Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ឈួន សុវណ្ណឆៃ ...

ឈួន សុវណ្ណឆៃ ប្រកាសលេងចាស់ដៃ ក្នុងព្រឹត្តិការណ៍សង្ក្រានពោធិ៍សែនជ័យ

ខណ:ដែលសង្ក្រានពោធិ៍សែនជ័យនឹងគ្រោងចាប់ផ្ដើមចាប់ពីថ្ងៃទី២៩ មីនា រហូតដល់ថ្ងៃទី២ មេសានោះ តារាចម្រៀងល្បីឈ្មោះអ្នកនាង ឈួន សុវណ្ណឆៃ ក៏បានប្រកាសចូលរួមនៅថ្ងៃទី៣១ មីនា ផងដែរ ដោយអ្នកនាងមិនត្រឹមតែច្រៀងដើម្បីកំដរបរិយាកាសប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រឹងប្រែងហ្វឹកហាត់រាំរបាំបុរាណ ដោយគ្រោងបង្ហាញសមត្ថភាពជាមួយក្រុមរបាំបុរាណឈុតធំឲ្យផ្អើលឆាកតន្រ្តី។

ក្នុងនោះអ្នកនាងក៏នឹងបង្ហាញខ្លួនជាមួយបទចម្រៀងនិពន្ធថ្មីច្រើនបទ ដែលអ្នកនាងទើបតែបានផលិតឡើងផងដែរ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក អ្នកនាងឈួន សុវណ្ណឆៃ បានបង្ហាញពីការប្រឹងប្រឹងហ្វឹកហាត់យ៉ាងខ្លាំងជាមួយនឹងការរាំរបាំបុរាណ ដោយអ្នកនាងថាខ្លួនមិនចេះរាំចង្វាក់បែកស្លុយ អ៉ីចឹងគឺមានតែខំហ្វឹកហាត់របាំបុរាណខ្មែរអមដោយបទចម្រៀងយកទៅបង្អួតភ្នែកមហាជនម្ដង។

អ្នកនាងនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សង្ក្រាននៅថ្ងៃទី៣១ មីនា ដោយអ្នកនាងបញ្ជាក់ថាក្រៅពីរបាំបុរាណ ដែលអ្នកនាងនឹងរាំដោយផ្ទាល់ខ្លួន ជាមួយអ្នកជំនាញពីសាលាវិចិត្រសិល្ប:ក៏មានការសម្ដែងពិសេសដែលគាស់កកាយនូវទម្រង់បុរាណជាច្រើនយកមករំលេចក្នុងព្រឹត្តិការណ៍សង្ក្រាននៅវត្តជន្លង់ម្លូរស្ថិតក្នុងខ័ណ្ឌពោធិសែនជ័យនោះផងដែរ។ អ្នកនាងបញ្ជាក់ថាគ្រាន់តែចំណាយលើក្រុមរបាំ និងជួលគ្រឿងរបាំវង់ធំ គឺចំណាយអស់មិនតិចនោះទេ ខណ:ដែលថាថតបទចាស់ៗ ដែលតម្រូវឲ្យកម្មវិធីក៏អស់ច្រើន ប៉ុន្តែអ្នកនាងពេញចិត្តលះបង់ ដើម្បីឲ្យព្រឹត្តការណ៍មួយនេះប្លែកភ្នែក និងមានការចាប់អារម្មណ៍។ អ្នកនាងមានការភ័យបារម្ភពីការរាំមិនបានល្អមួយរយភាគរយផងដែរ ដោយសារតែអ្នកនាងមានពេលហ្វឹកហាត់តិចតួច ព្រោះតែជាប់ចុះថតរឿង«កូនពស់កេងកង» និងការងារផ្ទាល់ខ្លួន។ យ៉ាងណាមិញ អ្នកនាងថាមិនសូវភ័យដូចកាលមិនទាន់បាំនោះទេ ដោយសារតែរបាំបុរាណនេះអ្នកនាងធ្លាប់បានរាំរួចមកហើយ នៅក្នុងព្រឹត្តិការណ៍ធំនៅប្រាសាទអង្គរមុននេះ។

អ្នកនាងឈួន សុវណ្ណឆៃ និយាយថា អ្នកនាងសប្បាយចិត្តដែល សង្ក្រានពោធិសែនជ័យបានប្រកាសធ្វើឡើងជាទ្រង់ទ្រាយធំ ហើយផ្ដល់កិត្តិយសឲ្យតារាចាស់ក្មេងដែលមានទម្រង់បុរាណ និងប្រពៃណីខ្មែរ បានឡើងបង្ហាញសមត្ថភាព។
អ្នកនាងទទូចឲ្យមានការចូលរួមអភិរក្សសិល្ប:បុរាណខ្មែរឲ្យបានកុះករ ដោយអ្នកនាងក៏រំពឹងថាបទចម្រៀងជាចង្វាក់ប្រពៃណីខ្មែរ នឹងមានការចាប់អារម្មណ៍ពីស្រទាប់មហាជនជាថ្មី បន្ទាប់ពីមានការបំផុសឲ្យស្រឡាញ់ពេញចិត្តចង្វាក់រាំវង់រាំក្បាច់ខុសប្លែកពីឆ្នាំមុននេះ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សង្ក្រានពោធិ៍សែនជ័យ នឹងប្រារព្ធធ្វើឡើងរយ:ពេល៥ថ្ងៃនៅបរិមាណវត្តជន្លង់ម្លូរ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចម្ងាយប្រមាណជា២គីឡូពីរង្វង់ចោមចៅដោយព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសាលាខណ្ឌពោធិសែនជ័យជាមួយនឹងសហព័ន្ធសហភាពយុវជនកម្ពុជា ក្រោមការសហការរៀបចំកម្មវិធីសិល្ប:ទាំងស្រុងពី«គ្រួសារតារាកម្ពុជា»នៅថ្ងៃទី៣១ មីនា ដល់ថ្ងៃ១ មេសា៕

Loading...