ព័ត៌មានសិល្បៈ និងកម្សាន្ត

Top 5 ក្នុងកម្មវិធីមួយតាំងពីឆ្នាំ២០១៣ លោក រ៉ាវុធ ទើបឈានឡើង នៅកន្លះឆ្នាំចុងក្រោយ

តាំងពីជាប់ជម្រើស៥នាក់ចុងក្រោយក្នុងកម្មវិធី Khmer Super Model កាលពីឆ្នាំ២០១៣ អតីតបេក្ខជនលោករ៉ាវុធ ទើបតែត្រូវបានគេកត់សម្គាល់ថាជោគជ័យការសម្ដែងក្នុងរង្វង់កន្លះឆ្នាំចុងក្រោយប៉ុណ្ណោះ ថ្វីដ្បិតថាលោកនៅមិនទាន់មានឱកាសបានសម្ដែងជាតួឯកក្នុងរឿងនៅឡើយក្ដី។ នៅក្នុងភាពយន្តធំៗ លោកក្ដោបក្ដាប់បានតំណែងតួរងលេចធ្លោរផ្ទួនៗ ជាពិសេសក្នុងរឿងភាគទូរទស្សន៍ ដោយកន្លះឆ្នាំចុងក្រោយ គឺជាឆ្នាំឡើងកូដរបស់តារារូបនេះមិនគួរឲ្យជឿនោះផង។

លោក រ៉ាវុធ បានអះអាងថា ក្រោយមិនបានទទួលជ័យលាភីក្នុងកម្មវិធី Khmer Super Model កាលពីឆ្នាំ២០១៣ លោកបានងាកមកតស៊ូក្នុងអាជីពសម្ដែងតែម្ដង ដោយការហក់ចូលការសម្ដែងនៅក្នុងដំណាក់កាលដំបូងៗនោះ គឺមិនសូវមានឱកាសបានសម្ដែងជាតួអង្គធំៗភ្លាមៗនោះទេ ខណ:ការសម្ដែងរបស់លោកក៏មិនបានទទួលបណ្ដាក់គ្នានៅក្នុងភាពយន្តផង។
យ៉ាងណាមិញ លោកបានស្ទុះឡើងទីផ្សារក្នុងរង្វង់ឆ្នាំ២០១៥ ដោយទីផ្សារនេះកាន់តែរកពេលទទួលសម្ដែងមិនបានតែម្ដង ក្នុងអំឡុងពាក់កណ្ដាលឆ្នាំចុងក្រោយ។ ភាពយន្តដែលលោកបានសម្ដែងក្នុងរយ:ពេលកន្លងមកនេះរួមមាន ភាពយន្តភាគប៉ុស្ដិ៍លេខ៥រឿង«ឈាមស្នេហ៍ក្បត់បេះដូង» ដែលទើបបញ្ចាំងចប់ក្ដៅៗ រឿងភាគ«ឃុនឆាង ឃុនផែន»របស់ប៉ុស្ដិ៍លេខ៥ដែលត្រៀមដាក់បញ្ចាំងក្នុងពេលដ៏ខ្លី រឿង«ម្ចាស់ចម្ការ» របស់CTN រឿង«សម្បត្តិបុរស»របស់ទូរទស្សន៍ថោន និងរឿង«ទឹកភ្នែកនាងដាវ៉ាន់» ដែលត្រៀមចាក់ផ្សាយជាដើម។ ភាពយន្តទាំងនោះលោកអះអាងថា សុទ្ធតែបានតំណែងតួរងយ៉ាងសំខាន់ទាំងអស់ ទើបលោករំពឹងថានៅពេលភាពយន្តដែលលោកបានសម្ដែងសម្រុកគ្នាដាក់ផ្សាយ គឺពិតជាធ្វើឲ្យទីផ្សារដែលបានឈានឡើងកាន់តែមានសន្ទុះខ្លាំង។ លោកមិនរំពឹងពីការបានតំណែងតួឯកនោះទេ ដោយលោកបានចាត់ទុកថាត្រឹមជាតួរងក្នុងរឿងក៏ដោយ ឲ្យតែលោកប្រឹងសម្ដែងបានល្អ គឺពិតជាមិនខ្វះការងារ និងមិនពិបាកល្បីឈ្មោះមិនខុសគ្នា។ ក្នុងនោះសកម្មភាពដើរម៉ូដនៅលើវេទិកាតូចធំ និងក្នុងកម្មវិធីផ្សេងៗក៏ជួយឲ្យលោកកន្ត្រាក់បានទីផ្សារជាងមុនផងដែរ បើធៀបនឹងរយ:ពេលដែលលោកទើបជាប់ជម្រើស៥នាក់ ក្នុងកម្មវិធីដើរម៉ូដកាលពីឆ្នាំ២០១៣។

លោករ៉ាវុធ ប្រកាសក្ដោបក្ដាប់ការសម្ដែងឲ្យបានកាន់តែច្រើន ដោយលោកប្រកាន់ជំហរទទួលសម្ដែងដោយមិនប្រកាន់ខ្លួន ដោយមិនគិតថាទាល់តែឲ្យលោកបានសម្ដែងជាតួធំក្នុងរឿងទើបទទួលយកការសម្ដែងនោះផង។

លោកកាលពីមុនលោកមានក្ដីស្រម៉ៃចង់សម្ដែងតែជាតួសំខាន់ក្នុងរឿងប៉ុណ្ណោះ ប៉ុន្តែក្រោយការប្រឡូកហើយបានទទួលជោគជ័យ លោកយល់ថាការសម្ដែងក្នុងរឿងគឺទោះជាតំណែងតួអ្វីក៏លេចធ្លោរមិនខុសគ្នា សំខាន់កុំឲ្យតួអង្គដែលលោកត្រូវសម្ដែងជាតួចេញតែពីរបីឈុតបាត់មុខ ហើយសម្ដែងមិនដល់តាមការចង់បានរបស់ផលិតករ។

លោកថាខ្លួនអាចសម្ដែងបានគ្រប់ទម្រង់ទាំងបុរាណ សម័យ និងជាពិសេសទាំងតួកាច និងតួស្លូតផង ទើបការងារសម្ដែងរបស់លោកសំបូរមិនសូវទំនេរនៅផ្ទះ ៕

មតិយោបល់