ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកស្រី សរ កេសរ៉ា បំភ្លឺរឿងចូលប្រកួតឈុតបុរាណ ក្នុងព្រឹត្តិការណ៍ដណ្ដើមពាន

ក្នុងចំណោមតារាក្មេងៗយ៉ាងច្រើនកុះករ ដែលរួមមានទាំងតារាល្បីឈ្មោះផង គេឃើញវត្តមានអ្នកស្រី សរ កេសរ៉ា ដែលជាតារាជើងចាស់ចូលរួមប្រកួតឈុតបុរាណដែរ ដោយអ្នកខ្លះបានទាំងបង្ហាញក្រសែភ្នែករិះគន់ចំពោះការប្រកួតប្រជែងសម្រស់ក្នុងព្រឹត្តិការណ៍របស់«គ្រួសារតារាកម្ពុជា»នោះផង។
ពាក់ព័ន្ធនឹងបញ្ហានេះអ្នកស្រីបានចេញមុខស្រាយបំភ្លឺ និងថានោះជារឿងយល់ច្រទ្បំប៉ុណ្ណោះ។

អ្នកស្រី សរ កេសរ៉ា ថ្លែងណា ការពិតអ្នកស្រីបង្ហាញខ្លួនចូលប្រកួតនៅក្នុងកម្មវិធីនោះ គ្រាន់តែចង់រួមចំណែកបង្ហាញឈុតនារីកន្ឌៀតក្អម ដើម្បីឲ្យសាធារជនមានការចាប់អារម្មណ៍ចំពោះមួយឈុតស្រុកស្រែនាពេលនោះប៉ុណ្ណោះ។ អ្នកស្រីថាដោយសារតែកម្មវិធីនោះ គ្រួសារតារាកម្ពុជា តម្រូវឲ្យភ្ញៀវកិត្តិយសតុបតែងខ្លួនក្នុងឈុតបុរាណ ទើបធ្វើឲ្យអ្នកស្រីនឹកឃើញតែងខ្លួនជានារីកន្ឌៀតក្អម ហើយបានកន្ឌៀតទាំងក្អម ដើម្បីឲ្យតារាសិល្ប:បានឃើញ និងបាននឹកឃើញមួយឈុតដែលអ្នកស្រីបានបង្ហាញ។ អ្នកស្រីថាខ្លួនមិនបានបង្ហាញខ្លួនក្នុងពេលប្រកួតនោះ ដើម្បីដណ្ដើមពាននោះទេ គឺគ្រាន់តែស្លៀកឈុតនោះបង្ហាញពីឈុតរបស់នារីខ្មែរជូនដល់គណកម្មការគ្រាន់បានកម្សាន្តភ្នែកប៉ុណ្ណោះ។

អ្នកនាងនិយាយថា«ការពិតថ្ងៃហ្នឹងខ្ញុំបានបញ្ជាក់ប្រាប់អ្នករៀបចំហើយ ថាអ្នកគ្រូគ្រាន់តែចង់ចូលរួមដើរលេងៗទេ អត់មានចង់ប្រកួតចង់ប្រជែង ឬចង់បានពានអីទេ ចំណាស់ខ្ញុំទៅហើយ ទៅប្រលងចង់ឈ្នះចង់ចាញ់អីទៀត គឺគ្រាន់តែចង់ដើរបង្ហាញឈុតបុរាណហ្នឹងលេងៗប៉ុណ្ណឹងទេ!»។

អ្នកស្រីថាមានមនុស្សមួយចំនួនរិះគន់រឿងអ្នកស្រីចង់ប្រកួតជាមួយក្មេងៗ ទើបអ្នកស្រីសម្រេចចិត្តចេញមុខបកស្រាយ និងថាអ្វីដែលអ្នកស្រីចូលប្រកួតនៅក្នុងថ្ងៃនោះ គឺជារឿងចង់សប្បាយ និងដើម្បីបង្ហាញឈុតបុរាណបែបនារីកន្ឌៀតក្អម។

មតិយោបល់