ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកស្រី រ៉ូស ប្រកាសបញ្ចេញល្បិចកិច្ចកល់ និងភាពឆ្នាស់ឆ្នើម ម៉ាអស់ដៃ

ក្នុងរយ:ពេលចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងជាតួអង្គម្ដាយ អ្នកស្រី រ៉េតរ៉ូស ដែលមានឈ្មោះពិតថា ចាន់ សោភ័ណ្ឌ ឡើងកូដយ៉ាងខ្លាំងនៅក្នុងពិភពសម្ដែង ដោយអ្នកស្រីត្រូវគេឃើញសម្ដែងភាគច្រើនជាតួអង្គម្ដាយស្លូត ទឹកភ្នែក និងកម្សត់។ យ៉ាងណាមិញ តាមរយ:កុងត្រាថ្មីក្នុងរឿង«កញ្ញាជើងខ្លាំង!» ដែលទើបក្រុងពាលីចេញថតក្ដៅៗមុននេះ គឺអ្នកស្រីត្រូវគេឲ្យសម្ដែងឆ្នាស់ និងចិត្តអាក្រក់៩តែម្ដង។

យោងតាមផលិតករដែលជាអ្នកផលិតរឿង«កញ្ញាជើងខ្លាំង»ប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា អ្នកស្រីរ៉ូស ត្រូវបានផលិតករសម្រេចឲ្យដើរតួកាចម្ដង ដោយសារតែចង់ឃើញអ្នកស្រីផ្លាស់ប្ដូររស់ជាតិសម្ដែង និងបានយល់ថាអ្នកស្រីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្ដែងជាតួអង្គបែបនេះ ដើម្បីឲ្យអ្នកគាំទ្រប្លែកអារម្មណ៍ផង។ អ្នកស្រីត្រូវបានសាច់រឿងតម្រូវឲ្យសម្ដែងជាតួអង្គឆ្នាស់ឆ្នើម ជាម្ដាយចិត្តអាក្រក់ និងកាចដល់កំពូលដែលក្រុមផលិតករបង្ហើបថា បើអ្នកស្រីសម្ដែងដល់ គឺពិតជាអ្នកទស្សនាខឹង និងស្អប់មិនខានទេ។ យ៉ាងណាមិញ ផលិតករដដែលនិយាយថាខឹង និងស្អប់ ចំពោះតួអង្គអ្នកស្រីនេះ គឺមានន័យថាអ្នកស្រីសម្ដែងបុកត្រូវអារម្មណ៍មហាជន ដោយមិនមែនជាការខឹងស្អប់ ដែលមានន័យអាក្រក់នោះទេ។

អ្នកស្រី រ៉ូស បានថ្លែងបញ្ជាក់ថា អ្នកស្រីមិនសូវមានចំណូលសម្ដែងជាតួកាចទេ ដោយសារតែជាប់សម្ដែងជាតួស្លូត និងជាម្ដាយចិត្តធម៌ កម្សត់រាប់មិនអស់មកហើយ។ ប៉ុន្តែអ្នកស្រីក៏ចង់ដឹងថានៅពេលអ្នកស្រីសម្ដែងជាតួម្ដាយកាច និងចិត្តអាក្រក់ តើសន្ទុះគាំទ្រ និងមានកម្រិតណានោះទេ ទើបអ្នកស្រីយល់ថាភាពយន្តរឿង«កញ្ញាជើងខ្លាំង»នៅពេលត្រូវបញ្ចាំងនៅប៉ុស្ដិ៍លេខ៥ គឺពិតជាប្លែកអារម្មណ៍មួយបែបសម្រាប់អ្នកធ្លាប់តែឃើញអ្នកស្រីសម្ដែងមុនៗ។

អ្នកស្រីថាកន្លងមកខ្លួនបានទទួលជោគជ័យក្នុងតំណែងជាតួអង្គចិត្តល្អច្រើនរឿងមកហើយ ដូចជារឿង«ឈាមស្នេហ៌ក្បត់បេះដូង» រឿង«ជីវិតនាងរចនា» រឿង«កំលោះទីក្រុងលង់ស្នេហ៌ក្រមុំជនបទ» រឿង«មន្តស្នេហ៏កូនថៅកែត្បូង» រឿង«គុំស្នហ៌ភ្លើងអាឃាត» រឿង«ទណ្ឌកម្មស្នេហ៍» និង រឿង«នេះឬជីវិត!»ជាដើម ខណ:ដែលការសម្ដែងក្នុងរឿងថ្មីនេះគឺអ្នកស្រីមិនត្រឹមតែកាច ចិត្តអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាម្ដាយដែលពោរពេញដោយល្បិចកិច្ចកល់យ៉ាងពិសពុលផងដែរ៕

មតិយោបល់