ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ែម សំអូន ទទួលសិទ្ធិធ្វើសកម្មភាពសប្បុរសធម៌ ក្រោយកុងត្រាផ្ដាច់មុខ២ឆ្នាំ

ក្នុងពិធីបង្ហាញខ្លួនជាថ្មីក្នុងនាមជាអ្នកតំណាងផលិតផល«គ្រូនសាន្ត» ផ្ដាច់មុខនៅផ្សារទំនើបអ៉ីអន កាលពីល្ងាចថ្ងៃទី២៦ កុម្ភ: លោកយ៉ែម សំអូន បានអះអាងថាក្រៅពីបានកុងត្រាថតស្ពតចំនួន៨ស្ពត ឲ្យក្រុមហ៊ុនភេសជ្ជ:លំដាប់ថ្នាក់របស់ប្រទេសកូរ៉េមួយនេះ លោកក៏ត្រូវបានក្រុមហ៊ុនរៀបចំឲ្យធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនក្នុងរយ:ពេល២ឆ្នាំក្នុងនាមជាអ្នកតំណាងរបស់ក្រុមហ៊ុនផងដែរ។

ជាក់ស្ដែងនៅអំឡុងខែ៨ខាងមុខក្រុមហ៊ុននឹងរៀបចំព្រឹត្តិការណ៍ដាំដើមឈើធំមួយនៅខេត្តមណ្ឌលគីរី ដោយលោកគឺជាអ្នកតំណាងផលិតផលនៅកម្ពុជា និងតារាល្បីឈ្មោះម្ចាស់បទកាំណាំស្ទាយ នឹងទៅដាំដើមឈើនៅទីនោះ។

លោកយ៉ែម សំអូន និយាយថាលោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលក្នុងមួយជីវិតជាអ្នកសិល្ប:របស់លោក ស្រាប់តែបានក្រុមហ៊ុនភេសជ្ជ:ល្បីឈ្មោះរបស់ប្រទេសកូរ៉េជ្រើសឲ្យធ្វើជាតំណាងផ្ដាច់មុខ ក្នុងពេលដែលលោកក៏បានបង្ហើបថាក្នុងកិច្ចកុងត្រានេះ គឺលោកទទួលបានតម្លៃខ្លួនផ្ដាច់ ហើយថែមទាំំងទទួលបានតម្លៃក្នុងពេលចុះថតស្ពត ថតរូបសន្លឹក និងពេលចុះធ្វើសកម្មភាពសប្បុរសធម៌ទៅទៀត។

លោកថាជារឿងកម្រណាស់ ដែលក្រុមហ៊ុនល្បីល្បាញមួយនេះបានជ្រើសរើសលោក ក្នុងពេលដែលមុននឹងធ្វើពិធីបង្ហាញរូបលោកជាតំណាងផ្ដាច់មុខ លោកក៏ត្រូវបានក្រុមហ៊ុនយកទៅថតស្ពត និងថតរូបហ្វិកដល់ប្រទេសកូរ៉េខាងត្បូង។ អ្វីដែលលោកសប្បាយចិត្តបំផុត គឺនៅពេលដឹងថាក្រុមហ៊ុនគ្រូនសាន្ត ក្រៅពីផ្ដោតលើការផ្សព្វផ្សាយដើម្បីវាយលុកទីផ្សារ ក៏មានកញ្ចប់ជួយដល់សង្គមតាមរយ:សកម្មភាពសប្បុរសធម៌ជាច្រើន ដែលសកម្មភាពទាំងនោះនឹងត្រូវកើតឡើងក្នុងពេលបន្តបន្ទាប់។ យ៉ាងណាមិញ លោកថាមិនទាន់ដឹងថាក្នុងរយ:ពេល២ឆ្នាំដែលបានកុងត្រា តើក្រុមហ៊ុនគ្រូនសាន្ត នឹងរំលេចសកម្មភាពសប្បុរសធម៌ប៉ុន្មានលើកនោះទេ ដោយគ្រាន់តែក្នុងកុងត្រា គឺក្រុមហ៊ុនមួយនេះ នឹងបង្កើតសកម្មភាពច្រើនលើកិច្ចការសង្គម និងមនុស្សធម៌។
លោកថាក្រុមហ៊ុនផ្ដល់សិទ្ធិឲ្យលោកដាក់សំណើរសម្រាប់សកម្មភាពសប្បុរសធម៌ដែលនឹងចង់ធ្វើ ដោយសកម្មភាពទាំំងនោះនឹងមិនត្រូវបានកំណត់នោះទេ សំខាន់ឲ្យតែលោកមានពេល និងកត់សម្គាល់ថាមានខាងសហគមន៍ណាមួយ ដែលត្រូវចុះជួយ។

នៅក្នុងពិធីបើកបង្ហាញមុខមាត់របស់លោក យ៉ែម សំអូន ជាអ្នកតំណាងផ្ដាច់មុខរបស់ភេសជ្ជ:គ្រូនសាន្ត រយ:ពេល២ឆ្នាំនោះ ក៏មានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតារាសិល្ប:យ៉ាងច្រើនកុះករផងដែរ ជាពិសេសគឺការបង្ហាញម៉ូដ និងការបកស្រាយចម្រៀងរបស់ក្រុមចម្រៀងរបស់ កញ្ញា ព្រះកាយច័ន្ទ ដែលសុទ្ធតែធ្វើឲ្យអ្នកចូលរួមភាគច្រើនមានការចាប់អារម្មណ៍។ លោកយ៉ែម សំអូន បញ្ជាក់ថា ក្នុងពេលបន្តបន្ទាប់ ផលិតផលគ្រូនសាន្តដ៏ល្បីរបស់កូរ៉េ នឹងចំណាយកញ្ចប់កាន់តែច្រើនលើការងារសប្បរសធម៌នៅកម្ពុជា តួយ៉ាងដូចជាការចុះដាំដើមឈើដ៏ធំនៅអំឡុងខែ៨នៅកម្ពុជានោះ៕

មតិយោបល់