Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ប៉ែន សារ៉ាវ ប...

ប៉ែន សារ៉ាវ បង្ហាញភាពទន់ជ្រាយ ក្នុងថ្ងៃមង្គលការ

ក្នុងពិធីរៀបមង្គលការរបស់តារាសម្ដែង និងជាតារាចម្រៀង លោក ប៉ែន សារ៉ាវ កាលពីយប់ថ្ងៃទី២៥ កុម្ភ: គេកត់សម្គាល់ថាតារាដែលសម្រេចចិត្តបញ្ចប់ជីវិតនៅលីវរូបនេះក្ដុកក្ដួលដល់ថ្នាក់ចង់យំនៅចំពោះមុខអ្នកកាសែត និងភ្ញៀវកិត្តិយសតែម្ដង។
នេះជាភាពទន់ជ្រាយដែលបានស្ដែងឡើង ក្នុងពេលដែលកូនកំលោះភាគច្រើន ច្រើនតែបង្ហាញនូវស្នាមញញឹម និងភាពត្រេកអរដោយមិនខ្វល់ពីរឿងខាត ឬចំណេញ និងមិនខ្វល់រឿងក្ដុកក្ដួល ឬទឹកភ្នែកទឹកសំបោរនៅក្នុងពិធីសប្បាយៗនោះ។

ហេតុផលដែលលោក ប៉ែន សារ៉ាវ ផ្ទុះឡើងនូវភាពទន់ជ្រាយដោយស្ទើរនឹងបង្ហូរទឹកភ្នែកនៅក្នុងពិធីនោះ គឺដោយសារតែលោកមិននឹកស្មានថាតារាសិល្ប: និងភ្ញៀវកិត្តិយសស្រឡាញ់រាប់អានដល់ម្លឹង ដល់ថ្នាក់លោកគ្រោងតែរង្វង់៣០តុ បែរជាមកចូលរួមដល់៥០តុ ដល់ថ្នាក់ធ្វើឲ្យលោក និងក្រុមគ្រួសារទទួលលែងឈ្នះ។ អ្វីដែលគេកត់សម្គាល់ គឺហាងដែលលោកបានជួលដើម្បីរៀបចំមង្គលការនោះ បានទាំងសម្រេចចិត្តមិនទទួលភ្ញៀវពីខាងក្រៅត្រង់បរិវេណដែលលោកមិនបានកក់ ដើម្បីទុកឲ្យលោកបានប្រើជាកន្លែងទទួលភ្ញៀវ ព្រោះតែមកលើសកំណត់នោះផង។ តារាសិល្ប: ដែលភាគច្រើនគឺជាតារាល្បី ត្រូវគេឃើញបង្ហាញវត្តមានមិនគួរឲ្យជឿ ដោយតារាសិល្ប:មួយចំនួនដ្បិតថាមិនអាចនៅកំដរបរិយាកាសនៅក្នុងវិធីរបស់លោកបាន តែក៏បានលេចមុខមកចងដៃលោក ធ្វើឲ្យលោកស្ទើរមិនបាត់ភ្ញៀវកិត្តិយសណាម្នាក់ផងដែរ។

លោកកាន់តែបង្ហាញអារម្មណ៍ក្ដុកក្ដូលដល់ថ្នាក់ចង់យំថែមទៀតនៅពេលដែលភ្ញៀវសម្រុកមកច្រើន ហើយមានការយោគយល់ ដោយសុខចិត្តរង់ចាំតុទំនេរអាចចូលអង្គុយបាន ដែលលោកបានចាត់ទុកថាបើភ្ញៀវទាំងនោះមិនរាប់អានលោក គឺប្រាកដជាចេញទៅក្រៅដោយមិននៅត្រាំត្រែងធ្វើឲ្យពិធីរបស់លោកអ៊ូអរអឹកអធឹកដល់ម្លឹងនោះទេ។ លោក ប៉ែន សារ៉ាវ បានថ្លែងនៅចំពោះមុខអ្នកកាសែតដោយអារម្មណ៍ក្ដុកក្ដួលថា លោកពិតជាមានទឹកចិត្តរំភើបដល់ថ្នាក់ចង់ទប់ទឹកភ្នែកមិនបាន បន្ទាប់ពីមុនទទួលភ្ញៀវលោកចេះតែគិតថានឹងមិនមានភ្ញៀវដែលលោក និងភរិយាបានអញ្ចើញមកចូលរួមកុះករ ដោយសារតែថ្ងៃអាទិត្យដែលលោកកំណត់ថ្ងៃ ភាគច្រើនគឺតារាសិល្ប: និងភ្ញៀវកិត្តិយស រវល់ច្រើន។ លោកថាខ្លួនកាន់តែមានអារម្មណ៍ក្ដុកក្ដួល នៅពេលបណ្ដាភ្ញៀវច្រើនឡើងមកចូលរួមក្នុងមង្គលការរបស់លោក កើនឡើងរហូតដល់ប្រមាណជាង៥០០នាក់នៅក្នុងពិធី។

លោក ប៉ែន សារ៉ាវ បានអះអាងថា ភរិយារបស់លោកជាជាងអ៊ុតសក់ នៅម្ដុំចោមចៅ ដោយមុនសម្រេចចិត្តរៀបការ លោក និងភរិយាស្រឡាញ់គ្នាជាងមួយឆ្នាំមកហើយ។ លោកថាភរិយារបស់លោកមិនហាមឲ្យលោកបន្តប្រឡូកសិល្ប:នោះទេ ប៉ុន្តែបើលោកសម្រេចចិត្តឈប់ឲ្យដាច់ ហើយប្រឡូកការងាររកស៊ី ក៏ភរិយារបស់លោកសប្បាយចិត្ត ហើយបើចង់បន្តសិល្ប: ក៏ភរិយារបស់លោកមិនជំទាស់។ យ៉ាងណាមិញ លោកថានឹងបន្តប្រឡូកសិល្ប:មួយរយ: ជាពិសេសការសម្ដែង និងចម្រៀង ដែលលោកបញ្ជាក់ថានៅស្ដាយមិនទាន់ចង់បោះបង់ ព្រោះតែមានជំហានឈានឡើង៕

Loading...