ព័ត៌មានសិល្បៈ និងកម្សាន្ត

ជាង១០០តារា ប្រកាសធ្វើអោយ ព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន កក្រើកឆ្នាំនេះ

ចាប់ពីថ្ងៃទី២៩ មីនា រហូតដល់ថ្ងៃទី២ មេសា ខាងមុខនេះ ព្រឹត្តការណ៍សង្ក្រានធំមួយដែលបានប្រកាសធ្វើឡើងនៅវត្តជន្លង់ម្លូរ ក្នុងខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានអ្នករៀបចំដាក់ឈ្មោះថា«ពោធិ៍សែនជ័យសង្ក្រាន»នោះ នឹងចាប់ផ្ដើមហើយ ដោយការរៀបចំជាលើកទី៣នេះ ត្រូវបានគេមើលឃើញថាមានការរៀបជំជាទ្រង់ទ្រាយធំជាងមុន និងគគ្រឹកគគ្រេងជាងមុន។ មិនរាប់បញ្ចូលព្រឹត្តិការណ៍លេងល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៌ស្នាដៃកូនខ្មែរ ការប្រណាំងរទេះ ការបង្ហាញក្បាច់ប្រដាល់នៅលើសង្វៀន និងការប្រឡងបវរកញ្ញាវ័យ៦០ឆ្នាំជាដើម គេឃើញមានការប្រគំតន្ត្រីដើម្បីឲ្យបងប្អូនជាកម្មករកម្មការិនីនៅតំបន់រោងចក្រនៅទីតាំងនោះបានរាំលេង ប្រមាណជាង១០០នាក់ឯណោះ ដោយវត្តមានដ៏ច្រើនរបស់ក្រុមសិល្បករសិល្បការិនីនេះ គឺជាចំនួនមួយធំមិនធ្លាប់មានសម្រាប់ព្រឹត្តិការណ៍មួយនេះកាលពី២លើកមុន។

យោងតាមប្រកាសលើផេក«គ្រួសារតារាកម្ពុជា»ក្រុមតារាសិល្ប:មួយក្រុមធំនេះ នឹងសហការចូលរួមរំលេចព្រឹត្តិការណ៍«សង្ក្រានពោធិ៍សែនជ័យ»ក្នុងឆ្នាំ២០១៨នេះ ឲ្យក្លាយជាព្រឹត្តិការណ៍ធំមួយ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ។

ប៉ាណូមួយផ្ទាំងដែលបានបង្ហោះឡើង នៅលើផេកនេះ បានផ្សព្វផ្សាយថា តារាសិល្ប:ល្បីៗនិងតារាថ្មីៗមិនតិចជាង១០០នាក់នោះទេ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយនេះ ក្នុងពេលដែលការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដើម្បីចូលរួមទៀតសោត ក៏ប្រកាសធ្វើឡើងនៅក្នុងទម្រង់លើកស្ទួយសិល្ប:បុរាណរបស់ខ្មែរ ដោយតម្រូវឲ្យតារាចាស់ក្មេងទាំងល្បី និងមិនល្បីទាំងអស់បកស្រាយតែបទចម្រៀងជាចង្វាក់ប្រពៃណីខ្មែរ និងតម្រូវឲ្យតុបតែងកាយជាលក្ខណ:ខ្មែរ ដើម្បីបន្សាបឥទ្ធិពលបែកស្លុយដែលបានរាលដាល។ នៅលើប៉ាណូដែលបានឃោសនា ក៏ឃើញតែវត្តមានតារាល្បីៗដែលភាគច្រើនជាតារាដែលមានទំនោរទៅរកបទចម្រៀងពីសម័យដើម ដើម្បីធ្វើឲ្យសង្ក្រាននៅពោធិ៍សែនជ័យ ក្លាយជាព្រឹត្តិការណ៍មួយឆ្លុះបញ្ចាំងពីវប្បធម៌ ទុកជាគំរូដល់ក្មេងៗជំនាន់ក្រោយ។

លោកផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថា បន្ទាប់ពីបានកត់សម្គាល់ព្រឹត្តិការណ៍«សង្ក្រានពោធិសែនជ័យ»មានលក្ខណ:ស្រដៀងគ្នានឹងព្រឹត្តិការណ៍សង្ក្រានធំៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺសង្ក្រានប្រចាំខេត្តមួយចំនួន ទើបគ្រួសារតារាកម្ពុជាប្រកាសចាប់ដៃពេញទំហឹងក្នុងការរៀបចំព្រឹត្តិការណ៍មួយនេះ ដើម្បីឲ្យការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជារបស់លោកហ៊ុន ម៉ានី និងសាលាខ័ណ្ឌពោធិសែនដែលមានបំណងលើកស្ទួយវប្បធម៌ អរិយធម៌ និងដើម្បីញាំងឲ្យបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយនៅមុខឱកាសចូលឆ្នាំ កាន់តែធឹកអធឹក។

លោកថាតារាសិល្ប:រួមមានតារាចម្រៀងល្បីៗ តារាកំប្លែង ពិធីករពិធីការិនីឆ្នើមៗ និងតារាចម្រៀងមកពីកម្មវិធី Cambodian Idol , The Voice Cambodia, និងម្ចាស់បទ Original Song របស់ក្រុមខ្លួនរហូតដល់ជាង១០០នាក់ឯណោះ បានស្ម័គ្រចិត្តចូលរួមនៅក្នុងពិធីនេះ។

តារាទាំងនោះ ក៏បានត្រៀមខ្លួនបង្ហាញនូវទម្រង់វប្បធម៌សំខាន់ៗ បន្ថែមពីលើការច្រៀងសប្បាយៗ ដើម្បីឲ្យបងប្អូនបានរាំលេង។ យ៉ាងណាមិញ លោកថា«គ្រួសារតារាកម្ពុជា»នឹងចូលរួមជាមួយព្រឹត្តិការណ៍សង្ក្រាននេះតែ៣ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី៣០ និង៣១ ខែមីនា និងថ្ងៃទី១ មេសា ចំណែក១ថ្ងៃបើក និង១ថ្ងៃបិទ គឺកម្មវិធីមួយផ្សេងដែលសហភាពសហព័ន្ធយុវជនកម្ពុជា នឹងចាត់ចែងដោយផ្ទាល់។

កម្មវិធីនេះត្រូវបានលោកប្រកាសថាធ្វើឡើងនៅជាប់របងវត្តជន្លង់ម្លូរ ស្ថិតចម្ងាយប្រមាណជាងមួយគីឡូពីរង្វង់មូលចោលចៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៣។ ព្រឹត្តិការណ៍សង្ក្រានក្នុងឆ្នាំនេះ ក៏រំពឹងថានឹងមានមនុស្សចូលរួមទស្សនាតាំងពីកម្មវិធីពេលព្រឹករហូតដល់យប់រំលងអធ្រាត្រយ៉ាងកកកុញផងដែរ ដោយសារតែទីតាំងនោះជាប្រជុំជនរោងចក្រ ជាពិសេសគឺក្រុមកម្មកររស់នៅតំបន់ចោមចៅតែម្ដង៕

មតិយោបល់