ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ដេចវីយូឡុង អ៊ុ ដារ៉ា នៅតែដុនដាបនឹងជំងឺ

មកទល់ម៉ោងនេះ សភាពជំងឺរបស់ លោក អ៊ុ ដរ៉ា ដែលត្រូវគេស្គាល់ថា ជាស្ដេចវីយូឡុងល្បីឈ្មោះ តាំងពីជំនាន់សង្គមរាស្ត្រនិយម កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ កូនស្រីរបស់លោក បានពោលពាក្យយ៉ាងកម្សត់លាយឡំដោយទឹកភ្នែក បន្ទាប់ពីជំងឺឳពុក នៅតែដុនដាប។

គ្មានអ្នកណាមិនដឹងនោះទេ ថា បិតាវីយូឡុង អ៊ុ ដរ៉ា ធ្លាប់ល្បីឈ្មោះខ្លាំង នៅក្នុងអំឡុងទសវត្សឆ្នាំ៦០។ លោកបាននិពន្ធបទចម្រៀងជាច្រើន ដូចជាបទ“រូបអូនហ្នឹងហើយ” បទ”ថ្ងៃណាមានសង្ឃឹម” បទ “ឈប់ស្រលាញ់អូនទៅ” “នេះឬផលបុណ្យ?” “ស្រលាញ់អូនដល់ណា” “ចាស់ជូរឯម” ជាដើម ដែលសុទ្ធតែល្បីមកដល់ជំនាន់ក្រោយ។ មកដល់ពេលនេះ លោកមានវ័យ៧៩ឆ្នាំ ដោយមានជំងឺឆ្អឹងត្រគាកខាងឆ្វេង ហើយដើរមិនរួច។ ពិការភាពអស់រយ:ពេលច្រើនឆ្នាំមកនេះ បើទោះជាមានសប្បុរសជនជ្រោមជ្រែង និងបានទទួលការព្យាបាលដោយពេទ្យខ្មែរ និងផ្នែកវិទ្យាសាស្ត្រ តែជំងឺរបស់លោកនៅតែធ្ងន់។

កញ្ញា សម ថារ័ត្ន ជាកូនស្រី និងជាកីឡាការិនីល្បុកត្តោនិយាយថា តាំងពីឳពុករបស់នាងឈឺ ការចំណាយលើថ្លៃព្យាបាលអស់មិនតិចនោះទេ ដោយគ្រាន់តែការចំណាយលើថ្នាំខ្មែរ អស់មិនក្រោម២ពាន់ដុល្លារអាមេរិកឡើយ តែនៅមិនមានប្រសិទ្ធិភាព។ នាងថាខ្លួនបានតស៑ូណាស់ គឺតស៊ូនឹងការងារជាច្រើន តាមតែអាចធ្វើបានព្រោះតែកូនៗ ចង់ឃើញឪពុកឈរបាន ដោយមានតែត្រូវប្រឹងរកលុយ ប៉ុន្តែលទ្ធផល នៅតែមិនអាច។ នាងថាបើឪពុកនាងឈរបានវិញមែន នាងនឹងសុំគេ ឡើងឆាកតន្ត្រីណាមួយជាមួយគ្នា ហើយឪពុកនាងលេងវីយូឡុង ហើយនាងជាអ្នកច្រៀង ។

នាងពោលទាំងទឹកភ្នែកថា «អរគុណឪពុក ដែលបានសហការជាមួយកូនអំឡុងពេលកូននៅមើលថែ ពេលដែលពុកស្ថិតក្នុងដង្ហើមផិតផើយ ប្រឹងរស់បន្តជីវិត ដើម្បីជាជនគំរូ សម្រាប់សង្គមគ្រួសារ និងប្រទេសជាតិ និងឲ្យកូនៗបានមើល និងរៀនសូត្រតាម ទោះបីពុកមិនបានសម្ដី វោហារស្ដីប្រដៅដូចពុកគេដទៃ តែទង្វើ ដែលពុកបានបង្ហាញ គឺមានន័យណាស់ទៅហើយ”។ នាងថាស្ថានភាពគ្រួសារយើងពីមុន វេទនា ឥឡូវនេះ ពួកយើងបានអង្គុយគ្រាន់ សង្ឃឹមថាថ្ងៃខាងមុខ ពួកយើងនឹងបានឈរយ៉ាងស្រស់ស្រាយក្ដីសុខបំផុត។ នាងតែងត្រលប់ទៅមើលរូបថត និងអនុស្សាវរីយ៍លោកពីមុនៗ ស្រក់ទឹកភ្នែក ស្ដាយ ស្ដាយពុកប្រញាប់ធ្លាក់ខ្លួនឈឺ ពុកអត់ទាន់បានដេញធាក់កូនៗ ឲ្យរៀនភ្លេងរៀន និពន្ធអីផង។ ក៏មិនដែលឮពុកអួតប្រាប់កូនមួយម៉ាត់ថា “ ឪពីមុនល្បីដែរណា! អួតមួយម៉ាត់ពីរអី អត់អាលីង”។

នាងបន្តថាលោកឪលោកម៉ែ កូនសុំទោស ដែលមិនបានដើរតាមផ្លូវឪ ឪបានចំណូលមិនឈឺសាច់ដូចកូនមែន តែឪចុករោយចង្កេះ ឈឺក្បាល ស្រ្តេស ព្រោះឪប្រើខួរក្បាលគិតច្រើន”។ ការលើកឡើងរបស់នាង ធ្វើឲ្យម្នាក់ៗចង់ស្រក់ទឹកភ្នែក៕

មតិយោបល់