ព័ត៌មានសិល្បៈ និងកម្សាន្ត

សង្ក្រាននៅចោមចៅឆ្នាំនេះ ក៍ធំដែរ សុទ្ធតែតារាល្បីៗ មិនធម្មតា

មិនចាញ់គម្រោងសង្ក្រាននៅខេត្តបាត់ដំបង និងនៅវត្តភ្នំ ដែលបានប្រកាសធ្វើឲ្យធំ នៅថ្ងៃទី៣០-៣១ មីនា និងថ្ងៃទី១ មេសា ខាងមុខនេះ នៅបរិវេណវត្តជន្លង់ម្លូរ ក៏មានព្រឹត្តិការណ៍សង្ក្រានធំ មិនធ្លាប់មានផងដែរ ក្រោមការសហការពីស្ថាប័នចំនួន៣ ដោយមានការរំពឹងថា នឹងទាក់ទាញអ្នកចូលរួម ក្នុងតំបន់រោងចក្រ នៅចោមចៅឲ្យកកកុញមិនក្រោមម៉ឺននាក់នោះទេ ឲ្យមកកម្សាន្តមុនឱកាស ឈប់សម្រាកទៅស្រុក។

នេះជាព្រឹត្តិការណ៍ «ពោធិ៍សែនជ័យសង្ក្រាន» ដែលបានប្រកាសចាប់ដៃទាំងស្រុងពី៣ភាគី គឺសាលាខណ្ឌពោធិ៍សែនជ័យ សហភាពសហព័ន្ធយុវជនកម្ពុជា និងគ្រួសារតារាកម្ពុជា ដើម្បីញាំងព្រឹត្តិការណ៍ទាំងមូលឲ្យកក្រើកទាំង៣ថ្ងៃ ក្នុងបំណងលើកស្ទួយវប្បធម៌ និងសិល្ប:បុរាណខ្មែរ និងដើម្បីឲ្យពលរដ្ឋសប្បាយរីករាយ នៅតំបន់វត្តជន្លង់ម្លូរ ដែលប្រមូលផ្ដុំដោយតំបន់រោងចក្រ។

ព្រឹត្តិការណ៍ដែលធ្វើឡើង នៅចុងខែមីនានេះ ត្រូវបានប្រកាសថា រៀបចំឡើងចំនួន២ឆ្នាំមកហើយ តែសម្រាប់លើកនេះ នឹងអឹកអធឹកជាងមុន ដោយសារតែមានកម្មវិធីប្លែកៗ ពាក់ព័ន្ធនឹងការកម្សាន្ត ដើម្បីលើកកម្ពស់វប្បធម៌ជាតិ ក្នុងទម្រង់ច្រើនជាងមុន ក្នុងពេលដែលវត្តមានតារា ក៏ប្រកាសមកចូលរួមច្រើន រហូតដល់រាប់រយនាក់ ពេញរយ:ពេល៣ថ្ងៃ។

នេះជាព្រឹត្តិការណ៍សង្ក្រាន ដែលត្រូវគេមើលឃើញថា មិនអន់ជាងសង្ក្រាននៅវត្តភ្នំ និងសង្ក្រាននៅបាត់ដំបង ដែលបានប្រកាសធ្វើធំ សម្រាប់ឆ្នាំនេះនោះឡើយ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសថា នឹងរំលេចតែបទចម្រៀង ដែលមានលក្ខណ:ជាតិ និងជាចង្វាក់ប្រពៃណីប៉ុណ្ណោះ ដើម្បីបំផុសឲ្យមានការយកចិត្តទុកចិត្តទុកដាក់ឡើងវិញ ចំពោះបទចម្រៀងជាលក្ខណ:ជាតិ។ ពេញរយ:ពេល៣ថ្ងៃ ក្នុងព្រឹត្តិការណ៍នេះរួមមាន ការសម្ដែងសិល្ប:បុរាណប្លែកៗ ការតាំងពិព័រណ៌ស្នាដៃយុវជន ពាក់ព័ន្ធនឹងវប្បធម៌ជាតិ ការប្រណាំងរទេះ ការប្រដាល់ជាលក្ខណ:បង្ហាញឲ្យឃើញពីការរីកចម្រើន ក្នុងវិស័យកីឡាខ្មែរ និងការបង្អួតសិល្ប:បុរាណដូចជាក្រមាខ្មែរ មួកស្លឹកត្នោតខ្មែរ និងសម្ភារ:ជាច្រើនទៀត។

ដោយឡែនៅនៅពេលរាត្រី គឺការប្រគំតន្ត្រីក្រោមវត្តមានតារាល្បីៗយ៉ាងច្រើនកុះករ ដែលរូមមាន លោក ដួង សុខគា ពិធីករល្បីឈ្មោះប្រចាំCTN , តារាចម្រៀងហង្សមាស អ្នកនាងខាត់ សុឃីម, តារាចម្រៀងផលិតកម្មថោន កញ្ញាមាស សុខសោភា, តារាចម្រៀងថោនលោកខេម, តារាចម្រៀងហង្សមាស លោក ដួង វិរ:សិដ្ឋ, ក្រុមកំប្លែងយ៉េយ៉េ, តារាចម្រៀងហង្សមាស លោក យក់ ដួងតារា, លោកម៉ាដូណា, អ្នកនាងម៉ៅ ស៊ីណាត, អ្នកនាងស៊ុន ណារីម៉ូនីកា, កញ្ញាប៉ុបពី, ក្រុមកំប្លែងឌីជេឆ្លាម, ក្រុមបង្ហាញម៉ូដBN, តារាចាប៉ីដងវែងលោក សាន សុវណ្ណឌឿន, អ្នកនាងប៉េងប៉ោង, នាយតឹង, អ្នកនាងឈួន សុវណ្ណឆៃ, អ្នកនាងឆ័យលី ដាឡែន, តារាល្បីៗមកពីកម្មវិធី Cambodian Idol និងតារាចាស់ក្មេងជាច្រើនរូបទៀត ដែលសុទ្ធសឹងតែជាសិល្បករសិល្បការិនី ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្ប:។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថា ដើម្បីចូលរួមបំផុសវប្បធម៌ និងលើកកម្ពស់សិល្បខ្មែរ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន ដែលនឹងធ្វើឡើងរយ:ពេល៣យប់ នៅវត្តជន្លង់ម្លូរនេះ នឹងធ្វើឲ្យកក្រើកស្រទាប់មហាជនតែម្ដង ដើម្បីរួមចំណែកឲ្យកាន់តែខ្លាំងបំផុស ឲ្យឱកាសបុណ្យចូលឆ្នាំខ្មែរកាន់តែរីករាយ និងមានការចាប់អារម្មណ៍។

លោកថាព្រឹត្តិការណ៍នឹងធ្វើឡើង នៅក្នុងបរិរវេណវត្តជន្លង់ម្លូរ ដែលមានមានចម្ងាយប្រមាណជាងមួយគីឡូពីរង្វង់មូលចោមចៅ លើផ្លូវជាតិលេខ៣ ដោយកម្មវិធីតន្ត្រីទាំង៣ថ្ងៃ ក៏មានផ្សាយផ្ទាល់លើផេក Postnews Postkomsan និងផេក «គ្រួសារតារាកម្ពុជា»ផងដែរ៕

មតិយោបល់