ព័ត៌មានសិល្បៈ និងកម្សាន្ត

សរ កេសារ៉ា និងក្រុមមហាហង្ស រំពឹងការងារថ្មី ក្រោយទៅដល់ហុងកុង

តាំងពីថ្ងៃទី១៨ មីនា អ្នកស្រីសរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងល្បីល្បាញក្នុងអំឡុងឆ្នាំ១៩៧២ ដល់១៩៧៤ និងក្រុមផលិតករមហាហង្ស បានទៅដល់ទីក្រុងហុងកុង ប្រទេសចិន បន្ទាប់ពីត្រូវបានគណកម្មការមហោស្រពភាពយន្តអន្តរជាតិដែលកំពុងធ្វើឡើងនៅក្នុងទីក្រុងហុងកុង អញ្ជើញជាភ្ញៀវកិត្តិយស។ អ្នកស្រី និងលោក អ៉ិន សុភិន តំណាងផលិតកម្មមហាហង្ស បានបង្ហាញពីការរំពឹងយ៉ាងខ្លាំង ថាវត្តមានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ នឹងទទួលបានផ្លែផ្កាសំខាន់មួយក្រោយពេលត្រឡប់មកវិញ។

អ្នកស្រី សរ កេសារ៉ា បានបញ្ជាក់ថា គម្រោងឡើងទៅដល់ទីក្រុងហុងកុងលើកនេះ ដ្បិតថាមិនបានទទួលសិទ្ធិដើម្បីយកភាពយន្តណាមួយតំណាងឲ្យផលិតកម្មរបស់អ្នកស្រី និងតំណាងឲ្យផលិតកម្មមហាហង្សទៅដាក់បញ្ចាំងនៅក្នុងព្រឹត្តិការណ៍ HongKong Film Mart Festival ក៏ពិតមែន ប៉ុន្តែអ្នកស្រីបង្ហាញពីការលេចឡើងនៅលទ្ធផលគួរឲ្យជាទីមោទន: ដោយសារតែព្រឹត្តិការណ៍នេះ ក្រៅពីបង្ហាញភាពយន្តរបស់ប្រទេសភាគច្រើន ក៏មានការតាំងបង្ហាញនូវសម្ភារ: បច្ចេកទេស និងផលិតផលកុន ដែលមានប្រយោជន៍សម្រាប់ការផលិតភាពយន្តរបស់អ្នកស្រី ក្រោយពេលត្រឡប់ទៅវិញផងដែរ។ អ្នកស្រីថាបើមិនបានមកឃើញនូវការរីកចម្រើនពាក់ព័ន្ធនឹងការផលិតកុន គឺពិតជាមិនអាចដឹងថាវិស័យផលិតកុនគេដើរដល់ណា និងបោះជំហានត្រឹមណានោះទេ អ៉ីចឹងហើយទើបអ្នកស្រីគ្រាន់តែទទួលបាននូវការអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះភ្លាម ក៏ទម្លាក់នូវការងារចោលហើយ ធ្វើដំណើរទៅចូលរួមតែម្ដង ដើម្បីស្វែងយល់ពីការងារទាំំងនោះអស់នោះ។

មិនខុសគ្នាដែរលោក អ៉ិន សុភិន ក៏បានប្រកាសថាលោកធ្វើដំណើរទៅកាន់ទីក្រុងហុងកុងលើកនេះ ដើម្បីធ្វើជាភ្ញៀវកិត្តិយស និងដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីវិស័យផលិតកុនដូចគ្នានឹងអ្នកស្រីសរ កេសារ៉ា ផងដែរ។ លោកថាសរុបទាំងផលិតកម្មរបស់លោក និងផលិតកម្មរបស់អ្នកស្រី គឺមានគ្នាចំនួន១៣នាក់ ដោយតាមគម្រោងក្រោយកម្មវិធីចប់គឺនឹងត្រូវត្រឡប់មកវិញនៅថ្ងៃទី២១ មីនា វេលាម៉ោង៤ល្ងាច។

លោកថាពិព័រណ៌ភាពយន្តដែលប្រជុំដោយផលិតករល្បីៗមកពីពាសពេញពិភពលោកនេះ នឹងជម្រុញឲ្យក្រុមអន្តរជាតិស្គាល់ពីក្រុមផលិតករកុនរបស់ខ្មែរ និងការផលិតភាពយន្តខ្មែរច្រើនឡើង ជាពិសេសតាមរយ:កិច្ចពិភាក្សារបស់លោក និងក្រុមការងារដែលនឹងមានជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍ជាមួយបណ្ដាផលិតករទាំងអស់ ដើម្បីជជែកស្វែងរកចំណុចកាន់តែប្រសើរជួយជំរុញគុណភាពក្នុងការផលិតកុនរបស់លោក។

លោករំពឹងការទទួលបានការចាប់ដៃជាមួយផលិតករបរទេសនាពេលបន្តបន្ទាប់ បន្ទាប់ពីមុននេះបន្តិចលោកទើបតែទទួលឱកាសចាប់ដៃជាមួយផលិតករថៃ ផលិតភាពយន្តរឿង«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»ដែលមានតួសម្ដែងល្បីរបស់ថៃ គឺលោក ឆាគ្រីត និងតារាថៃ ឡាវជាច្រើនរូបទៀត ចូលរួមសម្ដែងជាមួយតារារបស់លោក៕

មតិយោបល់