Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ពិធីការិនីឆ្ន...

ពិធីការិនីឆ្នើម៣រូប ប៉ះគ្នាក្នុងព្រឹត្តិការណ៍ប្រគល់មេដាយកិត្តិយសដល់តារាសិល្ប:ថ្ងៃទី៩ ខាងមុខនេះ

នៅថ្ងៃទី៩ ខែកក្កដានេះ ពិធីការិនីឆ្នើម៣រូបដែលត្រូវគេចាត់ទុកថាជាពិធីការិនីល្បីល្បាញលំដាប់ប្រទេស សុទ្ធតែបានប្រកាសថានឹងបង្ហាញខ្លួនក្នុងពិធីជប់លៀងគម្រប់២ឆ្នាំរបស់«គ្រួសារតារាកម្ពុជា» អមដោយពិធីប្រគល់មេដាយកិត្តិយសជូនតារា និងប្រកួតឈុតបុរាណដ៏ធំនាថ្ងៃនោះ។ អ្នកនាងគង់ សុជាតិ អ្នកនាងយុគ ចិន្តា និងកញ្ញា ឌួង ហ្សូរីដា នៅមិនទាន់ដឹងថានឹងរំលេចឈុតបុរាណបង្អួតគ្នាបែបណានៅឡើយទេ ប៉ុន្តែអ្វីដែលគេបានដឹងគឺអ្នកទាំង៣នឹងប៉ះគ្នាលើវេទិកាតែមួយ ដែលកាន់តែធ្វើឲ្យព្រឹត្តិការណ៍ដែលប្រកាសធ្វើនាថ្ងៃនោះ ក្លាយជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ។

អ្នកនាង យុគ ចិន្តា និយាយថា អ្នកនាងមិនទាន់ច្បាស់ នឹងមានឈុតបុរាណចូលរួមបង្អួតសម្រស់ ឬយ៉ាងណានៅឡើយទេ ប៉ុន្តែអ្នកនាងនឹងចូលរួម ដើម្បីផ្ដល់កិត្តិយសឡើងបំពាក់មេដាយកិត្តិយសជូនសិល្បករសិល្បការិនីដែលមានស្នាដៃសង្គមនៅក្នុងថ្ងៃនោះ ក្រោមវត្តមានថ្នាក់ដឹកនាំធំៗ និងត្រៀមខ្លួនបំពេញតួនាទីមួយចំនួនដែលអ្នកនាងអាចជួយកម្មវិធីបាន។ អ្នកនាងថាខ្លួនមិនខកខាននៅក្នុងកម្មវិធីទ្រង់ទ្រាយធំនោះទេ ដោយសារតែអ្នកនាងក៏ចង់ដឹងថាតើតារាដែលគ្រងឈុតបុរាណចម្រុះគ្នាអ្នកណាជាអ្នកលើកពាន ហើយអ្នកទទួលមេដាយមាសពី«គ្រួសារតារាកម្ពុជា»តើមានតារាណាខ្លះ។ អ្នកនាងក៏ត្រូវទៅយកមេដាយកិត្តិយសមួយពីកម្មវិធីនោះផងដែរ ដោយសារតែអ្នកនាងធ្លាប់បានបង្ហាញខ្លួនក្នុងសកម្មភាពសប្បុរសធម៌របស់គ្រួសារតារាកម្ពុជា គ្រប់ការអញ្ជើញ។

អ្នកនាង គង់ សុជាតិ ដ្បិតថានាពេលកន្លងមក អ្នកនាងមិនត្រូវបានទទួលការអញ្ជើញពី«គ្រួសារតារាកម្ពុជា»សម្រាប់សកម្មភាពសប្បុរសធម៌ តែអ្នកនាងប្រកាសថាបានដឹងពីការងាររបស់ក្រុមនេះខ្លាំងនាពេលកន្លងមក។ អ្នកនាងថាខ្លួននឹងចូលរួមក្នុងកម្មវិធីនោះ ដើម្បីឡើងប្រគល់ពាន និងមេដាយកិត្តិយសជូនតារាសិល្ប:ជំនាន់ក្រោយ តែសម្រាប់ការតែងខ្លួនជាសំលៀកបំពាក់បុរាណដើម្បីប្រកួតប្រជែង អ្នកនាងថាមិនទាន់ដឹងទេ។ អ្នកនាងក៏ប្រកាសថានឹងបណ្ដើរលោកជា វិបុល ជាស្វាមីទៅជួយកម្មវិធីនោះផងដែរ ប្រសិនបើលោកជាវិបុលអាចដកឃ្លាបាន។

កញ្ញា ឌួង ហ្សូរីដា ដែលជារឿយៗ បានបង្ហាញខ្លួនតាមការអញ្ជើញរបស់«គ្រួសារតារាកម្ពុជា»រឹតតែប្រកាសថានឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនោះមិនអាចខកខាន ដោយកញ្ញានឹងគ្រងមួយឈុតបែបបុរាណ ឲ្យប្លែកភ្នែកអ្នកចូលរួមផង។ យ៉ាងណាមិញ កញ្ញា ថាមិនមែនដើម្បីចូលរួមប្រកួតប្រជែងឈុតបុរាណដើម្បីឈ្នះពាននៅក្នុងពិធីនោះទេ គឺគ្រាន់តែចង់ចូលរួមលើកកម្ពស់សំលៀកបំពាក់បុរាណឲ្យកាន់តែមានតម្លៃប៉ុណ្ណោះ។

គួរបញ្ជាក់ថាព្រឹត្តិការណ៍ប្រគល់មេដាយកិត្តិយស និងការប្រកួតឈុតបុរាណក្នុងពិធីជប់លៀងគម្រប់២ឆ្នាំរបស់«គ្រួសារតារាកម្ពុជា!»នេះ ក្រៅពីតារាល្បីៗ និងផលិតករល្បី ក៏មានការប្រកាសចូលរួមជាកិត្តិយសដោយមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នធំ៣ គឺក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងអាជ្ញាធរអប្សរា ទើបញាំងពិធីទាំងមូលឲ្យកាន់តែកក្រើក និងចាប់អារម្មណ៍ខ្លាំងទាំងមិនទាន់ដល់កំណត់នៅឡើយ៕

Loading...