ព័ត៌មានសិល្បៈ និងកម្សាន្ត

វិញ្ញាណសណ្ឋិត ភីយ៉ា និង រុន ណាកូ ឡើងឆោរឡោ គ្រាន់តែគ្រងឈុតបុរាណ

ក្នុងចំណោមតារាជាបេក្ខភាពក្នុងព្រឹត្តិការណ៍ដណ្ដើមពាន Star Award ដែលទើបចេញថតប្រម៉ូតកម្មវិធី កាលពីរសៀលថ្ងៃទី២៨ សីហា គេកត់សម្គាល់ថាមានតែតារាសម្ដែងកញ្ញា ភីយ៉ា ដែលមានឈ្មោះដើមថា លី ឌីណា និងលោក រុន ណាកូ ម្ចាស់ពានជាតារាលេចធ្លោផ្នែកគ្រងឈុតបុរាណរបស់គ្រួសារតារាកម្ពុជាប៉ុណ្ណោះ ដែលគ្រាន់តែគ្រងឈុតបុរាណហើយភ្លាម ក៏ធ្វើឲ្យម្នាក់ៗឆោរឡោរតែម្ដង ព្រោះតែមានវិញ្ញាណមកសណ្ឋិត។ អ្នកទាំងពីរត្រូវគេឃើញ លេចឡើងនូវអាការ:ប្លែកៗ ខណ:ដែល កញ្ញា ភីយ៉ា បានធ្វើឲ្យអ្នករៀបចំកម្មវិធីឆោរឡោច្រើនជាង ព្រោះតែនាងឈានដល់ការរាំរែកដល់ទាល់តែមនុសុ្ស២នាក់ចាប់ ទើបដឹងស្មារតីឡើងវិញ។

ស្ថានភាពដែលបានកើតឡើង គឺ ក្រោយពី កញ្ញា ភីយ៉ា គ្រងឈុតព្រះនាងឥន្ទ្រទេវី ស្របគ្នាដែល លោករុន ណាកូ គ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ (ក្សត្រកសាងប្រាសាទអង្គរវត្ត) រួចរាល់មិនទាន់បានប៉ុន្មាននាទីផង អ្នកទាំងពីរក៏មានករណីមានវិញ្ញាណចូលសណ្ឋិតតែម្ដង។ លោករុន ណាកូ ត្រូវគេឃើញក្លាយខ្លួនជាបែកញើសធ្ងន់ក្បាល ហើយឈានដល់ការប្រើពាក្យចម្លែកៗ ខណ:ដែលសាច់នៅលើដងខ្លួនរបស់លោក ស្រាប់តែមានសភាពញ័រ និងមានអាការ:សាច់ដុំរត់ចុះរត់ឡើង រហូតដល់ថ្នាក់ធ្វើឲ្យអ្នករៀបចំកម្មវិធីស្ទុះទាញទៅរកធូបឲ្យអុចបួងសួង។

នេះមិនមែនជាអាការ:ចម្លែកជាលើកដំបូងនោះទេ ដ្បិតកាលពីពេលដែលលោក គ្រងឈុតមួយនេះ ចូលប្រលងក្នុងព្រឹត្តិការណ៍ប្រជែងពានរបស់គ្រួសារតារាកម្ពុជា ក៏មានអាការ:បែបនេះដែរ ដោយគ្រាន់តែក្នុងពេលនោះ លោកមានអាការ:រឹតក្បាលយ៉ាងតឹងណែនទាំងមកុដនោះធូររលុងសោះ តែសម្រាប់លើកនេះ គឺមានសភាពលោតចុះលោតឡើងនូវសាច់ដុំរបស់លោកពេញខ្លួន ដែលគ្រាន់តែឃើញក៏ញាក់សាច់ជំនួស ដែលមិនខុសពីមានអ្វីមួយរត់ពេញក្នុងសាច់។
អ្វីដែលគេចាប់អារម្មណ៍គឺគ្រាន់តែលោកចាប់ផ្ដើមធូរស្រាលនូវសភាពចម្លែកៗ ស្រាប់តែ កញ្ញា ភីយ៉ា ដែលគ្រងឈុតព្រះនាងឥន្ទ្រទេវី ក៏មានអាការ:រំពត់ពែនអែនអនបង្វិលខ្លួនចុះឡើង ដល់ថ្នាក់មនុស្ស២នាក់ចាប់ដៃចាប់ជើង ទើបធ្វើឲ្យនាងបានដឹងស្មារតី។ អ្នករៀបកម្មវិធីមិនត្រឹមតែស្ទុះអុជធូបប៉ុណ្ណោះទេ ប៉ុន្តែក៏បានលាន់មាត់ថា នេះពិតជាវិញ្ញាណរបស់ម្ចាស់ឈុតមកលេងនោះដែរ ទើបធ្វើឲ្យកញ្ញាឈានដល់រាំអែនអន។

លោក រុន ណាកូ និយាយថា មិនអាចមិនជឿបានទេ ក្នុងពេលដែលគ្រងឈុតមួយនេះ២លើក ក៏មានអាការ:ចម្លែកៗទាំង២លើក។ មិនខុសគ្នាដែរ កញ្ញា ភីយ៉ា បានអះអាងថា ក្នុងពេលមានអ្វីមួយមកបញ្ជាឲ្យនាងបង្វិលខ្លួនរាំអែនអន នាងដឹងទាំងអស់ ប៉ុន្តែអត់អាចបញ្ជាខ្លួនឯងបានទេ ទើបនាងធ្វើឲ្យឆោរឡោនៅក្នុងពេលនោះ។ យ៉ាងណាមិញ នាងថានេះមិនមែនជាសភាពចម្លែកទី១នោះទេ ដោយសារតែពេលកន្លងមកនាងក៏ធ្លាប់មានវិញ្ញាណចូលសណ្ឋិតឲ្យរាំបែបនេះផងដែរ ជាពិសេសឲ្យតែនាងគ្រងឈុតបុរាណ៕

មតិយោបល់