Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ដោយសារបញ្ហាធ្...

ដោយសារបញ្ហាធ្មេញ សុខ សីឡាលីន សម្រេចចិត្តបិទភ្នែកចោលទីផ្សារសម្ដែង

ក្នុងបទសម្ភាន៍ដាច់ដោយឡែកមួយជាមួយនឹងភ្នាក់ងារសារព័ត៌មាន Post News តារាចម្រៀងហង្សមាសកញ្ញា សុខ សីឡាលីន បានអះអាងថាកញ្ញាទទួលបានសិទ្ធិថតរឿងនៅប៉ុស្ដិ៍ហង្សមាស មិនខុសពីតារាមួយចំនួនរួមមានអ្នកនាង ពេជ្រ សោភា និងខាត់ សុឃីម នោះទេ ប៉ុន្តែបណ្ដាលមកពីនាងមានបញ្ហារឿងធ្មេញទើបសម្រេចច្រានចោល។ នាងថារហូតដល់ចុងឆ្នាំ២០១៨ ឬដើមឆ្នាំ២០១៩ ទើបកញ្ញាអាចទទួលសម្ដែងបាន ដោយរង់ចាំឲ្យសម្រស់ធ្មេញរបស់នាងលែងមានបញ្ហាសិន។

កញ្ញាបានថ្លែងក្នុងវេទិកាប្រគំតន្ត្រី«TV5 Carabao Spark Concert » កាលពីថ្ងៃទី២៥ មីនា ថា កញ្ញានៅតែមានបទថ្មីនៅក្នុងផលិតកម្មហង្សមាសបន្តស្ដុក និងចេញលក់ដដែលនោះទេ បើទោះជាមើលសភាពខាងក្រៅថាហង្សមាសទម្លាក់ដៃមិនសូវលើកស្ទួយចំពោះនាងក្ដី។ ក្នុងនោះសូម្បីតែគម្រោងឲ្យនាងសម្ដែងកុន ក៏មានច្រើនដែរ ប៉ុន្តែត្រូវបានច្រានចោលដោយហេតុផលនាងជាប់ពត់ធ្មេញ ដែលមិនអាចឲ្យនាងទទួលថតទាំងនៅជាប់របាំងពត់ធ្មេញក្នុងពេលនេះបាន។ នាងថាធ្មេញរបស់ខ្លួនទើបតែបានសម្រេចចិត្តពត់ដំរ៉ង់ប៉ុណ្ណោះ ដោយតាមគម្រោងគឺរហូតដល់អំឡុងពេលចុងឆ្នាំ ឬដើមឆ្នាំ២០១៩ឯណោះ ទើបដល់កំណត់ដោះចេញ។

កញ្ញាបញ្ជាក់ថាមុនពេលពត់ធ្មេញកញ្ញាត្រូវបានហង្សមាសជ្រើសឲ្យសម្ដែងភាពយន្តដូចគ្នា ប៉ុន្តែដោយសារតែការស្នើសុំនោះត្រូវបានធ្វើឡើងក្រោយពេលនាងជជែកពីរឿងពត់ធ្មេញជាមួយពេទ្យជំនាញរួចហើយ ទើបកញ្ញាសុខចិត្តជូនពាក្យវិញ ហើយសម្រេចចិត្តពត់ធ្មេញតែម្ដង។ កញ្ញាបានបង្ហាញពីការសោកស្ដាយ តែថាកញ្ញាក៏មិនអាចបន្តឲ្យសម្រស់របស់ខ្លួនស្រុតចុះ ព្រោះតែស្ដាយសិល្ប:នោះដែរ ទើបនាងទទួលយកការពត់ធ្មេញឲ្យបានល្អសិន ចាំទទួលយកការសម្ដែងតែម្ដង។

នៅក្នុងវេទិកាបង្ហាញខ្លួននៅប៉ុស្ដិ៍លេខ៥នោះ កញ្ញា សុខ សីឡាលីន នៅតែរស់រវើកក្នុងការបញ្ចេញក្បាច់រាំ ដោយគេឃើញបទចម្រៀងរបស់នាងគឺមានបទភ្លេងកន្ត្រាក់ៗគួរឲ្យចង់រាំខុសពីតារាមួយចំនួនផង។

កញ្ញាត្រូវបានអ្នកចូលរួមនៅក្នុងវេទិកានោះគាំទ្រពេញទំហឹង ខណ:ដែលនាងក៏បានប្រកាសថាក្រោយពេលធ្មេញរបស់នាងត្រូវបានដោះប្រដាប់ពត់រឹតធ្មេញរួចរាល់ នោះនាងមិនត្រឹមតែចេញមុខក្នុងការសម្ដែងភាពយន្តឲ្យហង្សមាសប៉ុណ្ណោះទេ តែក៏ត្រៀមបញ្ចេញស្នាដៃសិល្ប:ឲ្យពេញទំហឹងផងដែរ។

កញ្ញាថាក្នុងរយ:ពេលពត់ធ្មេញ បានធ្វើឲ្យកញ្ញាបោះបង់ការងារអស់ជាច្រើនដោយសូម្បីតែការងារថតស្ពត ក៏កញ្ញាមិនទាន់ទទួលនោះដែរ គឺមិនមែនចោលតែកម្មវិធីសម្ដែងភាពយន្តរបស់ហង្សមាសទេ៕

Loading...