ព័ត៌មានសិល្បៈ និងកម្សាន្ត

២០រូប ជាប់តំណែងតារាឆ្នើមប្រចាំឆ្នាំ

ក្រៅពីការប្រគល់មេដាយកិត្តិយស និងពិធីប្រកាសពានតារាលេចធ្លោប្រចាំឆ្នាំដែលគ្រងឈុតបុរាណស្អាត ក្នុងពិធីខួប«គ្រួសារតារាកម្ពុជា»ក៏មានប្រគល់តំណែងឆ្នើមឲ្យតារាមួយចំនួនដែលសកម្ម និងមានទឺកចិត្តក្នុងកិច្ចការសង្គមក្នុងរយ:ពេល២ឆ្នាំ តាំងពីក្រុមទាំងមូលបានបង្កើតឡើងផងដែរ។ តំណែងដែលត្រូវប្រកាសឡើង មិនចាញ់ពានតារាប្រជាប្រិយ និងលេចធ្លោនៅក្នុងពិភពសិល្ប:នោះឡើយ ខណ:ដែលតំណែងមួយនេះ គឺជាអ្វីដែលតារាម្នាក់ប្រាថ្នាចង់បាន។ ចង់ដឹងថា តារាណាខ្លះទទួលបានតំណែងឆ្នើមនេះ?

កញ្ញា ប៉ុបពី បានទទួលតំណែងជា«តារាភេទទី៣ឆ្នើម មានប្រជាប្រិយភាពនាំមុខគេ ក្នុងកិច្ចការសប្បុរសធម៌» ដោយសារតែនាងគឺជាពិធីការិនី និងជាតារាកំប្លែងលេចធ្លោប្រចាំក្រុម ហើយជាតារាដែលមានប្រជាប្រិយក្នុងស្រទាប់មហាជន។ នាងទទួលបានមេដាយមាសមួយគ្រឿង អមនឹងវិញ្ញាបនប័ត្រកិត្តិយសដែលបានផ្ដល់ឲ្យ ដោយតំណែងរបស់នាងត្រូវបានក្រុមកត់សម្គាល់ថា គឺជាតំណែងឆ្នើមកម្រិតA ប្រចាំក្រុម។

កញ្ញា យ៉េយ៉េ បានទទួលតំណែង«កំប្លែងលេចធ្លោក្នុងស្រទាប់មហាជន និងសកម្មក្នុងកិច្ចការសង្គមសប្បុរសធម៌» ដោយនាងក៏ទទួលបានមេដាយមាសប្រចាំឆ្នាំ ក្នុងនាមជាតារាឆ្នើមកម្រិតA ផ្នែកកំប្លែងផងដែរ។

លោក សុះ ម៉ាច តារាចម្រៀងក៏បានតំណែងជា«តារាគំរូក្នុងពិភពសិល្ប:»ផងដែរ ដោយសារតែរយ:ពេល២ឆ្នាំ ចាប់តាំងពីបង្កើតគ្រួសារតារាកម្ពុជា លោកត្រូវបានសមាជិកទាំងអស់ចាត់ទុកថាជារៀមច្បងមួយរូបដែលគួរឲ្យគោរព និងជារៀមច្បងដែលផ្ដល់ភាពកក់ក្ដៅដល់តារាសិល្ប:ជំនាន់ក្រោយ។ លោកក៏បានមេដាយមាសអមនឹងតំណែងមួយនេះផងដែរ។

លោក រតន: វិសិដ្ឋ និង កញ្ញាទឹម រដ្ឋា បានទទួលតំណែងស្របគ្នាជា«តារាម៉ូដែលលេចធ្លោ ក្នុងសកម្មភាពសប្បុរសធម៌» ដោយទទួលបានមេដាយមាសកម្រិតAម្នាក់មួយ ដោយសម្អាងថាអ្នកទាំងពីរបានចូលរួមបង្ហាញម៉ូដច្រើនលើកជាងគេបើធៀបនឹងតារាបង្ហាញម៉ូដ ផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍របស់«គ្រួសារតារាកម្ពុជា»។

លោក នាង វ៉ាងសាន់ បានទទួលតំណែងជា«ពិធីករឆ្នើម លេចធ្លោក្នុងកិច្ចការសប្បុរសធម៌» អមដោយមេដាយប្រាក់ប្រចាំឆ្នាំ បន្ទាប់ពីលោកត្រូវបានក្រុមកត់សម្គាល់ថាបានចូលរួមច្រើនជាងគេ ក្នុងតំណែងជាពិធីករស្ម័គ្រចិត្ត តែស្ថិតក្នុងភាពអសកម្មមួយចំនួន ក្នុងកម្មវិធីក្រោយៗ។

អ្នកនាង ចាន់ ផល្លា ត្រូវបានប្រកាសថា គឺជា«ពិធីការិនីឆ្នើម លេចធ្លោក្នុងសកម្មភាពសប្បុរសធម៌» ដោយទទួលបានមេដាយមាស ដោយសារតែក្នុងរយ:ពេល២ឆ្នាំ ចាប់តាំំងពីគ្រួសារតារាកម្ពុជាបង្កើតឡើង អ្នកនាងបានរួមចំណែកបង្ហាញមុខក្នុងនាមជាពិធីការិនីយ៉ាងលំបាកលំបិនជាមួយក្រុមគួរឲ្យកត់សម្គាល់។

កញ្ញា រំដួលលិចទឹក បានទទួលតំណែងជា«តារាលេចធ្លោ លើស្នាដៃច្នៃប្រឌិតឆ្នើមប្រចាំំឆ្នាំ» អមដោយមេដាយមាស ដោយសារតែនាងគឺជាតារាតែម្នាក់ ដែលមានគំនិតច្នៃប្រឌិតខ្ពស់លើទម្រង់សំលៀកបំពាក់ដែលតែងតែបង្ហាញ ហើយធ្វើឲ្យមានការទទួលស្គាល់គួរឲ្យសរសើរ។

លោក រុន ណាកូ បានតំណែងជា«សមាជិកឆ្នើម សកម្មឈានមុខក្នុងរយ:ពេល២ឆ្នាំរបស់ក្រុម» ដោយសារតែលោកគឺជាតារាមួយរូបដែលត្រូវបានកត់សម្គាល់ថាបានចូលរួមសកម្មភាពរបស់«គ្រួសារតារាកម្ពុជា»តាំងពីបើកដំណើរការសកម្មភាពដំបូង ហើយក៏ជាសមាជិកតែម្នាក់ ដែលទទួលស្ម័គ្រចិត្តក្នុងចំនួនច្រើនជាងតាំងពីឆ្នាំដំបូង មកទល់នឹងបច្ចុប្បន្ន។

លោក ស៊ឹម ស៊ីណាត ទទួលបានតំណែងជា«តារាចម្រៀងលេចធ្លោ ប្រចាំក្រុម» ដោយទទួលបានមេដាយមាស បន្ទាប់ពីក្នុងរយ:ពេល២ឆ្នាំ គឺលោកអាចត្រូវចាត់ទុកថា ជាតារាចម្រៀងប្រចាំក្រុមតែម្នាក់ដែលតស៊ូ ក្នុងសកម្មភាពច្រៀងរាំសប្បុរសធម៌ដែលបានឡើងគួរឲ្យសរសើរ។

នាយចឺម ត្រូវបានប្រកាសថា ជា«តារាចម្រៀងលេចធ្លោ ពោរពេញដោយឆន្ទ: និងការអត់ធ្មត់ខ្ពស់ក្នុងកិច្ចការសង្គម» ដោយត្រូវទទួលមេដាយមាសបន្ថែមពីលើមេដាយមាសសកម្មភាពក្នុងសង្គម ដែលលោកបានទទួល។ ផ្អែកតាមអត្ថន័យរបស់តំណែងនេះ គឺលោកជាតារាដែលមានការអត់ធ្មត់ និងអន់អោនខ្ពស់ចំពោះកង្វះខាតដែលបានកើតឡើងនៅពេលដែលលោកទទួលច្រៀងកម្មវិធីអត់លុយម្ដងៗ។

កញ្ញា ភីយ៉ា ដែលមានឈ្មោះពិតថា លី ឌីណា បានទទួលតំណែងឆ្នើមជា«តារាមានទំនាក់ទំនងល្អ និងមានការយោគយល់ខ្ពស់» ដោយនាងក៏ទទួលបានមេដាយមាសប្រចាំផងដែរ។

អ្នកនាង ម៉ៅ ស៊ីណាត បានទទួលតំណែងជា«តារាឆ្នើម មានឆន្ទ: និងលះបង់ខ្ពស់ក្នុងការងារសង្គម» ដោយអ្នកនាងក៏ទទួលបាមេដាយមមាសបន្ថែមពីលើមេដាយមាសដែលបង្ហាញពីស្នាដៃការងារក្នុងកិច្ចការសង្គមផងដែរ។

អ្នកនាង ឈួន សុវណ្ណឆៃ ទទួលបានតំណែងជា«តារាចម្រៀងឆ្នើមផ្នែករំលេចទម្រង់បុរាណលេចធ្លោ ក្នុងសកម្មភាពសប្បុរសធម៌» ដោយអ្នកនាងក៏ទទួលបានមេដាយមាសផងដែរ ខណ:ដែលតំណែងនេះ គឺស័ក្ដសមណាស់សម្រាប់តារាស្រីដែលពោរពេញភាពទន់ភ្លន់ ថ្លៃថ្នូ និងតែងចូលរួមលើកស្ទួយវប្បធម៌បុរាណជាតិទាំងទម្រង់សំលៀកបំពាក់ និងរបាំបុរាណ។

លោក សន សុវណ្ណារ៉ា ពិធីករ បានទទួលតំណែងជា«តារាឆ្នើមផ្នែកចាត់ចែង និងពិធីការ» ដោយទទួលបានមេដាយមាសផងដែរ ខណ:ដែលកម្មវិធីខួប២ឆ្នាំរបស់«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៩ កក្កដា គឺលោកជាអ្នករៀបចំពិធីការ និងសម្រួលការងារជាច្រើន បន្ទាប់ពីស្ថាបនិកប្រចាំក្រុម។

អ្នកនាង ពេជ្រ ខេនឌី តារាចម្រៀងបានទទួលតំណែងជា«សមាជិកឆ្នើម ពោរពេញដោយឆន្ទ:ប្រចាំក្រុម» អមដោយមេដាយមាស ដោយអ្នកនាងទទួលបានតំណែងនេះ ដោយសារតែក្នុងរយ:ពេល២ឆ្នាំកន្លងមក បានជួយជ្រោមជ្រែងក្រុមពីក្រោយខ្នងគួរឲ្យសរសើរ ជាពិសេសគឺផ្ដល់លទ្ធភាពឲ្យផលិតបទចម្រៀងប្រចាំក្រុមមកដល់បច្ចុប្បន្ន និងកង្វះខាតមួយនៅពេលក្រុមមានតម្រូវក្នុងសកម្មភាពមនុស្សធម៌។

លោក លាង ឧត្តម បានទទួលតំណែងជា«តារាសម្ដែងឆ្នើម លេចធ្លោក្នុងសកម្មភាពសប្បុរសធម៌» ដោយសារតែលោកបានរួមចំណែកចូលរួមជួយក្រុមច្រើនក្នុងរយ:ពេល២ឆ្នាំកន្លងមក។ យ៉ាងណាមិញ លោកបានទទួលត្រឹមតែមេដាយប្រាក់ប្រចាំឆ្នាំប៉ុណ្ណោះ ដោយសារតែក្នុងសកម្មភាពសប្បុរសធម៌ លោកមិនអាចជួយចប់ចុងចប់ដើម ព្រោះតែមានការងារច្រើន។

លោក ខេន វណ្ណាថាត់ ពិធីករ ទទួលបានតំណែង«សមាជិកស្ថាបនិក មានស្នាដៃឆ្នើម»ដោយទទួលបានមេដាយមាស ដោយសារតែលោកក៏ជាអ្នករួមចំណែកជ្រោមជ្រែងក្រុមឲ្យមានការរីកចម្រើនមកដល់ថ្ងៃនេះគួរឲ្យកត់សម្គាល់។ លោកគឺជាស្ថាបនិកនៃLogo ប្រចាំក្រុម និងបានរួមចំណែកជួយក្រុមជាច្រើនទៀត។

លោកសេម អាជុន ក៏ទទួលបានតំណែងឆ្នើមមួយរូបផងដែរ ដោយលោកត្រូវបានប្រកាសថាគឺជា«តារាដែលមានការទទួលខុសត្រូវ
ខ្ពស់ក្នុងកិច្ចការសង្គម» ដែលមានន័យថាឲ្យតម្លៃការងារក្រុមក្រោយការព្រមព្រៀងជាជាងការងារបានលុយខាងក្រៅ និងជាតារាដែលត្រូវកត់សម្គាល់ថាបំពេញការងារសប្បុរសធម៌ ដោយពេញចិត្តនៅគ្រប់កាល:ទេស:។

កញ្ញា ណាតាហ្សា ដែលត្រូវគេស្គាល់ថា ជាជនជាតិខ្មែរឥស្លាម បានក្លាយជាតារាកូនកាត់ឆ្នើម ដែលសកម្មក្នុងសិល្ប:ខ្មែរ និងសកម្មភាពសប្បុរសគួរឲ្យសរសើរ ក្នុងពេលដែលនាង មានដើមកំណើតជាជាតិសាសន៍មួយផ្សេង តែស្រលាញ់ និងចូលចិត្តវប្បធម៍ខ្មែរ និងសង្គមខ្មែរ។

លោក ភឹម តារាវិបុល និងអ្នកនាង ភិន សុដាលីស ក៏ត្រូវបានប្រកាសថាតារាឆ្នើមផងដែរ ដោយបានតំណែងជាតួឯកដែលលេចធ្លោទាំងភាពយន្ត និងសកម្មភាពសង្គមផងដែរ ដោយសារតែអ្នកទាំងពីររមែងចុះជួយសកម្មភាពសប្បុរសធម៌ទាំងគូៗ ហើយរំលេចភាពលេចធ្លោមិនខុសពីក្នុងភាពយន្ត។

ក្រៅពីតារាដែលបានបង្ហាញមុខខាងលើ តារាចម្រៀង តារាសម្ដែង និងតារាមួយចំនួនផ្សេងទៀត ក៏ត្រូវបានប្រកាសថាតារាឆ្នើមផងដែរ ប៉ុន្តែដោយសារតែតារានោះអវត្តមានទើបត្រូវបានលុបចោល៕

មតិយោបល់