Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ឈួន ពន្លឺ និង...

ឈួន ពន្លឺ និង នាង វ៉ាងសាន់ និយាយពីទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា ក្នុងថ្ងៃបើកហាងរួមគ្នា

កាលពីថ្ងៃទី៩ មីនា តារាសម្ដែងដែលត្រូវគេស្គាល់ថាម្ចាស់ពានតារាសម្ដែងឆ្នើមប្រចាំទូរទស្សន៍អប្សរា លោក ឈួន ពន្លឺ និងលោកនាង វ៉ាងសាន់ បានប្រារព្ធពិធីបើកសម្ពោធភោជនីយដ្ឋានរួមគ្នាយ៉ាងគគ្រឹកគគ្រេងនៅជិតស្ដុបទន្លេបាសាក់ និងជិតវត្តទួលទំពូង ដោយក្នុងពិធីនោះក៏ភ្ជាប់ពិធីខួបកំណើតរបស់លោកឈួន ពន្លឺផងដែរ។ អមដោយពិធីមង្គលដល់ទៅ២ក្នុងពេលតែមួយនេះ អ្នកទាំងពីរក៏បានទម្លាយឲ្យដឹងពីទំនាក់ទំនងស្នេហាភេទដូចគ្នា ដែលបានផ្ទុះឡើងកក្រើកនៅលើសង្គមហ្វេសប៊ុកនោះផងដែរ។

លោកឈួន ពន្លឺ និយាយថា រវាងលោក និង នាង វ៉ាងសាន់ គឺជាមិត្តភក្តិនឹងគ្នាច្រើនឆ្នាំមកហើយ ដោយការរាប់អានក៏ស៊ីជម្រៅមិនខុសពីបងប្អូននោះទេ ទើបឈានដល់ការចាប់ដៃជាមួយគ្នាបើកភោជនីយដ្ឋានយីហោ «សាន់ឡាយ» នៅខាងក្រោយហាងលក់ទូរសព្ទជិតស្ដុបទន្លេបាសាក់ ដោយចំណាយដើមទុនអស់ជាង៣ម៉ឺនដុល្លារ ក្នុងភាគហ៊ុន៥០ភាគរយម្នាក់។
លោកថាបើទោះជាបរិបទនៅកម្ពុជាកាន់តែមានមនុស្សស្រឡាញ់មនុស្សច្រើនឡើងយ៉ាងក៏ដោយ ក៏ទំនាក់ទំនងរបស់អ្នកទាំងពីរមិនអាចឈានដល់ចំណុចមួយនោះបានដែរ ខណ:ដែលការអះអាងនេះលោកក៏មិនអាចបង្ខំឲ្យមនុស្សទូទៅជឿបាន តែលោកប្រាប់លោកដឹងខ្លួនឯងច្បាស់។ នេះជាអាជីវកម្មលើកដំបូងរបស់លោក និងលោកវ៉ាងសាន់ ហើយក៏ជាពិធីខួបកំណើតលើកដំបូងរបស់លោកផងដែរ ទើបលោកសម្រេចចិត្តជ្រើសថ្ងៃឡើងហាងឲ្យចំថ្ងៃខួបកំណើត ហើយមុនពិធីឡើងហាង និងធ្វើខួបគម្រប់២៩ឆ្នាំនេះ ក៏មានពិធីអបអរខួបកំណើត២ថ្ងៃជាប់គ្នាផងដែរ ដោយនៅថ្ងៃទី៧ មីនា ធ្វើឡើងប្រមាណ១០តុ និងថ្ងៃទី៨ មីនា ធ្វើជាលក្ខណ:ជប់លៀងប្រមាណជាង១០តុ។ លោកថាអាជីវកម្មនេះ លោកហ៊ានចុះទុន គឺដោយសារតែលោកនាង វ៉ាងសាន់ មានជំនាញខាងស្វាគមន៍ភ្ញៀង ហើយលោកមានជំនាញខាងគ្រប់គ្រង និងចេះធ្វើម្ហូបអាហារខ្លះដែរ។ លោកក៏ប្រកាសសិក្សាបន្ថែម នូវចំណេះដឹងលើអាជីវកម្មនេះ ដើម្បីឲ្យភោជនីយដ្ឋានរបស់ខ្លួនកាន់តែមានដំណើរការឈានឡើងផងដែរ ខណ:ដែលហាងរបស់លោកក៏មានលក់ម្ហូបអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលយប់២៤ម៉ោង ដែលលោកមានជំនឿថាពិតជាអាចរកចំណូលបានច្រើន បើទោះជាឈ្នួលផ្ទះនៅទីនោះមានតម្លៃខ្ពស់។

មិនខុសគ្នាដែរលោក នាង វ៉ាងសាន់ បានអះអាងថា លោកខ្វល់ពីការយល់ច្រឡំថាលោក និងដៃគូមុខជំនួញគឺលោក ឈួន ពន្លឺ មានស្នេហាដូចគ្នានោះទេ ដោយលោកយល់ថាការចោទប្រកាន់ដោយមិនពិតពីទំនាក់ទំនងពិតប្រាកដរបស់ពួកលោកនោះ គឺដោយសារតែការលាបពណ៌។ លោកថាក្នុងពេលភ្លាមលោកមានអារម្មណ៍ខ្មាស់គេ ប៉ុន្តែដល់ពេលយូរៗក៏មានគំនិតថាបើរវល់តែមានអារម្មណ៍បែបនោះ គឺពិតជាប៉ះពាល់ដល់មុខជំនួញរបស់លោក និងលោក ឈួន ពន្លឺ និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ធំ។ លោកថាខ្លួននៅតែទទួលការងារពិធីករដូចសព្វដង ប៉ុន្តែសម្រាប់ការសម្ដែងនឹងកាត់បន្ថយ ដើម្បីមានពេលមើលខុសត្រូវ ខណ:ដែលលោកឈួន ពន្លឺ ក៏ប្រកាសថានឹងទទួលការសម្ដែងជាធម្មតា ក្រោយចំណាយពេលធ្វើហាង ដេគ័រហាង និងបើកសម្ពោធជាផ្លូវការនេះ៕

Loading...