ព័ត៌មានសិល្បៈ និងកម្សាន្ត

បាត់ឈឹងមួយឆ្នាំ! តារាចម្រៀងតាក់ម៉ា វិវត្តន៍ខ្លួនដល់ម្លឹង

មិនត្រឹមតែបានវិវត្តន៍ខ្លួនជាតួឯកស្រីយ៉ាងលេចធ្លោ ក្នុងភាពយន្តភាគមួយដែលត្រូវគេដឹងថាមានរហូតដល់ជាង១០០ភាគ ដែលជាភាពយន្តភាគទូរទស្សន៍វែងជាងគេនៅកម្ពុជាប៉ុណ្ណោះទេ តារាចម្រៀងកញ្ញា តាក់ម៉ា ដែលស្ងាត់ចេញបទចម្រៀងប្រមាណមួយឆ្នាំចុងក្រោយ ក៏បានក្លាយខ្លួនជាផលិតករ និងជាអ្នកនិពន្ធភាពយន្តផងដែរ។ កញ្ញាប្រកាសបញ្ចេញស្នាដៃ ដែលខ្លួនដឹកនាំ ចូលរួមនិពន្ធ និងសម្ដែងជាតួឯកដោយផ្ទាល់ ចាប់ពីសប្ដាហ៍ក្រោយទៅក្នុងម៉ោងមាស លើកញ្ចក់ទូរទស្សន៍My TV។

កញ្ញា តាក់ម៉ា បានថ្លែងប្រាប់ថា ក្នុងរឿងប្រអប់សំបុត្រចោលទុក្ខ ដ្បិតថាមានអ្នកនិពន្ធរហូតដល់១០រូប ប៉ុន្តែក្នុងនោះក៏មាននាង ចូលរួមគំនិតផងដែរ ក្រៅពីនាងដើរតួជាផលិតករនៅក្នុងភាពយន្តនេះ។ មានភាពខុសប្លែកគ្នាពីអាជីពចម្រៀងយ៉ាងខ្លាំង ដោយនាងបញ្ជាក់ថា គឺជារឿងលំបាកខ្លាំង ដែលនាងធ្លាប់តែច្រៀងស្រាប់តែ មកធ្វើជាអ្នកដឹកនាំសម្ដែង ហើយថែមទាំងសម្ដែងតួឯកខ្លួនទៅទៀត ដែលធ្វើឲ្យនាងពិបាកបត់បែនអារម្មណ៍។ យ៉ាងណាមិញ នាងថាមិនរាថយក្រោយនោះទេ ដោយនាងគម្រោងផលិតភាពយន្តដដែលនេះ ក្នុងវគ្គផ្សេងទៀត ដើម្បីឲ្យរឿងប្រអប់ចោលទុក្ខ មានវគ្គកាន់តែច្រើន ក្រោយពីសាច់រឿង៤វគ្គត្រូវបានបញ្ចប់ការផលិតករ ហើយទើបដាក់ផ្សាយនៅMy TV បានមួយភាគ។ កញ្ញារំពឹងយ៉ាងខ្លាំងថា ភាពយន្តជាង១០០ភាគជាលើកដំបូងនៅកម្ពុជានេះ នឹងទទួលបានជោគជ័យ ដោយសារតែសាច់រឿងក្នុងវគ្គនីមួយៗសុទ្ធតែសម្ដែងដោយតួអង្គផ្សេងគ្នា ហើយជារឿងដែលបានដាក់បញ្ចាំងម៉ោងមាស ពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ នៅរៀងរាល់ម៉ោង៨យប់។

នៅក្នុងពិធីនោះ គេឃើញតារាស្ទើរទាំងអស់ ស្លៀកឈុតពណ៌ក្រហម ហើយរំលេចសម្រស់យ៉ាងស្រស់សង្ហារ និងស្រស់ផូរផង់តែម្ដង ជាពិសេស កញ្ញា តាក់ម៉ា ដែលជាតារាចម្រៀងមួយរូប ក្នុងនោះក៏មានលោកហេង នរ:កក្កដា តារាសម្ដែង, កញ្ញា ភីយ៉ា តារាសម្ដែង, លោកស៊ិន សុធារិទ្ធិ តារាសម្ដែង, កញ្ញា ជេស៊ីកា តារាសម្ដែង, លោកយន សុភ័ក្រ តារាសម្ដែង, កញ្ញា ម៉ា នីកា តារាសម្ដែង,លោក ខាត់ សម្បត្តិកិត្យា តារាសម្ដែង, លោក តេង វាសនា តារាសម្ដែង, កញ្ញាមុតា តារាសម្ដែង, និងតារាកុះករជាច្រើនផ្សេងទៀត ដែលធ្វើពិធីប្រកាសដាក់បញ្ចាំងភាពយន្តរឿង ប្រអប់សំបុត្រចោលទុក្ខ ឲ្យកាន់តែទាក់ភ្នែកអ្នកចូលរួម។ ក្នុងនោះក៏បានតម្រូវឲ្យតារាសិល្ប: និងភ្ញៀវកិត្តិយសសរសេរពីទុក្ខសោករបស់ខ្លួនទម្លាក់ចូលក្នុងប្រអប់ ដើម្បីយករឿងមិនសប្បាយចិត្តទៅបន្ធូរចោលក្នុងប្រអប់សំបុត្រ៕

មតិយោបល់