ព័ត៌មានសិល្បៈ និងកម្សាន្ត

វង្ស ថាណាន់ ស្រែកឡើងកប់ មួយបទ«សង្សារអើយបងសុំទោស»

ធ្លាប់តែឮបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា និងបទញាក់ៗដែលមានតុងសំឡេងធូរ ដល់ពេលបកស្រាយបទចម្រៀងបែបស្រែក ហើយតុងខ្ពស់ តារាចម្រៀង លោក វង្ស ថាណាន់ នៅតែច្រៀងបានល្អ។ មួយបទក្រោមចំណងជើងថា«សង្សារអើយឲ្យបងសុំទោស» ដែលលោកលើកយកមកបកស្រាយលើឆាកទូរទស្សន៍ហង្សមាសនាថ្ងៃនោះ សុទ្ធតែធ្វើម្នាក់ៗស្រឡាំងកាំង ហើយសរសើរថាលោកច្រៀងបានពិរោះ បើទោះជាបទចម្រៀងនោះ គឺលោកកាន់ក្បាលមេក្រូច្រៀងផ្ទាល់ មិនមែនចាក់ឌីស។

បទចម្រៀងដែលលោកបកស្រាយនេះ ចាត់ទុកជាលើកទី១ ដែលលោកលើកយកបទប្រភេទស្រែក ហើយមានតុងខ្ពស់ ក្នុងពេលដែលលោកឡើងឆាកកន្លងមក លោកបកស្រាយតែបទចម្រៀងបែបតុងធម្មតាៗ និងបទញាក់ៗដែលត្រូវគេដឹងថាមិនមែនជាបទស្រែក។

ការបង្ហើរបទ«សង្សារអើយឲ្យបងសុំទោស»គឺជាការវិវត្តន៍មួយថ្មីនៅក្នុងពិភពចម្រៀង បន្ទាប់ពីតារាចម្រៀងរូបនេះ ក៏ចាប់ផ្ដើមឡើងកូដ ហើយមានទីផ្សារចេញច្រៀងមិនសូវលោះពេល។ លោក វង្ស ថាណាន់ ត្រូវគេកត់សម្គាល់ថាលេចធ្លោរចុងក្រោយទាំងបទចម្រៀងផ្ទាល់ខ្លួន និងការលើកយកបទចម្រៀងរបស់ម្ចាស់ដើមមកបកស្រាយ ខណ:ដែលស្ទីលបកស្រាយបទចម្រៀងស្រែកៗ ហើយមានតុងខ្ពង់ នឹងក្លាយជាយុទ្ធសាស្រ្តថ្មី ដែលនឹងធ្វើឲ្យតារារូបនេះ ទទួលបានការចាប់អារម្មណ៍។ ក្នុងនោះការលេងស្ទីលសក់ សំលៀកបំពាក់ និងការបកស្រាយបទញាក់យ៉ាងរស់រវើក ក៏ជាចំណុចពិសេសថ្មីៗដែលធ្វើឲ្យលោកលេចធ្លោរផងដែរ ទើបវង្ស ថាណាន់ ត្រូវគេមើលឃើញថាកើនឡើងសន្ទុះ និងមិនពិបាកលេចធ្លោរនៅក្នុងអាជីពចម្រៀង។

យ៉ាងណាមិញ តារារូបនេះមិនទាន់មានលទ្ធផលហក់ចូលផលិតកម្មណាមួយនោះទេ ដោយសារតែលោកប្រកាន់ជំហរ លុះត្រាតែផលិតកម្មធំបើកឱកាសទើបចាប់អារម្មណ៍ ហើយបើមិនមែនជាផលិតកម្មដែលលោកចង់បានគឺសុខចិត្តផលិតបទចម្រៀងឡើងឆាកផ្ទាល់ខ្លួន៕

មតិយោបល់