ព័ត៌មានសិល្បៈ និងកម្សាន្ត

យន វុទ្ធី ធ្វើខួបកំណើត តែសុំលាក់អាយុ

កាលពីយប់ថ្ងៃទី១ កញ្ញា ពិធីករ និងជាអ្នកគ្រប់គ្រងក្រុមបង្ហាញម៉ូដ BN លោក យន វុទ្ធី បានធ្វើពិធីខួបកំណើតយ៉ាងអធឹកអធម ដូចគ្នានឹងឆ្នាំមុនដដែល ប៉ុន្តែលោកបានប្រកាសប្រាប់ភ្ញៀវ និងអ្នកសារព័ត៌មានថា សុំកុំដាក់អាយុ ដោយលោកប្រកាសថា ការរៀបចំពិធីរបស់លោក គឺដើម្បីជប់លៀង និងសប្បាយៗមួយឆ្នាំម្ដង កុំឲ្យស្ងាត់ពេកប៉ុណ្ណោះ។ នៅក្នុងពិធីនោះ គេនៅតែឃើញមានវត្តមានតារាសិល្ប:ចូលរួមកុះករ ជាពិសេសតារាសិល្ប:មកពី «គ្រួសារតារាកម្ពុជា» បើទោះជាលោកធ្វើឡើងដោយតក់ក្រហល់ ដោយមិនបានព្រៀងទុកពីចម្ងាយ។

លោក យន វុទ្ធី និយាយថា ហេតុផលដែលលោកសម្រេចធ្វើពិធីខួបកំណើតរាល់ឆ្នាំ គឺដោយសារតែលោកមិនសូវមានជាពិធីណាមួយ ដូចតារាមួយចំនួន ហើយមកពីលោកចង់យកថ្ងៃកំណើតជាថ្ងៃជួបក្រុមការងារ មិត្តភ័ក្ត្រ និងអ្នករាប់អានផង ទើបលោករៀបចំពិធីឡើង ដោយលោកបញ្ជាក់ថា នៅពេលធ្វើឡើងពិតជាធ្វើឲ្យលោកបានញញឹម និងបានសប្បាយចិត្តប្រាកដមែន។

លោកថាពិធីខួបកំណើតឆ្នាំនេះ លោកមិនហ៊ានអញ្ជើញតារាសិល្ប:ច្រើនទេ ប៉ុន្តែអ្នកបានចូលរួមនៅតែមានសភាពលើសតុ រហូតដល់ថ្នាក់អត់មានកន្លែងអង្គុយ ដែលធ្វើឲ្យលោកមានអារម្មណ៍ខ្លាចភ្ញៀវអន់ចិត្ត។ លោកថាពិធីនៅក្នុងឆ្នាំនេះ គឺភ្ញៀវភាគច្រើន សូម្បីតែលិខិតក៏មិនបានយកទៅប្រគល់ជូននោះដែរ គឺបានត្រឹមតែខល និងឆាតអញ្ជើញប៉ុណ្ណោះ ព្រោះមិនមានគម្រោងធ្វើធំ ប៉ុន្តែដល់ពេលកម្មវិធីចាប់ផ្ដើម គឺមានអ្នករាប់អានច្រើនបានផ្ដល់កិត្តិយស ដោយមិនបានអវត្តមាននោះទេ ទើបធ្វើឲ្យលោកសប្បាយចិត្ត៕

មតិយោបល់