ព័ត៌មានសិល្បៈ និងកម្សាន្ត

រ៉ន ចាន់ឌីន បង្ហើបថាហង្សមាសត្រៀមអោយរួចរាល់

​មកទល់ពេលនេះ អតីតបេក្ខនារីក្នុងកម្មវិធី The Voice Kid កុមារីរ៉ន ចាន់ឌីន នៅមិនទាន់មានកុងត្រាណាមួយជាមួយហង្សមាស ក្នុងនាមជាតារាចម្រៀងនៅឡើយទេ បើទោះជានាងត្រូវគេឃើញឡើងឆាករបស់ហង្សមាស ក្នុងកម្មវិធីធំៗញឹកញាប់។ យ៉ាងណាមិញ ប្អូនស្រីបង្ហើបថាផលិតកម្មហង្សមាសបានប្រកាសចេញបទចម្រៀងឲ្យនាងរៀបរយអស់ហើយ ដោយក្នុងពេលដ៏ខ្លីនាងនឹងមានបទចម្រៀងផ្ទាល់ខ្លួននៅក្នុងផលិតកម្មហង្សមាសនោះផង។

ក្នុងជំនួបបង្ហាញខ្លួនលើឆាកតន្ត្រីប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី«Carabao TV5 Spark Concert » កាលពីថ្ងៃទី២២ កក្កដា ថា ប្អូនស្រីមិនទាន់ត្រូវបានផលិតកម្មហង្សមាសកុងត្រាជាអ្នកចម្រៀងប្រចាំផលិតកម្មដូចគ្នានឹងបេក្ខជនបេក្ខនារី ដែលធ្លាប់ប្រលងក្នុងកម្មវិធីលំដាប់ពិភពលោក ដែលបានរៀបចំដោយក្រុមហ៊ុននេះនៅឡើយទេ ប៉ុន្តែនាងថាគ្រប់យ៉ាងគឺមានសភាពច្បាស់លាស់អស់ហើយ ដោយខាងហង្សមាសបានប្រកាសប្រាប់នាងមិនឲ្យហក់លោតទៅណា និងរង់ចាំហាត់បទចម្រៀង២បទដើម្បីចេញលក់ផ្លូវការនោះផង។ នាងថាហង្សមាស បានរៀបចំបទចម្រៀងចំនួន២បទឲ្យនាង ហើយបានទាំំងប្រាប់នាងថាបើបទចម្រៀង២បទស្ទាបស្ទង់របស់នាងទទួលជោគជ័យ នោះទើបឈានដល់ចំណុចចុះកុងត្រាតែម្ដង។ នាងថាមិនទាន់រំពឹងថាឱកាសចេញបទចម្រៀងនៅក្នុងផលិតកម្មហង្សមាស នឹងជួយឲ្យនាងទទួលបានកេរ្តិ៍ឈ្មោះបន្ថែមកម្រិតណានោះទេ ប៉ុន្តែនាងនឹងប្រឹងឲ្យអស់ពីសមត្ថភាពដោយសារតែនាងក៏ចង់ក្លាយជាតារាចម្រៀងហង្សមាស នាពេលអនាគត។

រ៉ន ចាន់ឌីន និយាយថាដោយសារតែនាងអត់មានបទចម្រៀងផ្ទាល់ខ្លួននោះហើយដែលធ្វើឲ្យនាង ត្រូវបង្ខំចិត្តបកស្រាយតែបទចម្រៀងរបស់តារាចម្រៀងផ្សេង ខណ:ដែលនាងប្រាប់ថាបើហង្សមាសមិនមានជ្រើសយកនាងឲ្យក្លាយជាអ្នកចម្រៀងក្រោយពីចេញ២បទនោះទេ ក៏នាងនឹងត្រៀមចេញបទផ្ទាល់ខ្លួនកុំឲ្យស្ងាត់ពេក។ ក្នុងឱកាសឡើងឆាក«Carabao TV5 Spark Concert»នាងបានបកស្រាយបទចម្រៀងពីជំនាន់ដើម ធ្វើឲ្យម្នាក់កោតសរសើរពីទឹកដមសំឡេងយ៉ាងខ្លាំង ខណ:ដែលនាងក៏អាចបកស្រាយបទចម្រៀងញាក់ៗរបស់តារារៀមច្បងផ្នែកយុវវ័យបានល្អនៅថ្ងៃនោះផងដែរ៕

មតិយោបល់