ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្ពុជាបើកការប្រកួតជ្រើសរើសស្រីស្អាត ទៅប្រជែងតំណែងនៅកូរ៉េ

កាលពីយប់ថ្ងៃទី២៦ កុម្ភ: ក្លិប កម្សាន្ត Sound Club បានបើកការប្រកួតជ្រើសរើសស្រីស្អាត យ៉ាងអធឹកអធម ក្រោមការរៀបចំរបស់ លោក សែម បូរ៉ា អគ្គនាយក TNM ដោយមានស្រីស្អាតដែលជម្រើសបានរហូតដល់៤៥រូបបង្ហាញខ្លួន។ យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍ នៅមិនទាន់មានការជម្រុះនៅឡើយទេ ដោយការប្រកួតជម្រុះ នឹងត្រូវធ្វើឡើងច្រើនដំណាក់កាលទៀតក្នុងពេលបន្ទាប់។

លោក សែម បូរ៉ា អ្នករៀបចំកម្មវិធី បានអះអាង វេទិការដែលធ្វើការប្រកួតប្រជែងនេះ គឺដើម្បីជ្រើសរើសស្រីស្អាតតំណាងកម្ពុជាចំនួន១៥រូប ឲ្យចេញទៅប្រកួតក្នុងប្រទេសកូរ៉េខាងត្បូង នាអំឡុងខែ៤ខាងមុខ។ លោកថាព្រឹត្តិការណ៍នេះមានឈ្មោះថា Queen of the Spa ដោយនៅប្រទេសកូរ៉េជាការរៀបចំជាលើកទី៣ ហើយសម្រាប់កម្ពុជា ទើបតែបាបនចូលរួមជាលើកទី១ប៉ុណ្ណោះ។ លោកថាព្រឹត្តិការណ៍ មានការចូលរួមដោយបេក្ខនារីមកពី៨ប្រទេស ដោយសម្រាប់កម្ពុជា ភាគីខាងគណកម្មការផ្ដល់សិទ្ធិឲ្យចូលរួមរហូតដល់១៥នាក់តែម្ដង។ អ៊ីចឹងហើយ ទើបលោកតំណាងឲ្យប្រទេសកម្ពុជា ធ្វើការជ្រើសរើសបេក្ខនារី ដើម្បីរកឲ្យឃើញអ្នកមានសមត្ថភាព១៥នាក់ ឲ្យចេញទៅប្រកួត។ លោកថាកម្ពុជា នឹងមានឱកាសឈ្នះពានក្នុងចំណោមពានដែលត្រូវផ្ដល់ឲ្យ ដោយសារតែបេក្ខនារីដែលលោកធ្វើការជ្រើសរើស សុទ្ធតែត្រូវលក្ខណ្ឌនឹងអ្វីកូរ៉េចង់បាន។

នៅក្នុងពិធីបង្ហាញសមាសភាពបេក្ខនារីទាំង៤៥រូបនោះ ក៏មានវត្តមានកញ្ញា ធី សុវណ្ណថា ចូលប្រកួតផងដែរ ខណ:ដែលបេក្ខនារីចំនួន៤៤រូបទៀត សុទ្ធតែមានរូបសម្រស់ និងភាពក្លាហានមិនធម្មតា នៅលើវេទិកា។ ព្រឹត្តិការណ៍នេះ ក៏មានវត្តមានអ្នកមុខអ្នកការធ្វើជាភ្ញៀវកិត្តិយសផងដែរ៕

មតិយោបល់