Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត នាងលាភ បើកដៃឲ...

នាងលាភ បើកដៃឲ្យនាយក្រឹម ទៅជុំប្រពន្ធដើម

ក្នុងកិច្ចសម្ភាសន៍មួយខ្លីជាមួយផុសកម្សាន្ត ក្នុងពិធីមង្គលការរបស់នាយចយ អ្នកនាង គង់ ស៊ីណា ហៅនាងលាភ ដែលត្រូវបាននាយក្រឹមសារភាពយ៉ាងពេញៗមាត់ថាពិតជាបានរួមរស់ជាមួយមិនខុសពីភរិយាចុងម្នាក់ បានអះអាងថាអ្នកនាងមិនដែលហាមប្រាមនាយក្រឹមឲ្យលែងលះភរិយាដើមនោះទេ។

ផ្ទុយទៅវិញនាងបានទាំងបើកដៃឲ្យលោកទៅរួមរស់ជាមួយភរិយាដើមដោយគ្មានលក្ខខណ្ឌនោះផង ដោយសារតែនាងយល់ថាខ្លួនបានធ្វើខុសហើយបានធ្វើឲ្យទំនាក់ទំនងរវាងនាយក្រឹម និងភរិយាដើមឈានដល់ការបែកខ្ញែក។

នាងលាភ និយាយថាឲ្យតែនាយក្រឹមសុខចិត្តទៅរួមរស់ជាមួយភរិយា គឺនាងអត់ខឹងនោះទេ ដោយខុសចិត្តគ្រប់គ្រង និងមើលថែកូនភ្លោះតែឯង បើទោះមិនមាននាយក្រឹមជាស្វាមីនោះក៏ដោយ។ នាងបានសារភាពទំនាក់ទំនងរវាងខ្លួន និងនាយក្រឹម ពិតជាមិនខុសពីស្វាមីភរិយាពេញសិទ្ធិ ដោយសារតែលោកក្រៅពីផ្ដល់ប្រាក់កម្រៃឲ្យជាប្រចាំក្នុងនាមជាស្វាមី លោកក៏បានចេញចូលៗនៅផ្ទះជាមួយនាងខុសពីលិបលកាលពីមុន និងបានទាំងបំពេញតួនាទីជាស្វាមីដ៏ល្អមើលថែកូនតូចរបស់អ្នកនាងផង។ នាងលាភបានសម្ដែងនូវការបារម្ភពីការធ្លាក់ចុះប្រជាប្រិយភាពដូចគ្នា ប៉ុន្តែនាងថាបើអង្ករក្លាយជាបាយហើយ គឺមានតែការប្រឈមមុខ និងសុខចិត្តស្វែងរកដំណោះស្រាយប៉ុណ្ណោះ។

អ៉ីចឹងហើយទើបនាងប្រកាសថាសុខចិត្តប្រគល់នាយក្រឹមឲ្យទៅភរិយាដើម ប៉ុន្តែបណ្ដាលមកពីនាយក្រឹមមិនទៅខ្លួនឯង ទើបនាងយល់ថាស្ថានភាពមួយនេះមិនអាចបន្ទោររូបនាងទាំងស្រុងបានទេ។

នាងថាតាំងពីបានចូលខ្លួនធ្វើឲ្យទំនាក់ទំនងប្ដីប្រពន្ធនាយក្រឹមរង្គោះរង្គើ នាងបានតាំងចិត្តរួចហើយថាបើនាយក្រឹមបោះបង់នាងចោល ហើយទៅរួមរស់ជាមួយនឹងភរិយាដើមឲ្យស៊ប់ជាថ្មី ក៏នាងពេញចិត្តនោះដែរ សំខាន់គឺឲ្យតែនាយក្រឹមពេញចិត្តនឹងធ្វើ ហើយធ្វើចំពោះភរិយាដើម ដោយមិនមែនបោះបង់នាងទៅរកនារីម្នាក់ផ្សេង។

នាងលាភ ប្រកាសថាសព្វថ្ងៃនាងមិនបានពឹងផ្អែកលើប្រាក់គ្រប់គ្រងរបស់នាយក្រឹមទាំងស្រុងទេ ដោយសារតែនាងក៏ប្រឹងទទួលសម្ដែងដូចគ្នាផងដែរ ដោយសុខចិត្តរកមេដោះឲ្យមើលថែកូនភ្លោះ ហើយចាប់ដៃជាមួយនាយក្រឹមរកលុយរៀងខ្លួន។
ប៉ុន្តែអាចថានាយក្រឹមកាន់តែបំពេញតួនាទីជាឪពុករបស់កូននាងមិនដូចមុន ទើបក្នុងរយ:ពេលចុងក្រោយនាយក្រឹមក៏ផ្ដល់ប្រាក់កម្រៃឲ្យនាងក្នុងនាមជាភរិយាម្នាក់ផងដែរ បើទោះជានាងបានសារភាពថាមិនដឹងថានាយក្រឹមបន្តផ្គត់ផ្គង់ភរិយាដើម និងកូនៗដើម ឬយ៉ាងណានោះទេ ដោយសារតែនាងមិនបានដឹងពីចំណូលពិតប្រាកដរបស់នាយក្រឹម ហើយនាងក៏មិនអាចជជីកសួរពីរឿងនេះបាន។ យ៉ាងណាមិញ នាងថាខ្លួនមិនដែលចាត់ទុកថានាយក្រឹមជាស្វាមីពេញសិទ្ធិនោះទេ ដោយនាងនៅតែចាត់ទុកថានាយក្រឹមគឺជាស្វាមីរបស់ស្ត្រីម្នាក់ ដែលធ្លាប់ផ្ដល់ឱកាសឲ្យនាយក្រឹមជ្រើសនាងមកកំប្លែងជាមួយប៉ុណ្ណោះ ទើបនាងត្រៀមចិត្តគ្រប់ពេលថាបើនាយក្រឹមអស់ចិត្ត ហើយចង់ទៅរកភរិយាដើមវិញ គឺនាងសប្បាយ។

ឆ្លើយតបនឹងការបកស្រាយនេះ នាយក្រឹមប្រកាសថាភរិយាដើមក៏លោកមិនចោល ហើយនាងលាភដែលមានកូនភ្លោះជាមួយលោកក៏មិនចោល ហើយលោកនឹងបែងចែកនូវការគ្រប់គ្រងឲ្យបានល្អមួយដើម្បីផ្គត់ផ្គង់គ្រួសារទាំងពីរ ដោយមិនបោះបង់ភាគីខាងណាមួយឡើយ៕

Loading...