Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត អនិច្ចា! ស៊ុន...

អនិច្ចា! ស៊ុន ណារីម៉ូនីកា ត្រូវគេទុកឲ្យស្លាប់ទាំងស្រស់ ក្នុងអាជីព..

មកទល់ពេលនេះ តារាសម្ដែង និងជាតារាចម្រៀងល្បីឈ្មោះអ្នកនាង ស៊ុន ណារីម៉ូនីកា មិនមានទីផ្សារនោះទេ បើទោះជាអ្នកនាងនៅតែច្រៀងបាន និងកំប្លែងបានយ៉ាងរស់រវើក មិនមែនជាតារាធ្លាក់ខ្លួនសម្ដែងមិនកើត និងច្រៀងមិនកើតនោះផង។ អ្នកនាងត្រូវគេឃើញធ្លាក់ខ្លួនដល់ថ្នាក់លក់រថយន្ត និងផ្ទះមួយកន្លែងនៅម្ដុំសន្ធរម៉ុកព្រោះតែអត់មានចំណូលពីសិល្ប:ដូចមុន និងបន្ទាប់ពីកូនប្រុសច្បងមានជំងឺរ៉ាំរ៉ៃ។ អ្នកនាងត្រូវគេមើលរំលងទាំងស្រុង ដោយកុំថាតែកម្មវិធីធំៗរបស់ទូរទស្សន៍ គឺសូម្បីតែកម្មវិធីហ្គេមធម្មតាៗ ក៏មិនផ្ដល់ឱកាសឲ្យអ្នកនាងបង្ហាញមុខនោះដែរ។

អ្នកនាង ស៊ុន ណារីម៉ូនីកា បានសារភាពថារយ:ពេល២ឆ្នាំចុងក្រោយ ចាប់តាំងពីអ្នកនាងបានត្រឡប់ពីប្រទេសបារាំងវិញ អ្នកនាងទទួលបានការងារសិល្ប:តិចណាស់ ដោយសារតែបណ្ដាទូរទស្សន៍តូចធំមិនផ្ដល់ឱកាសឲ្យអ្នកនាងឡើងឆាក និងសូម្បីតែកម្មវិធីប្រគំតន្ត្រីខាងក្រៅទូរទស្សន៍ក៏ភ្លេចអ្នកនាងមិនដូចមុន។

អ្នកនាងថាខ្លួនបានស្វះស្វែងផលិតបទចម្រៀងផ្ទាល់ខ្លួនជាមួយផលិតកម្មមួយកាលពីឆ្នាំមុន បានប៉ុន្មានបទ ប៉ុន្តែលទ្ធផលចុងក្រោយគឺទោះជាមានបទថ្មី ក៏អ្នកនាងមិនត្រូវបានគេអញ្ជើញឡើងឆាក ដើម្បីឲ្យអ្នកនាងបានបង្ហាញមុខ និងមានទីផ្សារនៅខាងក្រៅនោះដដែល។ អ្នកនាងថាក្នុងរយ:ពេលបាត់បង់ការងារសិល្ប: អ្នកនាងប្រឹងប្រែងខ្លាំងណាស់ ដោយខំលក់បុកល្ហុងផង លក់ទឹកអប់ដែលមានអ្នកទម្លាក់ពីស្រុកបារាំងឲ្យផង និងលក់ទឹកឃ្មុំធម្មជាតិលើកពីអ្នកស្រុកផង លើអនឡាញ ប៉ុន្តែតម្រូវការក្នុងជីវភាពនៅតែមិនអាចទប់ជាប់ ដូចគ្នានឹងពេលដែលអ្នកនាងសម្បូរទីផ្សារសិល្ប:នោះទេ ទើបអ្នកនាងពិបាកកាន់តែខ្លាំងនៅពេលស្ថានភាពជីវភាពកាន់តែមានតម្រូវការ។ អ្នកនាងសារភាពថាធ្លាក់ខ្លួននៅក្នុងដំណាក់កាលនេះ គឺអ្នកនាងមិនចង់អំពាវនាវសុំលុយសុំកាក់ពីសំណាក់មហាជន និងពីសំណាក់តារាសិល្ប:នោះទេ ដោយអ្នកនាងគ្រាន់តែសុំឲ្យមានការផ្ដល់ឱកាសឲ្យអ្នកនាងមានការសិល្ប:ជាថ្មី និងជួយទិញទឹកអប់ ឬទិញទឹកឃ្មុំដែលអ្នកនាងប្រកាសលក់លើហ្វេសប៊ុក ដើម្បីឲ្យអ្នកនាងមានប្រាក់ចំណូល។

អ្នកនាងថាការងារលក់ដូរនៅលើអនឡាញនៅពេលដែលការងារសិល្ប:ស្រុតចុះ ក៏ពិបាកឲ្យអ្នកនាងទទួលបានការគាំទ្រនោះដែរ ទើបអ្នកនាងយល់ថាស្ថានភាពរបស់ខ្លួនកាន់តែពិបាកទៅៗ រហូតដល់ថ្នាក់សូម្បីតែ១០ដុល្លារទិញថ្នាំឲ្យកូនប្រុសនៅក្នុងថ្ងៃខ្លះក៏មិនមាន។

អ្នកនាងថាខ្លួនកាន់តែបាក់ទឹកចិត្ត ក្នុងពេលដែលអ្នកនាងនៅចង់ឡើងឆាក និងចង់ទទួលបានទីផ្សារលើឆាកតន្ត្រី តែមិនត្រូវបានគេឲ្យតម្លៃ។

អ្នកនាងស៊ុន ណារីម៉ូនីកា បញ្ជាក់ថាខ្លួនកាន់តែសង្វេគ ដោយសារតែពេលដែលអ្នកនាងទើបតែមកពីបារាំងភ្លាមៗ មានលុយមានកាក់ គឺមានតារាច្រើននាក់រាប់រក បូករួមទាំងក្រុមផលិតករផង ប៉ុន្តែដល់ពេលអ្នកនាងអស់លុយអស់កាក់ និងមិនមានការងារសិល្ប:ប្រមាណជា២ឆ្នាំចុងក្រោយ ក៏បាត់នូវការរាប់រកទាំងនោះស្ទើរអស់គ្មានសល់ ស្របគ្នាដែលលុយដែលនាងបានឲ្យអ្នករាប់អានខ្ចី ក៏គេមិនសង ហើយលែងនិយាយរកអ្នកនាង៕

Loading...