ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៃ សុគន្ធ គាស់បទ«ស្នេហ៍ក្នុងសុបិន្ត»យ៉ាងចំណាស់ មកបង្អើលមហាជន

ប្រសិនបើមិនប្រាប់នោះជាបទកូពីតារាចម្រៀងជំនាន់ដើមទេ អ្នកស្ដាប់ជាយុវវ័យភាគច្រើនពិតជាស្មានថាបទ«ស្នេហ៍ក្នុងសុបិន្ត»ដែលលោក ម៉ៃ សុគន្ធ ទើបតែចេញបង្ហោះក្ដៅៗ គឺជាបទថ្មី។ លោកសារភាពថាបទនេះជាបទចំណាស់របស់តារាចម្រៀង នៅ សាលឿន នៅក្នុងអតីតតកាល ហើយដោយសារតែបទនេះមិនសូវមានអ្នកធ្លាប់ស្ដាប់ និងចង់រំលឹកស្នាដៃរបស់តារាចម្រៀងជើងចាស់នេះផង ទើបលោកសម្រេចចិត្តជ្រើសមកច្រៀងជាបទថ្មីរបស់ខ្លួន។

លោក ម៉ៃ សុគន្ធ និយាយថា ក្រោយពេលបានចេញបទ «ស្នេហ៍ក្នុងសុបិន្ត» ហើយមានអ្នកស្ដាប់ភាគច្រើនគាំទ្រ លោកនឹងមានគម្រោងគាស់កកាយបទចំណាស់ៗដែលមិនសូវមានអ្នកស្គាល់ជាច្រើនផ្សេងទៀត យកមកច្រៀងបង្កើតជាវ៉ុលថ្មីរបស់ខ្លួន ដើម្បីឲ្យបទទាំងនោះបានរស់ឡើងវិញផង។ លោកថាបើជ្រុលជាជាប់ឈ្មោះជាតារាកូពី រហូតមានការរិះគន់ទៅហើយ គឺលោកនឹងប្ដូរជំហរកូពីពីតារាចម្រៀងចាស់ៗរបស់កម្ពុជា ដើម្បីទី១អភិរក្សបទទាំងនោះឲ្យក្មេងៗស្គាល់ផង និងទី២ដើម្បីឲ្យលោកបានរួមចំណែកថែរក្សាស្រាវជ្រាវនូវបទដែលលោកចាត់ទុកថាមិនសូវមានអ្នកចូលចិត្តលើកមកច្រៀងទាំងនោះផង។
លោកថាបទ«ស្នេហ៍ក្នុងសុបិន្ត»គឺជាបទរបស់តារាចម្រៀង លី សាលឿន ហើយមិនមែនត្រឹមតែបទនោះទេ គឺសូម្បីតែឈ្មោះរបស់តារាចម្រៀងដែលជាម្ចាស់បទ ក៏មិនសូវមានអ្នកបានស្គាល់នោះដែរ ជាពិសេសសម្រាប់ក្រុមយុវវ័យ ទើបលោកយល់ថាការលើកយកបទដែលកប់បាត់ចោលទាំងនោះមកច្រៀង គឺជាការរួមចំណែកធំមួយ។ លោកថាយុវវ័យភាគច្រើន ទាល់តែតារាជាអាយដលរបស់ខ្លួនលើកយកបទចាស់ៗមួយចំនួនមកច្រៀង ទើបនាំគ្នាងាកទៅស្ដាប់បទនោះជាមួយនឹងទឹកដមសំឡេងរបស់ម្ចាស់ដើម ប៉ុន្តែបើគ្មានការបំផុសគឺមិនខុសពីធ្វើឲ្យបទទាំងមូលត្រូវកប់បាត់ឈឹងរកអ្នកស្គាល់មិនបាននោះទេ។

លោកម៉ៃ សុគន្ធ នឹងត្រៀមចេញថតMV បទនេះឲ្យមានសាច់រឿងទាក់ទាញ បន្ទាប់ពីលោកថតបញ្ចប់សាច់រឿងក្នុងបទ«អត់លុយអត់លិឍ» ដែលជាបទចម្លងតាមបទម៉ាឡេស៊ី ដែលទទួលបានការគាំទ្រផង និងរិះគន់ផងនោះ។
លោកគម្រោងប្រកាសជ្រើសរើសតួសម្ដែងឲ្យត្រូវនឹងបទ«ស្នេហ៍ក្នុងសុបិន្ត» តែលោកមិនទាន់បង្ហើបថាសាច់រឿងដែលចេញថតនឹងមានសាច់រឿងបែបណានៅឡើយទេ ដោយលោកគ្រាន់តែប្រកាសថានឹងធ្វើឲ្យបទចំណាស់មួយនេះ កាន់តែមានអ្នកចាប់អារម្មណ៍នៅពេលMV ត្រូវបានបង្ហោះជាសាធារណ:។

លោកអះអាងថាខ្លួននឹងធ្វើបទនិពន្ធថ្មី ប៉ុន្តែបើឲ្យបញ្ចប់កូពីគឺមិនអាចនោះទេ ដោយគ្រាន់តែលោកនឹងងាកទៅកូពីបទចម្រៀងចម្រៀងចាស់របស់តារាចម្រៀងជំនាន់ដើម ដើម្បីដូចជាជួយឲ្យបទដែលមិនសូវមានអ្នកស្គាល់មានការចាប់អារម្មណ៍ ឬមានជីវិតរស់ឡើងវិញ៕ ចង់ដឹងថាបទរបស់លោក និងបទរបស់ម្ចាស់ដើម មួយណាពីរោះជាង តោះស្ដាប់កម្សាន្ត

មតិយោបល់