Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មកទល់នឹងម៉ោងស...

មកទល់នឹងម៉ោងស្លាប់ នាយមីតាមីនសេ នៅតែមិនដឹងថាខ្លួនកើតជំងឺមហារីក

បើទោះជាលោកម៉ៅ សាមឿន ហៅលោកនាយវីតាមីនសេ បានទទួលមរណភាពផ្លូវការ នៅវេលាម៉ោងជាង១២យប់ ឆ្លងចូលថ្ងៃទី៣០ មីនា បន្ទាប់ពីក្រុមគ្រួសារ សម្រេចដកបំពង់អុកស៊ីហ្សែនចេញ ដែលធ្វើឲ្យលោកដាក់ដង្ហើម។ យ៉ាងណាក៏ដោយ មានការបញ្ជាក់ថា មកទល់នឹងថ្ងៃស្លាប់របស់លោក គឺលោកមិនបានដឹងថា ខ្លួនកើតជំងឺមហារីកទេ ដោយលោកបានដឹងត្រឹមតែថា ខ្លួនមានជំងឺដុះដុំសាច់ប៉ុណ្ណោះ។

អ្នកនាង ប៉េងប៉ោង និយាយថា តាំងពីធ្លាក់ខ្លួនឈឺ លោកនាយវីតាមីនសេ មិនធ្លាប់ដឹងថា ជំងឺរបស់លោក គឺជាដុំសាច់មហារីកនោះទេ ដោយលោកបានដឹងត្រឹមថា ខ្លួនមានជំងឺដុំសាច់ក្នុងថ្លើមប៉ុណ្ណោះ។ អ្នកនាងថា ខ្លួនមិនហ៊ានប្រាប់ថាឪពុកមានជំងឺមហារីកទេ ដោយសារតែខាងគ្រូពេទ្យបញ្ជាក់ថា ជំងឺរបស់ឪពុកបើឲ្យលោកដឹងហើយបាក់ទឹកចិត្ត គឺមរណភាពរបស់លោក នឹងលឿនជាងនេះទៅទៀត។

អ៊ីចឹងហើយទើបក្នុងពេលផ្ដល់សម្ភាសន៍អ្នកនាង បានឲ្យសម្ភាសន៍ត្រឹមថា លោកកើតជំងឺដុំសាច់ប៉ុណ្ណោះ ដោយក្នុងពេលបណ្ដាអ្នកសារព័ត៌មានខ្លះ បានដឹងក៏អ្នកនាងស្នើសុំមិនឲ្យដាក់ថា លោកកើតជំងឺមហារីក ដោយសារតែលោកក៏តាមដានព័ត៌មានតាមហ្វេសប៊ុក ដើម្បីកុំឲ្យលោកដឹងលោកភ័យ ហើយបាក់ទឹកចិត្ត។ អ្នកនាងថា លោកវីតាមីនសេ មិនទាន់ដឹងថា ខ្លួនកើតជំងឺមហារីកផង នៅបាក់ទឹកចិត្តដល់ថ្នាក់ សម្រានលែងលក់ និងបាយលែងបាន បើដឹងថា កើតជំងឹមហារីក តាំងពីដំណាក់កាលដំបូង មិនដឹងថា សភាពទ្រុឌទ្រមនឹងកើតមានតាំងពីពេលណានោះទេ ។

អ្នកនាងបានចាត់ទុកថា ការលាកបាំងចំពោះឪពុក បានជួយពន្យារពេលឲ្យឪពុករឹងមាំបានមួយរយ: ប៉ុន្តែបណ្ដាលមកពីលោកកាន់តែធ្វើទុក្ខធ្ងន់ ក្រោយពីបានប្រើថ្នាំទប់នឹងជំងឺមហារីកទើបលោកចុះខ្សោយជាងមុន ហើយខ្សោយរហូតដល់ថ្នាក់ភាគីខាងក្រុមគ្រូពេទ្យ មិនហ៊ានធ្វើការវះកាត់ និងមិនហ៊ានទាំងបាញ់កាំរស្មីសម្លាប់មេរោគ ដោយសឹងមិនហ៊ានចាក់ថ្នាំបង្រួមដុំសាច់មហារីក ដោយសារតែពេលចាក់ថ្នាំម្ដងៗ គឺលោកពិបាកក្នុងខ្លួន មិនអាចទ្រាំទ្រនឹងថ្នាំនោះបាន។

អ្នកនាងប៉េងប៉ោង បានអះអាងថា មិនសោកស្ដាយរឿងមិនបានប្រាប់ឲ្យលោកឪពុកបានដឹងថា លោកកើតជំងឺមហារីកនោះទេ ប៉ុន្តែអ្នកនាងខកចិត្តដែលបានលាក់បាំង នឹងឪពុកដល់កម្រិតប៉ុណ្ណឹងហើយ នៅតែឪពុកទទួលមរណភាពក្នុងរយ:ពេលខ្លីទាល់តែបាន។ សពនាយវីតាមីនសេ នឹងតម្កល់ធ្វើបុណ្យនៅផ្លូវ២៧១ ម្ដុំត្រឡោកបែក រហូតដល់ថ្ងៃអាទិត្យទី១ មេសា វេលាម៉ោង៣រសៀល ទើបដង្ហែរទៅវត្តមកុដបុរី ហើយវត្តតាំងក្រសាំងនៅខាងក្រោយវត្តទឹកថ្លា ដោយសម្រេចបូជានៅវេលាម៉ោង៨យប់៕

Loading...