ព័ត៌មានសិល្បៈ និងកម្សាន្ត

រុន ណាកូ បង្ហាញខ្លួនក្នុងរឿង«រនាថឯក» ក្រោយប្រកាសអត់ថត

មុននេះបន្តិចតារាសម្ដែងវ័យក្មេងលោក រុន ណាកូ បានប្រកាសប្រាប់ថាលោកមិនថតភាពយន្តរឿង«រនាថឯក»នោះទេ បើទោះជាភាពយន្តភាគរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥មួយនោះ ត្រូវបានផលិតករ និងជាអ្នកនិពន្ធ គឺលោក កែវ រតនា បានផ្ដល់តំណែងជាឲ្យជាតូធំលំដាប់ទី៣ បន្ទាប់ពីតួឯកសំខាន់។ ប៉ុន្តែក្នុងពេលភាពយន្តមួយនេះ ដំណើរការចេញថត ស្រាប់តែឃើញវត្តមានរបស់លោកបង្ហាញមុខយ៉ាងក្រឡឹម ស្របគ្នាដែលមានការទម្លាយថា ការទទួលថតរបស់លោកនៅក្នុងរឿងនេះ ក៏មិនបានតំណែងដែលធ្លាប់ប្រកាសផង។

លោក កែវ រតនា ផលិតភាពយន្តភាគរឿង«រនាថឯក»បានឆ្លើយចម្ងល់នេះថា ជាការពិតលោក រុន ណាកូ លោកពិតជាបានដាក់តួឲ្យសម្ដែងជាតួរងទី៣ក្នុងភាពយន្តបែបបុរាណ និង២សម័យកាលនេះមែន ដោយតួរបស់លោកត្រូវលេងជាមួយតួអង្គ លោកសាយ សៀរ៉ា កញ្ញានី មុន្នីនាថ និងលោក រ៉ា វិរ: ដែលជាតួអង្គសំខាន់ជាងគេក្នុងរឿងនោះផង។

ប៉ុន្តែបណ្ដាលមកពីលោកប្រកាសថាមិនអាចថតបាន ព្រោះតែជាប់ការប្រលង និងសិក្សាជំនាញដល់ខេត្តកំពតពិបាកសុំច្បាប់ផង ទើបលោកសម្រេចដូរតួ ដោយដាក់ឲ្យតារាម្នាក់ផ្សេងសម្ដែងជំនួស។ យ៉ាងណាមិញ ក្នុងជំនួបថ្ងៃខួបកំណើតរបស់លោកថៃ ប៊ុននាង លោករុន ណាកូ បានអះអាងថាខ្លួនអាចថតបានឡើងវិញ ទើបលោកសម្រេចផ្ដល់ឱកាសឲ្យជាថ្មី ហើយឲ្យសម្ដែងជាតួអង្គមន្ត្រីក្នុងវាំងវិញ ដែលតំណែងមួយនេះ ដ្បិតថាមិនធំដូចតួអង្គដែលគ្រោងផ្ដល់ឲ្យមុន ប៉ុន្តែក៏មានប្លង់លេងតាំងពីភាគជាង១០ រហូតដល់ភាគជិតចប់នោះដែរ។

លោកថាខ្លួនសុខចិត្តពង្រីកប្លង់ឲ្យតួលោករុន ណាកូ បន្ទាប់ពីការជ្រើសរើសតួធំត្រូវបានកំណត់រើសតួអស់ទៅហើយ។

លោកនិយាយថា«ហេតុផលដែលតួហ្នឹងប្រកាសមិនថតរឿងឲ្យខ្ញុំ ហើយស្រាប់តែឃើញមុខវិញ គឺដោយសារតែចឹង ម្ដងថាលេងអត់កើតព្រោះជាប់ប្រឡងមហាវិទ្យាល័យ តែដល់ពេលថាលេងបានវិញ ទើបខ្ញុំសម្រេចឲ្យលេងជាតួមួយផ្សេង ព្រោះខ្ញុំស្ដាយតួហ្នឹង ត្រេមុខ និងទេពកោលស្យរបស់គាត់ត្រូវចំសាច់រឿងដែលខ្ញុំចង់បាន!»។ លោកថាការពិតឈុតឆាកតួអង្គ ដែល លោក រុន មកសម្ដែងលើកនេះ មិនសូវមានប្លង់សម្ដែងនោះទេ ប៉ុន្តែដោយសារតែលោកស្ដាយតួ ហើយមិនចង់ដកដាក់តួជំនួសដែលបានជ្រើសហើយ ទើបលោកសម្រេចចិត្តបន្ថែមសាច់រឿង និងបង្កើតប្លង់ថ្មី ដើម្បីឲ្យតារារូបនេះអាចសម្ដែងបានច្រើន។ លោកថាលោក រុន ណាកូ មិនធ្លាប់ធ្វើការជាមួយលោកក្នុងរឿងមុនៗនោះទេ ប៉ុន្តែលោកមានសមត្ថភាព ហើយសម្ដែងបានល្អ ដោយលោកពេញចិត្តក្នុងការពង្រីកប្លង់សម្ដែង ដើម្បីរំលេចតួអង្គតារារូបនេះឲ្យលេចធ្លោរផង។

លោក រុន ណាកូ បានបញ្ជាក់តាមឆាតហ្វេសប៊ុកថា ការពិតលោកពិតជាត្រូវត្រៀមខ្លួនដើម្បីប្រឡងផ្នែកពេទ្យធ្មេញពិបាកត្រឡប់មកថតមែន ប៉ុន្តែដោយសារតែលោកស្ដាយឱកាស និងម្យ៉ាងឃើញសាច់រឿងនេះ មានទម្រង់ជាបុរាណ ដែលប្លែកពីរឿងមុនៗផង ទើបលោកសម្រេចចិត្តត្រលប់មកថត ដោយបានទាំងពេញចិត្តសម្ដែងជាតួអង្គមួយផ្សេងដែលមិនធំស្មើនឹងតួអង្គដែលជ្រុះបាត់នោះផង។

លោកថាការសម្ដែងភាពយន្តភាគបុរាណ គឺជារឿងលំបាក ប៉ុន្តែលោកខ្លួនអាចធ្វើបាន ដោយសារតែពេលកន្លងមក លោកក៏ធ្លាប់ថតភាពយន្ត២រឿងរួចមកហើយ ដែលសុទ្ធតែមានប្លង់ពិបាកៗក្នុងរឿង«រាជបុរី Comeback» និងរឿង«អាបកាលីប២០១៨»។

យ៉ាងណាមិញ លោកថាដោយសារតែជាប់ទទួលពាក្យក្នុងរឿង«រនាថឯក» បានធ្វើឲ្យបាត់បង់ឱកាសថតMV ឲ្យអ្នកនាងឈួន សុវណ្ណឆៃ ក្រោមការរៀបចំរបស់«គ្រួសារតារាកម្ពុជា» និងការងារថតស្ពតផលិតផលមួយនៅខេត្តកំពតផងដែរ៕

មតិយោបល់