ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង អេង ប៉ូ មរណភាពភ្លាមៗ ក្រោយចូលសង្គ្រោះបន្ទាន់

ទើបតែចូលសម្រាកនៅក្នុងមន្ទីរពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ តារាចម្រៀងវ័យជាង៤០ឆ្នាំ លោក អេង ប៉ូ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងអាហ្វែដែលអាចច្រៀងបទជាភាសាអង់គ្លេស និងចិនបានពីរោះ បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃទី ២៧ សីហា ដោយជំងឺដាច់សរសៃឈាមខួរក្បាល។ មរណភាពរបស់លោក ត្រូវបានតារាសិល្ប: ដែលជាមិត្តរួមក្រុមបង្ហោះថាជាការចាកចេញលឿនដូចផ្លេសបន្ទោរ ខណ:ដែលលើហ្វេសប៊ុក ក៏មានការបង្ហោះរំលែកទុកយ៉ាងផុសផុល។ តារាសិល្ប:ជាច្រើនកំពុងប្រើប្រាស់បណ្ដាញហ្វេសប៊ុក បង្ហោះទួញសោក និងបង្ហាញអារម្មណ៍ក្ដុកក្ដួល ចំពោះមរណភាពទាំងវ័យក្មេងរបស់តារាចម្រៀង អេង ប៉ូ បន្ទាប់ពីសពរបស់លោកត្រូវបានដឹកចេញពីមន្ទីរពេទ្យទាំងយប់ ហើយយកទៅធ្វើបុណ្យនៅវត្ត ឫស្សីកែវ ទល់មុខក្រុមហ៊ុនកូកាកូឡា។ លោកតារាចម្រៀងដែលបានប្រឡូកក្នុងអាជីពនេះ មិនក្រោម២០ឆ្នាំនោះទេ ដោយក្រៅពីមានមុខក្នុងកម្មវិធីអាហ្វែមង្គលការស្ទើរគ្រប់ក្រុមចម្រៀង ក៏មានមុខយូរៗម្ដងលើឆាកទូរទស្សន៍ និងឆាកតន្ត្រីធំៗផងដែរ។ បុណ្យសពរបស់លោក មិនទាន់ដឹងថានឹងមានតារាសិល្ប:ចូលរួមកុះករ ឬយ៉ាងណានៅឡើយទេ ប៉ុន្តែនៅលើហ្វេសប៊ុក គេឃើញតារាចម្រៀង និងតារាសម្ដែងជើងចាស់មួយចំនួនកំពុងបង្ហោះសាររំលែកទុក្ខសោកស្ដាយចំពោះលោក៕

មតិយោបល់