ព័ត៌មានសិល្បៈ និងកម្សាន្ត

វឌ្ឍនៈ គ្រុប ប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ​របស់​ខ្លួន​ដ៏អធិកអធមចំកណ្តាលរាជធានីភ្នំពេញ!

នាថៃ្ងទី២៦ ខែឧសភា​ ឆ្នាំ២០១៨​ វឌ្ឍន: គ្រុប បានប្រារព្ធពិធីកាត់ខ្សែបូសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជាផ្លូវការ មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម វឌ្ឍន: កាពីតាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​​ សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន​ រ៉ានី ​ហ៊ុន សែន​ ព្រមទាំង​មាន​ការចូលរួមពីសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសំខាន់ៗ ​រួមទាំងអង្គទូតនានា ឧកញ៉ា ភ្ញៀវជាតិ និងអន្តរជាតិ​ផងដែរ។ ក្នុងពិធី​ដ៏​អធិកអធម​​នេះ ក៏មានរៀបចំ ការបញ្ចាំងភ្លើង​លម្អ​រចនា​ចេញ​ជា​ស្លាកសញ្ញា​អគារនិង ទង់ជាតិខ្មែរលើតួអគារទាំងមូល ការបាញ់កាំជ្រួចដ៏​ស្រស់​ស្អាត នាពេលរាត្រី ដើម្បីបង្ហាញជូនសាធារណជន​ទាំងអស់ ឱ្យបានដឹងពីព្រឹត្តិការណ៍មួយនេះ​ផងដែរ។

​​​​​​​ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវឧកញ៉ា ឈុន លាង សហស្ថាបនិក វឌ្ឍន: គ្រុប បាន​លើក​ឡើង​ថា​មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍន: កាពីតាល គឺជានិមិត្តរូបនៃភាព​ជោគជ័យ​មួយក្នុងការខិតខំកសាងប្រទេសជាតិ​ឡើង​វិញរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល តាំងពី​បាទ​ដៃ​ទទេរ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់វិស័យឯកជន​ក្នុងការ​ចូល​រួម​​លើកស្ទួយ​សេដ្ឋ​កិច្ច​ជាតិ និង​នាំ​មក​នូវភាពចម្រុងចម្រើនជូនប្រជាជនខ្មែរគ្រប់រូប ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ចេញពីរបបប្រល័យពូជសាសន៍​ ប៉ុល ពត។ លោកជំទាវឧកញ៉ា ក៏បានសង្កត់ធ្ងន់ថា លោកជំទាវ នៅចងចាំ​អំពី​ការលំបាក និងកិច្ចខិតខំ​របស់​​រាជរដ្ឋាភិបាល​ ដែលដៃម្ខាងខិតខំកសាងសន្តិភាព និងដៃ​ម្ខាង​ទៀត​ខិតខំ​ស្តារ​សេដ្ឋកិច្ច​ជាតិ។ ក្នុងនាម ជាវិនិយោគិនខ្មែរមួយរូប លោកជំទាវ សូមសម្តែង​នូវ​ការគោរពដឹង​គុណ និងថ្លែងអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​បំផុត​នូវ​គុណូបការ:​​ដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏​ឈ្លាសវៃ​របស់​ សម្តេចតេជោ ​នាយករដ្ឋមន្ត្រី និងប្ដេជ្ញាចិត្តមិន​ចាក​ឆ្ងាយ​ចោលប្រទេសជាតិទោះក្នុង​កាល:ទេស:ណាក៏ដោយ។ វឌ្ឍន:គ្រុប បានចំណាយ​ពេល​វេលា ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​ត្រួស​ត្រាយដើម្បីឱ្យលេចចេញជារូបរាងនូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍន: កាពីតាល ដ៏ស្រស់​បំព្រង​មួយ​នេះ ហើយ​បាន​ចំណាយ​​អស់​ទឹក​ប្រាក់​សរុប ២៥០​លាន​ដុល្លារ សហរដ្ឋអាមេរិក ហើយនឹងត្រូវវិនិយោគ​ជាបន្តបន្ទាប់​ទៀត។

ថ្លែងនៅក្នុងទិវាដ៏មហានក្ខត្តឫក្ស ឧត្ដុង្គឧត្ដមនោះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍រំភើបលាយឡំជាមួយភាពក្ដុកក្ដួល​ នៅពេលឃើញវិស័យឯកជន​បានរីកចម្រើនធំធាត់ ហើយ​​​មិនបំភ្លេច​ដើមកំណើតរបស់ខ្លួន​ចេញពីទីណា។ សម្ដេចពិត​ជាមាន​មោទនភាព នៅពេល​បានឃើញ​ប្រទេសជាតិមានការរីកចម្រើន និងមានវត្តមានអគារខ្ពស់ៗ​នៅរាជធានីភ្នំពេញ​ដូច​ជា ​អគារវឌ្ឍន: កាពីតាល។ សម្ដេច​បាន​​បន្តទៀតថា ការ​ដាក់​សម្ពោធ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍន: កាពីតាល គឺជាសមិទ្ធិផលថ្មី​សន្លាងមួយទៀត​របស់កម្ពុជាក្រោយការឆ្លងកាត់​ដំណាក់​កាល​ដ៍សែន​លំបាក​ជា​ច្រើនបន្ទាប់ពីប្រទេស ត្រូវបានបំផ្លិចបំផ្លាញ ដោយភ្លើង​សង្គ្រាម​ប្រមាណជាង៣ទសវត្ស ហើយមិនសល់​អ្វីសោះ​ក្រោយ​ឆ្នាំ១៩៧៩។

​ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះត្រូវបាន​ស្ថាបនាយ៉ាងល្អិតល្អន់ ដោយរចនាជានិមិត្តរូប «នាគរាជ» ដើម្បីបង្ហាញពីភាព​រស់រវើក រឹងមាំខ្លាំងក្លា ភាពរីកចម្រើន​ជឿនលឿនអស្ចារ្យ និងភាពត្រជាក់ត្រជុំ សុខ​សន្តិភាព​បរិបូរណ៍ ក្នុងយុគសម័យ​ សម្តេចតេជោ ។ រីឯគូបកញ្ចក់​លើ​គ្រោង​អគារ គឺជាតំណាងប្រទេសកម្ពុជា ជាគុជប្រចាំអាស៊ី។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍន: កាពីតាល មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ប្រកបដោយសក្តានុពល​ល្អ​បំផុត មានផ្ទៃ​ក្រឡា​សំណង់​អគារ​សរុប ១៣១.០០០ម ២ និង មានកម្ពស់ ១៨៧,៣ម៉ែត្រ មានចំនួន ៣៩ ជាន់​​ គឺ​ជា​អគារ​ខ្ពស់​បំផុត​នៅក្នុង​ប្រទេសកម្ពុជាដែលបង្ហាញអំពីអត្តសញ្ញាណនៃការរស់នៅបែបស៊ីវិល័យ ជួយលើកស្ទួយសោភ័ណ​ភាព​ទីក្រុង។

ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក​ វឌ្ឍន: គ្រុប គឺជាក្រុមហ៊ុនដែលបង្កើតនូវធុរកិច្ចថ្មីៗ និងសហគមន៍រស់នៅ លំដាប់​បទដ្ឋាន​អន្តរជាតិ។​ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានរចនាប្រកបដោយសិល្ប:ដ៏រស់រវើក ហើយ​បានបំពាក់​នូវបរិក្ខាទំនើបៗ ប្រកប​ដោយ​គុណភាពខ្ពស់ ​ស្របតាម​ស្តង់ដារអន្តរជាតិ ​រួម​មាន ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃអគារ ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព ការអភិរក្សប្រភពថាមពល និង​ការ​ការពារ​ទៅ​លើបរិស្ថាន។​ នៅក្នុងឆ្នាំ២០១២ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍន: កាពីតាល គឺជាអគារតែមួយគត់ក្នុង​ព្រះរាជាណាចក្រកម្ពុជា ដែល​បានប្រកួតឈ្នះ​ពាន​រង្វាន់​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ល្អដាច់គេ ​ក្នុងប្រទេសអាស៊ាន ដែល​នេះ​ជា​មោទនភាព និងកិត្តិយសដំបូងបំផុតសម្រាប់​ប្រជាជាតិខ្មែរ ​។​ បន្ថែមពីលើនេះ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វឌ្ឍន: កាពីតាល ក៏ទទួល និងរក្សាបាន​នូវ​វិញ្ញាបនបត្រ​មាស​ LEED (Leadership in Energy and Environmental Design) ពីសហរដ្ឋអាមេរិក​តាំងពីឆ្នាំ២០១៦ ដែលទទួល​ស្គាល់​ថាជាអគារមានលក្ខណ:ឈានមុខគេលើផ្នែកថាមពល និង​បរិស្ថាន ហើយបំពេញគ្រប់លក្ខខណ្ឌបទដ្ឋានបរិស្ថានឥតខ្ចោះ និងឧត្តមានុភាព កម្រិតពិភពលោក។

មជ្ឈមណ្ឌលពាណិជ្ជកម្ម​ វឌ្ឍន: កាពីតាល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុមុខងារ ដែលជា​ការ​អភិវឌ្ឍ​ដំបូង​បង្អស់​​​យ៉ាង​ពិតប្រាកដនៅប្រទេសកម្ពុជា ដោយមានចែកចេញជាផែ្នក​សំខាន់ៗ​ដូចជា៖

– ​ផ្សារទំនើប វឌ្ឍន: កាពីតាល​​ -​ គឺជាផ្សារប្រណិតដំបូងគេលាតសន្ធឹង៣ជាន់ ដែលសំបូរទៅដោយម៉ាកល្បីៗ លំដាប់​អន្តរជាតិដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni, និងStefano Ricci ជាដើម។ បន្ថែមពីនេះ ផ្សារទំនើប វឌ្ឍន: កាពីតាល ក៏មានសេវាកម្មផេ្សងៗ ដូចជា៖ ការិយាល័យកណ្តាលធនាគារវឌ្ឍន: ដែល​ផ្តល់សេវាកម្មធនាគារ៧ថៃ្ងក្នុង១សប្តាហ៍ និងសេវាកម្មបង់ប្រាក់ពន្ឋ-អាករគ្រប់ប្រភេទ ព្រមទាំងមាន​ភោជនីយដ្ឋាន​ផ្សេងៗ​ទៀតដូចជា ហាងលក់តែនិងម្ហូបTWG និងហាងអាហារបារាំងEric Kayser ជាដើម។

– មជ្ឈមណ្ឌលពាណិជ្ជកម្ម – ការិយាល័យកម្រិតខ្ពស់(Grade A)ផ្តល់ជូននូវទីកន្លែងដ៏មានផាសុខភាព​ សុវត្ថិភាព​ខ្ពស់ ​ហើយមានបែងចែកជាបន្ទប់ប្រណិត ការិយាល័យធំៗ ដែលបំពេញទៅតាមតម្រូវការរបស់អ្នក​វិនិយោគ​ជាតិ និង​អន្តរ​ជាតិ​ ដោយមានភ្ជាប់ជាមួយនឹងប្រព័ន្ឋគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រព័ន្ធជណ្តើរយន្តទំនើប និង​ប្រព័ន្ធ​ការពារ​ផ្សេងៗ​ទៀត ។​

– មជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រណិតភាព -(Lifestyle Cube) ជាទីតាំងការិយាល័យអគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា ទីតាំងគ្លីនិកទន្តសាស្រ្ត​ Denriche Asia សេវាសម្ពព និងការិយាល័យសំខាន់ផ្សេងៗទៀត។
– សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លំដាប់ផ្កាយ៥ – ចាប់ពីជាន់ទី២៥ ដល់ ជាន់ទី៣៩ បំពាក់ទៅដោយសម្ភារប្រណិត​ទំនើបៗ​មានបន្ទប់ស្នាក់នៅសរុបចំនួន១៧៥បន្ទប់​​ ​​​រួមមានបន្ទប់ប្រភេទប្រណិតចំនួន៣៧ ជាមួយទំហំចាប់​ពី​៥០​ ទៅ​ដល់ ​២២៥​ម៉ែត្រ​ការ៉េ ។​​​​ ​​លើសពីនេះ ក៏មាន កនែ្លងហាត់ប្រាណ អាងហែលទឹក សាលប្រជុំចំនួន៥ ​ភោជនីយដ្ឋាន​ចំនួន៥ ​ប្រភេទ​ផេ្សងៗគ្នាចាប់ពីជាន់ទី ៣៥ ដល់ជាន់ទី៣៩ ដែលមានដូចជា៖

o Brasserie Louis (ជាន់ទី៣៥): ផ្តល់ជូននូវម្ហូបបែបបារាំង និងខ្មែរ សម្រាប់អាហារពេលព្រឹក​ ថៃ្ងត្រង់​ និងពេល​ល្ងាច
o The Living Room​ (ជាន់ទី៣៥): ផ្តល់ជូនអាហារពេលព្រឹក និងអាហារសម្រន់បែបប្រណិត​សម្រាប់​ពេល​រសៀល និង ពេលល្ងាចរួមនឹងកាហ្វេ តែ និងនំផ្សេងៗ។
o Iza (ជាន់ទី៣៧):​ ម្ហូបបែបជប៉ុន Izakaya ផ្តល់ជូននូវអាហារថ្ងៃត្រង់ និងពេលល្ងាច ដែល​មាន​បង្ហាញ​ស្នាដៃ​ចុងភៅ ផ្ទាល់ៗនិងស្រាជប៉ុនដ៏សំបូរបែប ។
o Sora (ជាន់ទី ៣៧):​ ជាបារលំហមេឃសម្រាប់លំហែកាយ​នា​ពេលរាត្រី ដែលមានទីតាំង​នៅ​ជម្រាល​ខ្នង​អគារ​
ដែល​ផ្តល់ជូនសេវាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥ល្ងាច រហូតដល់យប់ ។
o Cuts (ជាន់ទី៣៨):​ ជាភោជនីយដ្ឋានដែលផ្តល់ជូនប្រភេទសាច់គោ និងគ្រឿងសមុទ្រ ដែលមាន​គុណភាពខ្ព​ស់ និងជាភោជនីយដ្ឋានដែលស្ថិតនៅទីតាំង​ខ្ពស់ជាងគេ​ក្នុ​ង​សណ្ឋាគារ ជាពិសេសគឺនៅពេល​ទទួល​ទាន​អាហារថ្ងៃត្រង់ និងពេលល្ងាចអាចមើលទេសភាពនៅបរិវេណជុំវិញរាជធានីភ្នំពេញផងដែរ។​

មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍន: កាពីតាល ដែលជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជា មានផ្ដល់​ជូនលោកអ្នកនូវ​សេវាកម្ម​ដ៏ល្អ​ឥតខ្ចោះ និងទំនិញម៉ាកប្រណិតល្បីៗ ​​​​​ ព្រម​ទាំង​ផ្ដល់ជូននូវ​បទពិសោធន៍នៃរចនាបទរស់នៅ​បែប​ស៊ី​វីល័យ​។​សូមអញ្ជើញសាធារណជនទាំងអស់​គ្នា ​ចូលរួម​ទទួល​​យកបទពិសោធន៍ ថ្មីៗនូវការផ្តល់ជូនដ៏អស្ចារ្យជាងគេពី​​ មជ្ឈមណ្ឌលពាណិជ្ជកម្ម​ វឌ្ឍន: កាពីតាល ដ៏ប្រណិត​​ ​ដែល​មាន​ទីតាំង​ស្ថិត​នៅមហាវិថី​ព្រះមុនី្នវង្ស​ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ។

សូមអញ្ជើញចូលទស្សនាគេហទំព័រតាមរយ: https://www.vattanaccapital.com/

លេខទូរស័ព្ទទំនាក់ទំនងមជ្ឈមណ្ឌលពាណិជ្ជកម្ម +855 (0)23 938 888
លេខទូរស័ព្ទទំនាក់ទំនងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ +855 (0)23 936 888

មតិយោបល់