ព័ត៌មានសិល្បៈ និងកម្សាន្ត

សម្អាងលើសមត្ថភាព តារាចម្រៀង ដេវីត ឆ័យ ហ៊ានប្រដូចខ្លួនទៅកំពូលតារាចម្រៀង២ដួង

ដ្បិតថាមិនទាន់មានកេរ្តិ៍ឈ្មោះបោះសំឡេង ប៉ុន្តែតារាចម្រៀងទើបលេចពន្លក លោក ដេវីត ឆ័យ បានអះអាងថាលោកនឹងធ្វើជាតារាសិល្ប:ដែលអាចបន្តតំណែងល្បីល្បាញរបស់កំពូលតារាចម្រៀង២ដួងឲ្យបាន ដោយសារតែលោកសម្អាងថាខ្លួនមានទេពកោសល្យច្រៀងបានល្អ ចេះនិពន្ធទំនុកច្រៀង និងតែងបទភ្លេងមិនធម្មតា។

លោកបានបង្ហើបមហិច្ឆតាមួយនេះ ខណ:ដែលអ្នកបានឮក៏សើចចំអក តែក៏មានខ្លះទៀត យល់ថាបុគ្គលដែលមានមហិច្ឆិតា ហើយមានការប្រឹងប្រែងច្បាស់លាស់ដូចលោក ក៏ប្រាកដជាអាចធ្វើបានដោយមិនអាចនឹកស្មាន។

តារាចម្រៀង ដេវីត ឆ័យ និយាយថា តាំងពីដើមរៀងមកលោកតែងយកគំរូលោក ព្រាប សុវត្ថិ និង លោក ខេមរ: សេរីមន្ត ធ្វើជាតំណាងរបស់ខ្លួនជាប្រចាំ ទើបលោកប្រឹងប្រែងដុះខាត់សមត្ថភាព ដើម្បីធ្វើឲ្យខ្លាំង និងធ្វើឲ្យល្បីក្នុងថ្ងៃណាមួយ ឲ្យបានដូចគ្នានឹងកំពូលតារាចម្រៀងទាំង២។ លោកកាន់តែមានជំនឿចិត្តថានឹងសម្រេចគោលដៅក្នុងថ្ងៃណាមួយ បន្ទាប់ពីបទចម្រៀង Original Song ដែល តាក់តែងនិពន្ធនិង បកស្រាយចម្រៀងដោយខ្លួនលោកផ្ទាល់ជាច្រើនបទ ដាក់បង្ហោះនៅលើយូធូប ហើយមានការចាប់អារម្មណ៍ ដោយបទចម្រៀងខ្លះ មានអ្នកចូលស្ដាប់ដល់ខ្ទង់លានដងក៏មាន អមដោយអ្នកសរសើរមិនដាច់ពីមាត់ធ្វើឲ្យលោកកាន់តែមានកម្លាំងចិត្ត។

លោកប្រកាសថានឹងបញ្ចេញស្នាដៃវាយលុកទីផ្សារឲ្យកាន់តែខ្លាំង ដោយរំពឹងថាក្នុងពេលដ៏ខ្លីក្រោយពីមានការគាំទ្រខ្លាំងក្លាជាងនេះ នឹងមានផលិតកម្មធំណាមួយចាប់អារម្មណ៍យកលោកទៅលើកស្ទួយនោះផង ទើបលោកកាន់តែមានក្ដីស្រម៉ៃ នៅពេលគិតដល់ភាពល្បីល្បាញរបស់លោក ព្រាប សុវត្ថិ និងលោក ខេមរ: សិរីមន្ត។

លោក ដេវីត ឆ័យ ត្រូវបានគេដឹងថាជាតារាចម្រៀងដែលមានស្រុកកំណើតនៅបន្ទាយមានជ័យ ដោយក្រោយពីបានប្រឡូកចម្រៀងក៏បានផលិតបទ”ស្អប់ស្រីមាត់ដាច” ,បទ “រាំកន្រ្តាក់ ” និងបទថៃ “សាំងម៉ា” ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងតែម្ដង ជាពិសសបទ«រាំកន្ត្រាក់» បើទោះជាបទចម្រៀងនេះត្រូវបានផលិតឡើងនៅក្នុងបរិបទដែលខ្មែរ និងមហាជនទូទៅ ងាកទៅសង្វេគចង្វាក់ប្រពៃណីរបស់ខ្លួនវិញ ដែលនាំឲ្យបទចង្វាក់បែកស្លុយរាងខ្សោយការគាំទ្រស្ទើរតែគ្រប់តារាចម្រៀងបន្តិចក្ដី។

ចង់ដឹងថាទឹកដមសំឡេង និងសមត្ថភាពនិពន្ធទំនុកច្រៀង និងការផលិតសាច់ភ្លេងរបស់លោក អាចទទួលយកបានកម្រិតណា តោះសាកស្ដាប់មួយបទលេង៖

មតិយោបល់