ព័ត៌មានសិល្បៈ និងកម្សាន្ត

​​មិនគួរឲ្យជឿ! តួឯកស្រីចាស់វស្សា សរ កេសារ៉ា ថត១១រឿង គ្រាន់តែចេញមិនរួច៩រឿង

​ក្នុងជំនួបជាមួយតារាថៃ លោក ឆាគីត យ៉ែមណាម កាលពីល្ងាចថ្ងៃទី១៦ មីនា ក្នុងកម្មវិធីសម្ពោធរឿង«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» អ្នកស្រីសរ កេសារ៉ា ដែលត្រូវគេស្គាល់ថាជាតួឯកល្បីល្បាញក្នុងអំឡុងឆ្នាំ១៩៧២ និង១៩៧២ និងជាម្ចាស់ផលិតកម្មកេសារ៉ាភាពយន្តផងនោះ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង បន្ទាប់ពីឃើញវិស័យភាពយន្តនាសម័យចុងក្រោយកាន់តែមានការរីកចម្រើន ជាពិសេសសម្រាប់តារាសម្ដែងខ្លះដែលមានស្នាដៃរឿងចេញបង្អួតមហាជន។ យ៉ាងណាមិញ អ្នកស្រីបានបង្ហាញអារម្មណ៍ខកចិត្តដែលអ្នកស្រីបានក្លាយជាតារាក្នុងជំនាន់អតីតកាល ក្នុងកាល:ទេស:មិនទំនើបទាន់សម័យដូចបច្ចុប្បន្ន ហើយកាន់តែស្ដាយថែមទៀត នៅពេលអ្នកស្រីត្រូវបានផលិតករជ្រើសឲ្យសម្ដែងតួឯកដល់ទៅ១១រឿង ប៉ុន្តែចេញមិនរួច៩រឿង បើទោះជាថតចប់ហើយ។

អ្នកស្រីសរ កេសារ៉ា បានថ្លែងថា នៅក្នុងអំឡុងដែលអ្នកស្រីបានក្លាយជាតារាភាពយន្ត អ្នកស្រីក៏ល្បីមិនចាញ់កំពូលតារាសម្ដែងនាសម័យនេះដែរ ដោយសារតែអ្នកស្រីបានសម្ដែងសុទ្ធតែរឿងធំៗ ហើយមហាជននៅក្នុងជំនាន់នោះសុទ្ធតែបានស្គាល់ថាអ្នកស្រីជាតារាភាពយន្តមួយរូបដែលមានទេពកោសល្យ។ ក្រោយពីភាពយន្ត៣រួមមានរឿង«ស្រអែមផល្លា»រឿងទំនួញបង្គ្រងក្អែក» និងរឿង«សំនៀងស្នេហ៍កម្ម» ដែលអ្នកស្រីបានដើរតួឯក ត្រូវបានដាក់បញ្ចាំង បានធ្វើឲ្យអ្នកស្រីមានការទទួលស្គាល់យ៉ាងខ្លាំង រហូតធ្វើឲ្យមានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនាអំឡុងពេលនោះទៀតផង។ អ្នកស្រីត្រូវបានផលិតករ និងមហាជនឲ្យរហ័សនាមអ្នកស្រីថាជាតួឯកស្រីដែលពោរពេញដោយទេពកោសល្យសម្ដែង ហើយក៏មានទីផ្សារគួរឲ្យកត់សម្គាល់ ដោយត្រូវផលិតករហៅឲ្យសម្ដែងតួឯកចំនួន៩រឿងបន្តបន្ទាប់ទៀតភ្លាម ដល់ថ្នាក់មិនមានពេលសម្រាកពីការសម្ដែងរឿង។ ប៉ុន្តែគួរឲ្យស្ដាយក្រោយពីបានថតចប់ អ្នកស្រីថាមិនដឹងភាពយន្តទាំងនោះគេយកទៅណានោះទេ ស្របគ្នាដែលអ្នកស្រីក៏ចេញមករស់នៅប្រទេសបារាំងមុនប្រទេសកម្ពុជាកើតមានសង្គ្រាមនោះផង។ អ្នកស្រីថាភាពយន្តទាំងនោះមិនច្បាស់ថាត្រូវបានបំផ្លាញក្នុងសម័យលន់ណល់ ឬប៉ុលពតនោះទេ ដោយសារតែក្រុមផលិតករមួយចំនួននៅមានជីវិតនៅឡើយ។

ប៉ុន្តែអាច បាត់ចំណែកណាមួយក្នុងពេលមានសង្គ្រាម ទើបភាពយន្តទាំង៩បានថតចប់ហើយ ប៉ុន្តែមិនឃើញចរាចរណ៍ ដែលធ្វើឲ្យអ្នកស្រីមានការសោកស្ដាយពីការប្រឹងប្រែងសម្ដែងនៅក្នុងពេលនោះ។ អ្នកស្រីបញ្ជាក់ថាភាពយន្តទាំង៩ ដែលបានថតចប់នោះ សុទ្ធតែជារឿងខ្លាំងៗ ដោយនៅក្នុងនោះក៏មានទាំងភាពយន្តបុរាណ និងសម័យ ដែលអ្នកស្រីព្រលយថា បើបានដាក់បញ្ចាំងព្រមគ្នាគឺពិតជាល្បីខ្ទរខ្ទារ នៅក្នុងសម័យនោះកាន់តែខ្លាំងនោះផង។

ដោយសារតែមានស្នាដៃនៅក្នុងវិស័យសិល្ប:ដ៏ច្រើននោះហើយ ទើបអ្នកស្រីសម្រេចចិត្តវិលវិញពីប្រទេសបារាំង ហើយត្រលប់មកបង្កើតផលិតកម្មសរកេសារ៉ា ដោយបានទាំងផលិតភាពយន្តមួយផងនាពេលថ្មី ថ្វីដ្បិតតែភាពយន្តនោះបានដាក់បញ្ចាំងក្នុងរោងហើយ មិនសូវមានការគាំទ្រខ្លាំងក្លា។ អ្នកស្រីបញ្ជាក់នឹងមានគម្រោងសិក្សាទីផ្សារឲ្យច្បាស់ជាថ្មី ដោយក្នុងពេលខាងមុខអ្នកស្រីក៏នឹងទទួលផលិតភាពយន្តភាគឲ្យទូរទស្សន៍ និងផលិតរឿងដុំដើម្បីប្រកួតប្រជែងជាថ្មីផងដែរ ដើម្បីលើកកម្ពស់ស្នាដៃភាពយន្តនាសម័យក្រោយ ក្នុងពេលអ្នកស្រីក៏នៅអាល័យនឹងការសិល្ប: ដែលធ្លាប់រំលេចឡើង។ អ្នកស្រី សរ កេសារ៉ា បញ្ជាក់ថា ក្រោយទទួលបានបទពិសោធន៍ផលិតបានមួយរឿងបន្ទាប់ពីវិលពីបារាំង បានធ្វើឲ្យអ្នកស្រីមានការយល់ដឹងកាន់តែច្រើនពីទីផ្សារប្រកួតប្រជែងក្នុងការផលិតភាពយន្ត ដែលធ្វើឲ្យអ្នកស្រីមើលឃើញពីយុទ្ធសាស្រ្តសម្រាប់ពង្រឹងការផលិតលើស្នាដៃរបស់ខ្លួន៕

មតិយោបល់