ព័ត៌មានសិល្បៈ និងកម្សាន្ត

មកស្គាល់ម្ចាស់ពានប្រចាំឆ្នាំផ្នែកបុរាណទាំង៦

ក្នុងព្រឹត្តិការណ៍«ខួបគ្រួសារតារាកម្ពុជា» ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏មានពិធីប្រកួតឈុតសំលៀកបំពាក់បុរាណ ដោយមានតារាៗចូលរួមប្រកួតប្រមាណជាជិត១០០នាក់ ដោយមានការផ្ដល់ពិន្ទុយ៉ាងសុក្រិត ពីអ្នកគ្រូគង់ ណារី និងគណអធិបតី ដែលមានជំនាញសិល្ប: ជាគណមេប្រយោគ។ ក្នុងចំណោមពានដែលបានប្រកាសឡើងទាំង៨ រួមមានពានតារាឆ្នើមប្រចាំគ្រួសារតារាកម្ពុជា ដែលលេចធ្លោក្នុងស្រទាប់មហាជន ដោយបានទៅរំដួលលិចទឹកព្រោះតែនាងគឺជាសមាជិកស្នូលរបស់គ្រួសារតារាដែលទទួលបានប្រជាប្រិយលេចធ្លោប្រចាំក្នុងព្រឹត្តិការណ៍ដែលនាងបង្ហាញខ្លួន។ ពានអ្នកគ្រងឈុតអស្ចារ្យបានលេចធ្លោ បានទៅលើតារាសម្ដែងកញ្ញា ភី សម័យ ដោយសារតែឈុតរបស់នាងត្រូវបានគណកម្មការយល់ថាមានការច្នៃប្រឌិតខ្ពស់ និងមានភាពប្លែកភ្នែកកម្រឃើញ ជាពិសេសគឺបានយកទុយោមករំលេចជាម៉ូដម៉ាយ។ យ៉ាងណាមិញ ក្នុងចំណោមពានទាំង៨ ពានចំនួន៦ត្រូវបានកត់សម្គាល់ថាជាម្ចាស់ពានដែលរំលេចឈុតបុរាណ និងឈុតបុរាណកែច្នៃដែលចេញពីទឹកដៃរបស់អ្នកជំនាញ។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតកម្រក្នុងសម័យបុរាណ(ស្រី)៖ បានទៅលើពិធីការិនីស្រស់ស្អាត កញ្ញា ប៊េបី បន្ទាប់ពីនាងគ្រងឈុតមួយក្នុងចំណោមឈុតស្អាតៗរបស់ព្រះនាងឥន្ទ្រទេវី ដែលមានតឹងតាងនៅជញ្ជាំងប្រសាទព្រះខាន់។ ឈុតនេះមានលក្ខណ:ពិសេសត្រង់ជាឈុតកម្រ ជាឈុតដែលកែច្នៃថ្មីមិនមានដាក់ជួលនៅតាមវង់របាំ និងល្ខោន ហើយជាឈុតដែលពោរពេញដោយរចនាបទបែបខ្មែរពិតៗមិនមានកាឡៃ។ ម្ចាស់ពានដែលគ្រងឈុតនេះ ត្រូវគេដឹងថាមានបានជួបនូវហេតុការចម្លែកជាច្រើនផង ដែលហាក់ដូចជាម្ចាស់ឈុតចូលមកសណ្ឋិតមែនទែន។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតកម្រក្នុងសម័យបុរាណ(ប្រុស)៖ បានទៅលើតារាសម្ដែងលោក គង់ សុធារិទ្ធិ ដោយសារតែលោកគ្រងឈុតកងទាហានក្នុងសម័យអង្គរ ដែលមានចរឹកជាភស្ដុតាងនៅលើប្រាសាទអង្គរដូចគ្នា ហើយជាឈុតដែលកែច្នៃថ្មីតាមសំដៅដើម ដោយមិនសូវឃើញមានការគ្រងឈុតបែបនេះពីសំណាក់តារាៗ និងសិល្បករពីមុនមក។ នេះជាឈុតសម្រាប់ទាហានស្លៀកធ្វើចម្បាំង និងជាឈុតដែលមានរចនាបទពិតប្រាកដនៅលើជញ្ជាំងប្រាសាទ។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតបុរាណបានស័ក្ដសម(ស្រី)៖ បានទៅលើអ្នកនាង ម៉ៅ ស៊ីណាត ដោយសារតែអ្នកនាងបានគ្រងឈុតអ្នកម្នាងក្នុងសម័យអង្គរ និងសម័យបាយ័ន ដែលឈុតនោះ មានលក្ខណ:ពិសេសត្រង់ជាឈុតកែច្នៃថ្មីតាមសំណៅដើម តែបានរួមបញ្ចូលរវាងឈុតរបស់ព្រះនាងឥន្ទ្រទេវី និងឈុតអប្សរា ដើម្បីឲ្យកាន់តែមានលក្ខណ:ស្រស់ស្អាត។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតបុរាណបានស័ក្ដសម(ប្រុស)៖ បានទៅលើតារាសម្ដែងលោក រុន ណាកូ ដែលបានគ្រងឈុតព្រះបាទ សុរិយវរ្ម័នទី២ ដែលជាអ្នកកសាងប្រសាទអង្គរវត្ត និងជាឈុតដែលមានតឹងតាងនៅលើជញ្ជាំងប្រាសាទច្បាស់លាស់។ មួយឈុតនេះត្រូវបានគណកម្មការប្រកាសថាជាឈុតដែលប្រើគ្រឿងលម្អត្រូវតាមទម្រង់មិនក្លាយ និងជាឈុតដែលបានកែច្នៃថ្មី ដែលមិនមែនជាឈុតអាចជួលនៅកន្លែងណាយកមកស្លៀកក៏បាន។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតបុរាណកែច្នៃ(ស្រី)៖ បានទៅលើតារាភេទទី៣ កញ្ញា រំដួលលិចទឹក ដោយគណកម្មការបានឯកភាពគ្នាថា បើទោះជាតារាស្រីរូបនេះ គឺតារាភេទទី៣ ប៉ុន្តែកម្មវិធីទាំងមូលគឹប្រកួតជ្រើសរើសសំលៀកបំពាក់បុរស និងសំលៀកបំពាក់ស្រ្តី ដូច្នេះសម្រាប់តារាណាក៏ដោយឲ្យមានឈុតត្រូវនឹងទម្រង់កម្មវិធី គឺត្រូវតែបានលើកពាន។ ឈុតរបស់នាងគឺជាឈុតព្រះនាងទេពអប្សរា ដែលមានលើជញ្ជាំងប្រាសាទអង្គរ ដោយឈុតរបស់នាង គែរំដួលលិចទឹកបានប្រើកន្ទេលយកមកច្នៃ និងផ្នែកខាងម្កុដគឺច្នៃពីសំរាម ដោយលក្ខណ:ពិសេសរបស់ឈុតនេះ គឺមានរំលេចដោយផ្កាចកយ៉ាងស្រស់ស្អាត។ នាងជាម្ចាស់ពានក្នុងពេលតែមួយ ដោយគ្រងពានជាសមាជិកគ្រួសារតារាកម្ពុជាលេចធ្លោបំផុត ក្នុងស្រទាប់មហាជនមួយទៀត។

ម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែកគ្រងឈុតបុរាណកែច្នៃ(ប្រុស)៖ បានទៅលើតារាសម្ដែង លោក ម៉ែន អម្រុងរ័ត្ន ដែលច្នៃឈុតពីកេន្នរឲ្យទៅជាឈុតបែបកេន្នរ៉ាហើយ មានរចនាបទបែបខ្មែរ និងមានសិល្ប:ក្នុងចំណោមឈុតប្លែកៗ និងស្រស់ស្អាតនៅក្នុងពិធីនោះ។ ឈុតរបស់លោកមានលក្ខណ:ពិសេសត្រង់មានគំនិតរួមបញ្ចូល និងច្នៃប្រឌិតខ្ពស់ ហើយជាឈុតដែលមិនមានលក់ ឬជួលស្រាប់ដូចឈុតបុរាណស្អាតៗផ្សេងទៀត៕

មតិយោបល់