ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្រាំបានក្លាយជាម្ចាស់បទ«ជឿជាក់! ជោគជ័យ»ដ៏កក្រើកក្នុងពិភពកីឡា តារាចម្រៀង២រូបនេះ ពិបាកដល់ម្លឹង

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបទ«ជឿជាក់! ជោគជ័យ» ដែលជាបទលើកកម្ពស់ក្នុងវិស័យកីឡា ដែលពោរពេញដោយអត្ថន័យ ត្រូវបានបង្ហោះឡើង ហើយឃើញសុទ្ធតែកីឡាករជម្រើសជាតិល្បីៗចែកចាយ និងមានអ្នកចូលទស្សនាច្រើននៅលើយូធូប។

ចម្រៀងមួយបទនេះ បុកត្រូវអារម្មណ៍កីឡាករកីឡាការិនី និងអ្នកស្នេហាវិស័យកីឡាយ៉ាងខ្លាំង ខណ:ដែលតារាចម្រៀង២រូប ដែលត្រូវបានជ្រើសឲ្យក្លាយជាម្ចាស់បទ ក៏ត្រូវបានបញ្ជាក់ថា ទាមទារឲ្យមានគុណសម្បត្តិពិសេសមួយ ទម្រាំតែបានចម្រៀងនេះច្រៀងផ្លូវការ។

លោក ឆាយ វណ្ណ: អ្នកដឹកនាំផលិត និងជាម្ចាស់ផលិតកម្មអាំណាតមេឌា បានថ្លែងបញ្ជាក់ថា លោកបានសម្រេចចិត្តធ្វើបទ Original មួយនេះ គឺដោយសារតែលោកកត់សម្គាល់ថា អ្នកធ្វើបទចម្រៀងភាគច្រើន ផ្ដោតតែលើអត្ថន័យស្នេហា និងមិនសូវជាមានបទច្រើនដែលផ្ដល់គុណប្រយោជន៍ សម្រាប់សង្គម ជាពិសេសគឺបទដែលមានអត្ថន័យជាលក្ខណ:កីឡាករជាតិ គឺមិនសូវមានច្រើន។ លោកថាបទចម្រៀង«ជឿជាក់! ជោគជ័យ» មិនមែនសំដៅតែលើអ្នកលេងកីឡាប៉ុណ្ណោះទេ តែអត្ថន័យបទនេះ ក៏មានន័យដុតកម្ដៅមនុស្សក្នុងសង្គមទូទៅ ឲ្យមានកម្លាំងចិត្ត នឹងមានជំនឿចិត្តលើខ្លួនឯងផងដែរ ដើម្បីឈានទៅសម្រេចកិច្ចការមួយ ដោយជោគជ័យ។ MV មួយបទនេះ លោកបានប្រមូលផ្ដុំសុទ្ធតែកីឡាករ ជម្រើសជាតិគ្រប់ផ្នែកល្បីឈ្មោះឲ្យមកសម្ដែងតែម្ដង ទើបគ្រាន់តែបានបង្ហោះមិនដល់ប៉ុន្មានម៉ោងផង ក៏មានអ្នកចែកចាយ និងចូលទស្សនាច្រើន។

លក្ខណ:ពិសេសរបស់បទនេះ សូម្បីតែអ្នកចម្រៀងក៏ត្រូវបានជម្រើសយ៉ាងលំបាកផងដែរ ដោយលោកបញ្ជាក់ថាតារាចម្រៀងកុងត្រា របស់ផលិតកម្មអាំណាតមេឌាច្រើននាក់ មិនត្រូវបានជាប់ជម្រើសនោះទេ ដោយជាប់តារាចម្រៀងនៅខាងក្រៅផលិតកម្ម ឲ្យមកធ្វើជាម្ចាស់បទទៅវិញ។ លោកថាមួយបទ «ជឿជាក់! ជោគជ័យ»នេះ បកស្រាយដោយតារាចម្រៀង លោក សាល បាទី អតីតបេក្ខភាពប្រលងចម្រៀងក្នុងកម្មវិធីពេជ្រកំពុងច្នៃ និងលោក ប្រុសម៉ៅ ដែលជាតារាចម្រៀងកុងត្រា និងជាអ្នកនិពន្ធប្រចាំផលិតកម្ម ដែលធ្លាប់មានឈ្មោះបោះសំទ្បេងក្នុងបទ«ក្មេងឌឺ»នៅលើយូធូប។

លោកអះអាងថា តារាចម្រៀងច្រើននាក់ ត្រូវបានជម្រើសឲ្យមកថតបទនេះម្ដងហើយម្ដងទៀត ប៉ុន្តែចុងក្រោយលោក ក៏ពេញចិត្តសំឡេងរបស់ លោក សាល បាទី និង តារាចម្រៀងប្រុសម៉ៅ ដោយសារតែតារាចម្រៀងទាំងពីរ មានសំឡេងប្រកបដោយភាពមាំមួន ដោយស្ដាប់ហើយគឺមានបែបបទប្រកបការផ្ដល់កម្លាំងចិត្តដល់អ្នកស្ដាប់ ជាពិសេសគឺកីឡាករតែម្ដង។

អ៊ីចឹងហើយទើបលោកសម្រេចមិនយកតារាចម្រៀងជាខ្សែរយ: ឬល្បីស្រាប់យកធ្វើជាម្ចាស់បទនោះទេ ដោយសម្រេចយកតារាចម្រៀងទាំង២តែម្ដង ហើយឃើញថាមានការគាំទ្រខ្លាំង នៅពេលបទចម្រៀងមានអត្ថន័យជាតិមួយនេះចេញបង្ហោះ៕

មតិយោបល់