ព័ត៌មានសិល្បៈ និងកម្សាន្ត

មានរឿងអី បាន សេម ម៉ាកូ ដល់ថ្នាក់ ដូរឈ្មោះថ្មី

ខណ:ដែលការប្រឡូកសិល្ប:ទើបតែមានអ្នកស្គាល់បានបន្តិចនៅឡើយ តារាចម្រៀង លោក សេម ម៉ាកូ បែរជាប្រកាសឲ្យដឹងថាខ្លួននឹងសម្រេចចិត្តប្ដូរឈ្មោះគួរឲ្យភ្ញាក់ផ្អើលទៅវិញ។ លោកថាខ្លួននឹងដូរឈ្មោះពី សេម ម៉ាកូ ទៅជាឈ្មោះ ចាន់ អាជុន វិញ បន្ទាប់ពីមានក្បួនខ្នាតជាច្រើនតម្រូវឲ្យលោកត្រូវតែប្ដូរឈ្មោះចាស់ចោល។

លោក សេម ម៉ាកូ បានបង្ហោះនៅលើហ្វេសប៊ុកថា ចាប់ពីថ្ងៃនេះតទៅ អ្នកគាំទ្រ និងអ្នកសិល្ប: សូមមេត្តាកុំហៅឈ្មោះលោកថា សេម ម៉ាកូ បន្តទៀត ដោយសារតែឈ្មោះចាស់នោះ ត្រូវបានព្រះសង្ឃមួយអង្គមានេះមានពុទ្ធដិកាថា ជាឈ្មោះអភ័ព្វ និងឈ្មោះជាឈ្មោះដែលមានបន្ទុកបណ្ដាក់រាប់មិនអស់ ដែលមិនអាចឲ្យលោករួចផុតពីភាពស្មុគស្មាញបាន។ លោកថាព្រះចៅអធិការវត្តព្រះនាងខ្មៅ ស្ថិតក្នុងខេត្តតាកែវ បានអះអាងថាបើលោកនៅតែបន្តប្រើឈ្មោះសេម ម៉ាកូ នោះជីវិតរបស់លោកនឹងនៅតែអភ័ព្វស្របគ្នាដែលលោកតាំងពីបានប្រឡូកការងារសិល្ប: ក៏មានរឿងទុក្ខសោករាប់មិនអស់ចាប់តាំងពីករណី ម្ដាយពុលភេសជ្ជ:កំប៉ុងមួយប្រភេទទទួលមរណភាព និងត្រូវភ្លើងឆេះផ្ទះក្រោយម្ដាយស្លាប់បាន១៨ថ្ងៃ។

លោកថាចៅអធិការវត្តនេះ បានកំណត់ឲ្យលោកត្រូវប្រើឈ្មោះថ្មីគឺ «ចាន់ អាជុន»ដែលឈ្មោះថ្មីនេះ នឹងប្រើនៅក្នុងការងារសិល្ប: និងការងារឯកជនផ្ទាល់ខ្លួន។ លោកថាព្រះសង្ឃមានពុទ្ធដីកាត្រូវច្រើន ជុំវិញពីស្ថានភាពឈ្មោះសេម ម៉ាកូ ដែលលោកធ្លាប់ប្រើ ទើបលោកសម្រេចចិត្តប្ដូរឈ្មោះថា «ចាន់ អាជុន» តាមការកំណត់ទុករបស់ព្រះសង្ឃ ដោយរំពឹងថាឈ្មោះថ្មី ដែលលោកបានប្រើ នឹងជួយឲ្យលោករលូនទាំំងការងារសិល្ប: និងរឿងរ៉ាវផ្ទាល់ខ្លួន។

លោកចាន់ អាជុន បន្តថា លោកមិនទាន់ដឹងថាការប្រើឈ្មោះថ្មី នឹងមានការប៉ះពាល់ចំពោះការងារសិល្ប:របស់លោក ឬយ៉ាងណានោះទេ ជាពិសេសចំពោះផលិតករ និងអ្នករៀបចំកម្មវិធី ដែលស្គាល់តែលោកភាគច្រើនថា សេម ម៉ាកូ។ យ៉ាងណាមិញ លោកថានឹងកំណត់ឲ្យតារាសិល្ប:ស្គាល់ឈ្មោះថ្មីលោកជាបណ្ដើរៗចាប់ពីការប្រកាសនេះទៅ ដោយស្នើឲ្យគេហៅឈ្មោះថ្មីថា«ចាន់ អាជុន»ហៅសេម។ លោកប្រកាសថាបើឈ្មោះដែលបានដាក់ថ្មី ជួយឲ្យលោកមានយីអ៊ុន និងជោគជ័យការងារបានច្រើនជាងមុន នោះលោកនឹងលុបឈ្មោះសេម ចោលទៀត ដើម្បីឲ្យគេស្គាល់លោកតែឈ្មោះ ចាន់ អាជុន ដែលជាឈ្មោះហុងស៊ុយតាមការទស្សន៍ទាយរបស់ព្រះចៅអធិការវត្តព្រះនាងខ្មៅ៕

មតិយោបល់