Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ប្លែក! ឈួន សុ...

ប្លែក! ឈួន សុវណ្ណឆៃ ចេញថតMV ចូលឆ្នាំ មុននេះ

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែអ្នកនាង ឈួន សុវណ្ណឆៃ ស្រាប់តែបោះទុនចេញថតបទចម្រៀងចូលឆ្នាំកាលពីថ្ងៃទី២៦ និង២៧ ឧសភា មុននេះ ក្នុងពេលដែលវេលាដែលអ្នកនាងត្រូវថត មិនត្រូវនឹងបរិបទចូលឆ្នាំថ្មីនៅកម្ពុជាទាល់តែសោះ។ ម្នាក់ៗមានការចោទសួរគ្នាថា តើបទចម្រៀងដែលអ្នកនាងទើបនឹងចេញថតនេះ ទុកលក់ឆ្នាំក្រោយ ឬដាក់បង្ហោះឆាប់ៗ ក្នុងពេលដែលបទចម្រៀងនោះបើទុកដល់ឆ្នាំក្រោយក៏យូរមិនសូវស៊ី ហើយបើត្រូវបង្ហោះឆាប់ៗ ក៏ខុសពីពេលវេលាចូលឆ្នាំ ដែលពិបាកឲ្យបទចម្រៀងទាំងមូលទទួលការចាប់អារម្មណ៍ខ្លាំងក្លា។

MV របស់តារាចម្រៀងរូបនេះ ត្រូវគេឃើញចេញថតនៅក្នុងបរិវេណវត្តប្រាសាទ នៅវិមានឯករាជ្យ និងនៅលើសួនមុខវត្តបុទម ដោយអ្នកនាងក៏បានបោះទុនយកតារាៗចាស់ក្មេងល្បីឈ្មោះជាច្រើនឲ្យចេញថតរូបផងដែរ។ អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា ហេតុផលដែលនាំឲ្យអ្នកនាងសម្រចចិត្តចេញថតMVមួយនេះ ខុសរដូវកាល គឺបណ្ដាលមកពីបទចម្រៀងទាំង៤នោះ ត្រូវបានដាក់បង្ហោះតាំងពីប៉ុន្មានថ្ងៃមុនចូលឆ្នាំ ហើយបណ្ដាលមកពីមុនចូលឆ្នាំការផលិត MV ចេញថតមិនទាន់ ទើបអ្នកនាងសម្រេចថតក្នុងពេលនេះ តែមិនទាន់ប្រាកដថាតើត្រូវដាក់បង្ហោះក្នុងពេលបន្ទាប់ទាំងមិនត្រូវបរិបទ ឬ ត្រូវទុកដល់ពេលចូលឆ្នាំឆ្នាំក្រោយ។ អ្នកនាងថាការចំណាយលើMV ទាំង៤ ចំណាយគួរសម ប៉ុន្តែអ្នកនាងសប្បាយចិត្តដែលមានឱកាសបានបញ្ចេញបទចម្រៀងស្នាដៃថ្មី ហើយបានទាំងរំលេចទម្រង់ស្លៀកពាក់បែបបុរាណ ក្នុងបទចម្រៀងរបស់ខ្លួន ដែលមិនខុសពីការរួមគ្នាលើកស្ទួយវិស័យចម្រៀងខ្មែរ ឲ្យកាន់តែមានការចាប់អារម្មណ៍។

អ្នកនាង ឈួន សុវណ្ណឆៃ និយាយថាប្រសិនបើMV ទាំង៤នេះ ត្រូវដាក់បង្ហោះក្រោយការថតចប់ នោះអ្នកនាងនឹងធ្វើឲ្យការផលិតបទចម្រៀង និងថត MV ជាថ្មីឲ្យបានច្រើនទៀត ប៉ុន្តែបើសម្រេចថាទុកដល់ចូលឆ្នាំ ឆ្នាំក្រោយ នោះអ្នកនាងនឹងផលិតតែពីរបីបទបន្ថែមទៀត គឺជាការគ្រប់គ្រាន់។ អ្នកនាងបញ្ជាក់ថា គ្រាន់តែសំលៀកបំពាក់ និងទម្រង់ក្នុងការថតMV នេះ ក៏អ្នកនាងចំណាយអស់ច្រើនទៅហើយ ដោយសារតែអ្នកនាងចង់ឲ្យមានការចាប់អារម្មណ៍ក្រោយបង្ហោះMV។ នៅក្នុងសកម្មភាពថតMV នោះ គេឃើញរួមមានវត្តមាន លោក លាង ឧត្តម អ្នកនាងគ្រូផល្លារ លោក សេម អាជុន កញ្ញា នី ម៉ាលីណា លោកសន សុវណ្ណារ៉ា កញ្ញា ហេង ស្រីពេជ្រ កញ្ញាអូនពេជ្រ អ្នកនាង ចាន់ តារាគន្ធី លោកម៉ារ៉ា ប៊ុណ្ណា លោកថូមី និងតារាសម្ដែងចាស់ក្មេងជាច្រើនរូបទៀត៕

Loading...