ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាច្រើននាក់ ត្រៀមប្រជែងពាន Star Award តំណាង២៥ខេត្តក្រុង

នៅទីបំផុតព្រឹត្តិការណ៍ប្រកួតប្រជែងបង្ហាញទម្រង់សិល្ប:ធំមួយ ដែលមានតារាៗត្រូវតំណាងឲ្យខេត្តក្រុងទាំង២៥ ដែលប៉ុស្ដិ៍អប្សរាបានបង្ហើបតាំងពីច្រើនខែមុននោះ បានប្រកាសរំលេចខ្លួនហើយ ដោយតម្រូវឲ្យតារាៗជាបេក្ខជនជាបេក្ខនារី ដែលត្រូវបានសម្រាំងចេញពីតារាសិល្ប:ចំនួន២៥រូប ប្រកួតប្រជែងគ្នាបង្ហាញពីទម្រង់សិល្ប: វប្បធម៌ ប្រពៃណី និងប្រើសមត្ថភាពផ្សព្វផ្សាយសក្កានុពលតំបន់ទេសចរណ៍ប្រចាំខេត្តក្រុងដែលខ្លួនធ្វើជាតំណាង ដើម្បីប្រជែងយកពាន។ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានអ្នកដឹកនាំកម្មវិធីប្រកាសថានឹងក្លាយជាកម្មវិធីស្រាវជ្រាវ និងបង្ហាញពីពីវប្បធម៌ប្រចាំពីតំបន់ទាំងឡាយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ដោយតារាសិល្ប:ជាបេក្ខជនបេក្ខនារីបប្រកួតប្រជែងមិនធ្លាប់មាននោះផងដែរ។

លោក នូ សុផេន អ្នករៀបចំកម្មវិធីបានអះអាងថា នៅដើមខែ១១ខាងមុខ ទូរទស្សន៍អប្សរា នឹងបើកកម្មវិធីថ្មីធំដែលមានឈ្មោះថា «Star Award 2019» ដោយកម្មវិធីនេះ នឹងចំណាយពេល១១ខែពេញ និងតម្រូវឲ្យតារាសិល្ប:ទាំង២៥នាក់ ឈរជាតំណាងប្រចាំខេត្តក្រុងណាមួយ អាស្រ័យទៅតាមខេត្តកំណើតរបស់ពួកគេ ឬតម្រូវដោយកម្មវិធី ប្រសិនបើក្នុងចំណោមតារាសិល្ប:ដែលចូលរួមមានបេក្ខភាពលើសពី១មកពីខេត្តតែមួយ ដែលត្រូវតែមានម្នាក់ៗ ឬច្រើននាក់ជ្រើសយកខេត្តផ្សេង។ លោកថាការប្រកួតទាំងមូលក៏មានយុវវ័យប្រចាំនៅខេត្តក្រុងនីមួយៗ ចូលរួមជាក្រុមជាមួយតារាសិល្ប:ផងដែរ ដើម្បីរួមគ្នាស្រាវជ្រាវ និងដកស្រង់សក្កានុពលប្រចាំខេត្តក្រុងទាំងនោះ យកចំណុចពិសេសមកធ្វើការសម្ដែង និងផ្សព្វផ្សាយ ហើយប្រជែងយកការគាំទ្រ។ ក្នុងនោះ តារាទាំង២៥ ក៏នឹងឈ្នះពាន៣ដែលជាពានសំខាន់ បន្ថែមពីលើពានដែលត្រូវទទួលបានតំណាងឲ្យការចូលរួមនៅវគ្គចុងក្រោយផងដែរ។ លោកថា តារាសិល្ប:ដែលចូលរួមជាតំណាងខេត្តក្រុងទាំង២៥ សុទ្ធតែជាតារាដែលមានសន្ទុះសិល្ប:នាពេលចុងក្រោយ និងមានស្នាដៃត្រូវបានមហាជនស្គាល់ខ្លះមកហើយ ដោយមិនមែនជាតារារះថ្មី ហើយមិនធ្លាប់មានស្នាដៃនៅក្នុងសិល្ប:នោះឡើយ។ តារាៗក៏ត្រូវបានសម្រិតសម្រាំងឲ្យគ្រងនូវឈុតបែបបុរាណ និងឈុតដែលបង្ហាញពីសក្កានុពលប្រចាំឲ្យខេត្តក្រុងដែលពួកគេធ្វើជាតំណាង។

ក្នុងចំណោមបេក្ខភាពទាំង២៥រូប គេឃើញវត្តមានតារាសិល្ប:រួមមាន កញ្ញា ឌី លីណា ហៅភីយ៉ា លោកថៃ ប៊ុននាង តារាសម្ដែង កញ្ញា វណ្ណា វត្តី តារាចម្រៀង លោករុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ប្រចាំគ្រួសារតារាកម្ពុជា កញ្ញា អ៊ុច ចាន់រស្មី ពិធីការិនី លោក លី ណូរ៉ា លោកចន អាឡិចដូហ្វី និង លោកសុគន្ធ ដេវីត ជាដើម៕

មតិយោបល់