីប៉ុន្មានរូបត្រូវបានបញ្ជូនទៅនោះទេ ដោយសារតែលោកប្រកាសថានៅត្រូវការប្រកួតជម្រុះក្នុងសាលាមួយតង់ទៀតនោះ។ លោកថាក្មេងៗកម្ពុជាកាន់តែមានសមត្ថភាពខ្លាំង ជាពិសេសបន្ទាប់ពីបានបញ្ជូនឲ្យចេញប្រកួត ហើយទទួលបានពានមាសកើនឡើងជាលំដាប់៕

មតិយោបល់