ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ដាយទើបស្លាប់ ផ្ទះទើបភ្លើងឆេះ ឥឡូវ សេម ម៉ាកូ កម្សត់ទៀតហើយ!

បន្ទាប់ពីមានចុះផ្សាយពីប្រវត្តិយ៉ាងកម្សត់មួយប្រាវរបស់តារាចម្រៀង លោក សេម កូម៉ា បានធ្វើឲ្យមហាជន ជាពិសេសនៅពេលដែលលោកបានរៀបរាប់ថា គ្រាន់តែបានកុងត្រាច្រៀងនៅក្នុងផលិតកម្មឌ្រីមជីវ៉ា និងទើបថតបានមួយបទមិនទាន់ចេញផង ក៏មានរឿងកម្សត់ដោយសារតែម្ដាយដោយសារគាំងបេះដូងក្រោយទទួលទានភេសជ្ជ:ប៉ូវកម្លាំងបាកាសមួយកំប៉ុង ហើយក្រោយពីបូជាម្ដាយបាន១៨ថ្ងៃ ផ្ទះទាំងមូលក៏ត្រូវភ្លើងឆេះក្នុងពេលទុស្សេខ្សែភ្លើងចំពេលសមាជិកគ្រួសារមិននៅផ្ទះ។

ទើបតែមានរឿងទាំង២មិនទាន់បាត់ចំហាយផង ស្រាប់តែមានដំណឹងថាប្អូនប្រុសរបស់លោក ដែលស្ថិតនៅក្រោមបន្ទុករបស់លោក បានជួបគ្រោះថ្នាក់ឈានដល់ការកាត់ដៃដែលមានរបួសទៀតហើយ។

លោកបានផុសនៅលើហ្វេសបុកកាលពីល្ងាចថ្ងៃទី២០ មីនា ថា «បងមិននឹកស្មានថាប្អូនប្រុសបងមកជួបរឿងអាក្រក់ចឹងទេ បងសុំទោសដែលបងមើលថែប្អូនមិនបានល្អ បងជាបងគ្មានបានការ បងជាបងគ្មានការមើលថែ បណ្ដោយឲ្យប្អូនកាត់ដៃ ដៃនេះ បងចាំវាទុក១ជីវិតរបស់បង ប្អូនកម្សត់របស់បងអើយ បងក្ដុកក្ដួលណាស់ បងខូចចិត្តណាស់ ដែលជួយប្អូនមិនបាន»។

នេះជាការលើកឡើងរបស់លោកសេម ម៉ាកូ បន្ទាប់ពីប្អូនប្រុសរបស់លោក ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងដែរនោះ ដួលត្រូវម៉ាស៊ីនហើយបណ្ដាលឲ្យរបួសដាច់កូនដៃ ដោយកូនដៃរបស់ប្អូនលោកត្រូវពេទ្យកាត់ចោល ព្រោះតែម៉ាស៊ីនស៊ីខ្ទេចឆ្អឹង ហើយបណ្ដាលឲ្យដៃដែលរបួសនោះរលួយ ដែលមិនអាចមិនកាត់ចោលបាន។ ស្ថានភាពដែលប្អូនលោកបានជួប គឺជារឿងដ៏អាក្រក់មួយទៀត ខណ:ដែលលោក ទើបបាត់បង់ម្ដាយ និងផ្ទះ ដែលធ្វើឲ្យជីវភាពរបស់លោកធ្លាក់ចុះដុនដាប រហូតដល់ថ្នាក់អស់ទ្រព្យសម្បត្តិ និងជាប់ទាំងបំណុលមួយចំនួនផង។

តារាចម្រៀង សេម បានថ្លែងបញ្ជាក់ថា លោកមានអារម្មណ៍ស្មុគស្មាញយ៉ាងខ្លាំង ក្នុងពេលដែលលោក និងប្អូនប្រុស មិនខុសពីកូនកំព្រាម្ដាយ និងឪពុកព្រោះតែឪពុក និងម្ដាយលែងលះគ្នាមុនពេលម្ដាយស្លាប់ ស្រាប់តែមកមានរឿងអាក្រក់កើតឡើងចំពោះប្អូនប្រុសលោកទៀត រហូតធ្វើឲ្យប្អូនលោកបាត់ម្រាមកូនដៃមួយទាំងទឹកភ្នែក។ អ្វីដែលលោកស្លុតចិត្តទៀតនោះ គឺនៅក្នុងពេលនេះស្ថានភាពជីវិតរបស់លោកពឹងតែលើមុខរបរច្រៀងអាហ្វែមួយរោងៗ ដើម្បីក្រពះ ស្រាប់តែមកមានរឿងបែបនេះកើតឡើងចំពោះសមាជិកគ្រួសារ។ លោកថារាល់ថ្ងៃ លោក និងប្អូនប្រុស មិនខុសពីរលកញីឈ្មោះនោះទេ ដោយលោក និងប្អូនប្រុសបានសម្រេចចិត្តរៀន ហើយចេញច្រៀងទាំងពីរនាក់ ដោយបានទាំងយកឪពុកដែលបានបែកបាក់ពីម្ដាយកាលនៅរស់ ឲ្យមករស់នៅក្រោមបន្ទុកនោះផង។ យ៉ាងណាក៏ដោយ លោក សេម ក៏ត្រូវគេកត់សម្គាល់ថាចាប់ផ្ដើមឡើងកូដជាងមុននៅក្នុងពិភពសិល្ប:ផងដែរ បន្ទាប់ពីលោកឃុំឃាំងខ្លួនឯង មិនទទួលច្រៀងអស់ច្រើនខែ ព្រោះតែខូចចិត្តរឿងម្ដាយស្លាប់ និងអស់ទ្រព្យព្រោះតែភ្លើងឆេះផ្ទះ។ លោក សេម និយាយថា ស្ថានភាពរស់នៅរាល់ថ្ងៃ មិនខុសពីផ្ដើមពីសូន្យនោះទេ ដោយក្រៅពីត្រូវរ៉ាប់រងគ្រួសារ លោកក៏មិនទាន់មានម៉ូតូជិះផ្ទាល់ខ្លួនផងដែរ ទើបលោកនៅមិនទាន់ស្រឡះចិត្តក្រោយពីភ្លើងឆេះផ្ទះ៕

មតិយោបល់