ព័ត៌មានសិល្បៈ និងកម្សាន្ត

រតនៈ វិសិដ្ឋ និង ទឹម រដ្ឋា ស្របទស្សនៈអ្នកជំនាញសុខភាព២រូប

អ្នកជំនាញផ្នែកសុខភាព២រូបបានបង្ហាញពីអត្ថប្រយោជន៍ក្នុងការស្ទីម ម៉ាស្សា និងហាត់ប្រាណ ដែលជាគុណប្រយោជន៍មិនអាចខ្វះបានរបស់បុគ្គលដែលស្រឡាញ់សុខភាព ជាពិសេសសម្រាប់តារាសិល្ប: ដែលត្រូវការទាំងសុខភាព និងរូបរាងស្រស់សង្ហា។

លោករតន: វិសិដ្ឋ និងកញ្ញា ទឹម រដ្ឋា បានទទួលស្គាល់នូវការលើកឡើងនូវអត្ថប្រយោជន៍នោះ ទើបលោក និងកញ្ញា ប្រកាសថាខ្លួនមិនដែលចោលសកម្មភាពហាត់ប្រាណ និងស្ទីមនោះទេ ដោយសារតែខ្លួនចង់ស្អាត និងចង់បានសុខភាពផ្នែកខាងមុខឲ្យកាន់តែក្មេង។

លោករតន: វិសិដ្ឋ និយាយថា រយ:ពេល២ឆ្នាំមកហើយ ដេលលោកចាប់អារម្មណ៍លើការហាត់ប្រាណ ដោយលោកយល់ថាតាំងពីបានអនុវត្តន៍គឺធ្វើឲ្យមានសុខភាពរឹងមាំ និងមានរូងរាងប្រកបដោយភាពជឿជាក់យ៉ាងខ្លាំង ជាពិសេសគឺសាច់ដុំ និងការកែប្រែខ្លួនពីរូបរាងសំបូរខ្លាញ់ឲ្យក្លាយជារាងកាយស្រស់សង្ហារ។ លោកថាខ្លួនចូលចិត្តហាត់ប្រាណ លើកសាច់ដុំ ជាជាងស្ទីម និងម៉ាស្សា ប៉ុន្តែលោកថាសកម្មភាពនោះក៏លោកឧស្សាហ៍អនុវត្តន៍ផងដែរ បើទោះជាលោកមិនសូវចូលចិត្តស្ទីម សូណា និងម៉ាស្សា ដូចហាត់ប្រាណ។

មិនខុសគ្នាដែរ កញ្ញា ទឹម រដ្ឋា ពោលថា កញ្ញារមែងចំណាយពេលយ៉ាងហោច២លើកទៅស្ទីម និងទៅម៉ាស្សា ជាពិសេសក្នុងពេលកញ្ញាហាត់ប្រាណ ឬធ្វើការនឿយហត់ខ្លាំង គឺកញ្ញាត្រូវតែទៅស្ទីម និងទៅសម្រួលសរសៃ ដោយកញ្ញាបានអះអាងថា ហេតុផលដែលកញ្ញាហាត់ប្រាណដំឡើងសាច់ត្រកៀក ឲ្យសាច់ណែនរាល់ថ្ងៃ និងស្ទីមម៉ាស្សាជាប្រចាំនោះហើយ ទើបកញ្ញានៅតែមានរាងស្វែលមិនធាត់ និងស្រស់ស្អាតមកដល់រាល់ថ្ងៃ។

លោកវេជ្ជបណ្ឌិត្យ សុខ ចិត្ត ជំនាញសង្គ្រោះបន្ទាន់ និងថ្នាំសណ្ដំ ប្រចាំមន្ទីរពេទ្យព្រះកេតុមាលា បានថ្លែងក្នុងពិធីសម្ពោធក្លិបហាត់ប្រាណ ស្ប៉ា និងម៉ាស្សាសុខភាពឡាសង់តេ កាលពីថ្ងៃទី១៦ សីហាថា ការហាត់ប្រាណគឺមានប្រយោជន៍បំផុតសម្រាប់សុខភាពក្រៅពីធ្វើឲ្យរាងកាយស្អាត និងមានសាច់ដុំ។ ប៉ុន្តែលោកថាអ្នកចូលចិត្តហាត់ប្រាណទូទៅគួរអនុវត្តន៍នូវសកម្មភាពស្ទីម សូណា និងម៉ាស្សាមួយទៀត ដោយសារតែការបញ្ចេញជាតិពុលជាមួយនឹងស្ទីម និងសូណា ធ្វើឲ្យរាងកាយបញ្ចេញជាតិពុលបានល្អជាង។ លោកថាស្ទីម ទី១ជួយកាត់បន្ថយស្រ្តេស ទី២ជំរុញរាងកាយឲ្យសម្រាកបានល្អ ទី៣ជំរុញឲ្យមានការសម្រានលក់ស្កប់ស្កល់ ទី៤បង្កើនប្រព័ន្ធការពារនៅក្នុងរាងកាយឲ្យរឹងមាំ ទី៥ជួយសម្រួលដល់ចលនាឈាមឲ្យរត់បានល្អ ទី៦ជួយកម្ចាត់សារជាតិពុលពីសារពាង្គកាយ ទី៧ជំនួយដល់ការដកដង្ហើម ទី៨ទាញឧកស៊ីហ្សែនទៅកាន់ខួរក្បាលបានល្អ ទី៩ធ្វើឲ្យស្បែកទន់ភ្លឺរលោង ទី១០ជួយបញ្ចុះទម្ងន់សម្រកខ្លាញ់ និងទី១១ជួយប្រឆាំងការរលាក ដោយសារតែការស្ទីម និងសូណា ធ្វើឲ្យស្បែករបស់មនុស្សស៊ាំនឹងបរិយាកាសក្ដៅ ឬត្រជាក់បានយ៉ាងល្អ។ សម្រាប់សូណា លោកថាមានគុណប្រយោជន៍យ៉ាងខ្លាំងដូចជា ទី១ជួយបញ្ចុះទម្ងន់ ទី២បញ្ចេញជាតិពុលក្នុងខ្លួន ទី៣បន្ថយអាការ:ឈឺសាច់ដុំរាំរ៉ៃ ទី៤ជំរុញសរសៃឈាមត្រង់កន្លែងរបួសស្នាម ឬកន្លែងវះកាត់ឲ្យដើរស្រួលឆាប់ជា ទី៥ជួយប្រព័ន្ធឈាមរត់ក្នុងបេះដូងបានល្អ ទី៦ជួយជំរុញប្រព័ន្ធសារពាង្គកាយឲ្យរឹងមាំ និងទី៧ជួយជំរុញការព្យាបាលជំងឺមហារីកឲ្យមានប្រសិទ្ធិភាព ខណ:ដែលការម៉ាស្សាវិញលោកថា ទី១កាត់បន្ថយស្រ្តេស ទី២កាត់បន្ថយការឈឺចាប់ក្រោយវះកាត់ ទី៣កាត់បន្ថយជំងឺថប់អារម្មណ៍សម្រាប់អ្នកធ្វើការច្រើន ទី៤កាត់បន្ថយការឈឺចាប់ផ្នែកខាងក្រោមឆ្អឹងខ្នង ទី៥កាត់បន្ថយភាពតឹងនៃសាច់ដុំ ទី៦ជួយឲ្យប្រព័ន្ធខួរក្បាលបញ្ជាទៅការគិតបានល្អ ទី៧ជួយបន្ថយការឈឺចាប់សម្រាប់អ្នកមានអាការ:ឈឺក្បាលរ៉ាំរ៉ៃ(ជំងឺប៉ាកាំង) ទី៨ជួយឲ្យសម្រានបានស្កប់ស្កល់ ទី៩កាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ទី១០ជំរុញឲ្យសុខភាពបេះដូងដើរស្រួល ទី១១បន្ថយការឈឺចាប់ត្រង់កន្លែងសន្លាក់ ទី១២បន្ថយស្រ្តេសសម្រាប់អ្នកជំងឺមហារីក ទី១៣ជួយបញ្ចុះសម្ពាធឈាម ទី១៤ជួយបន្ថយអាការ:ឈឺប្រអប់ដៃ ទី១៥កាត់បន្ថយអាការ:រោយកញ្ចឹងក ទី១៦កាត់បន្ថយអាការ:ក្អួតចង្អុរសម្រាប់អ្នកកើតជំងឺមហារីក និងទី១៨បន្ថយការឈឺចាប់អ្នកវះកាត់ប្ដូរសន្លាក់។ លោកថាមនុស្សគ្រប់រូបគួរមានទម្លាប់ស្ទីម និងម៉ាស្សា ជាពិសេសអ្នកមិននូវចង់ហាត់ប្រាណបញ្ចេញញើស។

លោក ជា ដាវុធ ជាអ្នកជំនាញផ្នែកសុខភាពពីការហាត់ប្រាណ និងជានាយកក្លិបហាត់ប្រាណ ស្ប៉ា និងម៉ាស្សា ឡាសង់តេ ស្ថិតនៅផ្លូវលេខ១៩៦៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានថ្លែងយល់ស្របថា ហេតុផលដែលលោកបោះទុនរហូតដល់ជាង៣០ម៉ឺនដុល្លារ ដើម្បីបង្កើតកន្លែងហាត់ប្រាណ ស្ទីម សូណា និងម៉ាស្សានោះ គឺដោយសារតែមើលឃើញពីអត្ថប្រយោជន៍រាប់មិនអស់នេះឯង។ លោកថា២៤ម៉ោងដែលក្លិបឡាសង់តេ បើកទទួលភ្ញៀវ សឹងមិនមានម៉ោងណា និងថ្ងៃណា មិនមានអតិថិជននោះទេ ជាពិសេសក្រុមមនុស្សវ័យកណ្ដាល ដែលត្រូវការបញ្ចេញញើសដោយកម្ដៅ និងផ្សែងចំហុយ។
លោករតន: វិសិដ្ឋ និងកញ្ញា ទឹម រដ្ឋា និយាយថាអ្នកទាំងពីរនឹងបន្ថែមការស្ទីម និងការម៉ាស្សា បន្ទាប់ពីបានដឹងអត្ថប្រយោជន៍របស់អ្នកស្ទីម និងម៉ាស្សា មានច្រើនដល់ម្លឹងក្នុងពេលដែលលោកកន្លងមក មានចំណូលចិត្តតែការហាត់ប្រាណតែមួយមុខ៕

មតិយោបល់