ព័ត៌មានសិល្បៈ និងកម្សាន្ត

ជម្លោះល្ខោនខោល! នូ សុផេន ចេញមុខប្រតិកម្ម និងទទូច

មកទល់ម៉ោងនេះ គេនៅតែកត់សម្គាល់ថា ករណីល្ខោនខោលបានក្លាយជាប្រធានបទឡើងកម្ដៅ យ៉ាងកក្រើកតែម្ដង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានទាំងអ្នកគាំទ្រឲ្យមានការអភិរក្ស និងមានទាំងអ្នកជេរប្រទិចលើក្រុមដែលគាំទ្រល្ខោនខោលរបស់ថៃ រហូតក្លាយជាការបោះសម្ដីផ្លែផ្កាឌឺដងគ្នា ដូចផ្ទុះសង្គ្រាមពាក្យសម្ដី។ ជាមួយការឡើងកម្ដៅដ៏មុតស្រួចនេះ លោក នូ សុផេន ដែលត្រូវគេស្គាល់ថា បានរួមចំណែកបំផុសល្ខោនខោល នៅក្នុងកម្មវិធីរបស់ទូរទស្សន៍អប្សរានាពេលកន្លងមក តាំងពីពេលដែលសិល្ប:បុរាណខ្មែរមួយនេះ មិនត្រូវបានគេចាប់អារម្មណ៍ បានប្រកាសអារម្មណ៍ពីរក្នុងពេលតែមួយ។

លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា បានអះអាងថា លោកមានការសាទរយ៉ាងខ្លាំង បន្ទាប់ពីឃើញស្រទាប់មហាជន និងអ្នកលេងហ្វេសប៊ុកច្រើនឡើង នាំគ្នាបំផុស និងចែកចាយពីសិល្ប:ល្ខោនខោល ដោយបានទាំងប្រើពាក្យថា ល្ខោនខោលជារបស់ខ្មែរ ដែលយើងត្រូវរួមគ្នាថែរក្សាជាដើម។ នេះជាទង្វើដ៏ប្រពៃ ដែលលោកថា នឹងធ្វើឲ្យក្មេងជំនាន់ក្រោយ និង អ្នកមិនធ្លាប់ចង់ដឹងចង់ស្គាល់ពីសិល្ប:មួយនេះ មានការចាប់អារម្មណ៍ឡើងវិញ។ យ៉ាងណាមិញ អ្វីដែលបានធ្វើឡើងក្នុងប៉ុន្មានថ្ងៃនេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ការការពារ និងអភិរក្សចំពោះល្ខោនខោល និងសិល្ប:បុរាណខ្មែរផ្សេងទៀតនៅឡើយទេ ប្រសិនបើខ្វះការគាំទ្រ និងទៅទស្សនាដោយផ្ទាល់ ដើម្បីជាការលើកកម្លាំងចិត្ត ដល់ក្រុមសិល្បករសិល្បការិនីនៅពេលមានការសម្ដែង។

លោកថាជារឿងសង្វេគណាស់ ដែលក្រុមសិល្ប:ល្ខោនខោល មិនថារបស់ក្រុមវិចិត្រសិល្ប: និងមិនថារបស់សមាគមណាមួយនោះទេ ឲ្យតែធ្វើការសម្ដែង គឺស្ទើរមិនមានអ្នកទៅទស្សនាតែម្ដង ដោយលុះត្រាតែមានគណអធិបតីធំៗ ឬតំណាងព្រះមហាក្សតទៅធ្វើជាគណអធិបតី ទើបមានអ្នកអង្គុយទស្សនា ដែលហាក់មិនឲ្យតម្លៃសិល្ប:បុរាណមួយនេះទាល់តែសោះ។ ជាក់ស្ដែងនៅក្នុងកម្មវិធីរបស់លោកនាពេលកន្លងមក នៅទូរទស្សន៍អប្សរា លោកបានប្រឹងប្រែងស្រាវជ្រាវសិល្ប:ល្ខោនខោល យកមកឆ្លុះបញ្ចាំងខ្លាំងណាស់ ដោយបានទាំងតម្រូវឲ្យតារាល្បី មកចូលរួមសម្ដែងដើម្បីទាក់ទាញផង ប៉ុន្តែនៅតែគ្មានអ្នកមកទស្សនា ហើយនៅពេលបង្ហោះហើយ ក៏មិនសូវមានអ្នកចែកចាយ។
ក្នុងនោះសូម្បីតែបណ្ដាក្រុមហ៊ុននានា ក៏មិនចង់ចូលរួមឧបត្ថម្ភចំពោះការផលិតកម្មវិធី ដែលមានទម្រង់លើកស្ទួយល្ខោនខោលនេះដែរ ដោយសារតែខ្វះការគាំទ្រពីស្រទាប់មហាជន។

លោក នូ សុផេន បន្តថា ដើម្បីចូលរួមអភិរក្សសិល្ប:បុរាណរបស់ខ្មែរ កុំឲ្យប្រទេសជិតខាងយកជារបស់ខ្លួនបាន មិនមែនគ្រាន់តែនាំគ្នាផ្អើលៗ តាមគ្នាពេលមានបញ្ហាហើយថា ខ្លួនឯងស្រឡាញ់ជាតិស្រឡាញ់វប្បធម៌នោះទេ គឺគួរតែចូលរួមទៅទស្សនាគាំទ្រនូវការសម្ដែង សិល្ប:បុរាណមួយនេះ ឲ្យបានច្រើនៗគ្រប់ពេលមានការសម្ដែង ពោលគឺលោកចង់ឃើញមហាជន ទៅទស្សនាកកកុញដូចក្នុងពេល ផ្ទុះរឿងនៅប៉ុន្មានថ្ងៃនេះជារៀងរហូត។ មួយវិញទៀត លោកថាក្រសួងពាក់ព័ន្ធគួរតែមានម៉ោងកំណត់មួយឲ្យដូចៗគ្នា តម្រូវឲ្យបណ្ដាទូរទស្សន៍ទាំងអស់ ត្រូវតែមានកម្មវិធីពាក់ព័ន្ធនឹងទម្រង់សិល្ប:បុរាណឲ្យដូចគ្នា នៅក្នុងម៉ោងមាស ឲ្យដូចគ្នានឹងការកំណត់ឲ្យមានភាពយន្តខ្មែរ ដាក់ផ្សាយនៅក្នុងម៉ោងមាសដែរ ដើម្បីឲ្យក្រុមសិល្ប:បែបបុរាណក៏មានការងារ និងជាការបំផុសឲ្យស្រទាប់មហាជនងាកមកគាំទ្រឡើងវិញ។

លោកថាវាមិនអាចទៅរួចទេ ដែលមានតែប៉ុស្ដិ៍ទូរទស្សន៍មួយ ឬ២ ប្រឹងធ្វើកម្មវិធីលើកស្ទួយទម្រង់បុរាណ ខណ:ដែលប៉ុស្ដិ៍ទូរទស្សន៍ស្ទើរទាំងអស់ ផ្សេងទៀតផលិតតែកម្មវិធីសប្បាយៗ សម័យៗ ជាការបង្វក់មហាជនឲ្យភ្លេចទម្រង់បុរាណ។ លោកថា ក្រសួងពាក់ព័ន្ធរួមមានក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន គួរតែធ្វើកិច្ចអន្តរាគមន៍ដល់បណ្ដាទូរទស្សន៏មួយករណីទៀត ដើម្បីកំណត់ឲ្យបណ្ដាទូរទស្សន៍ត្រូវតែទុកម៉ោងមួយឲ្យដូចៗគ្នា ផ្សាយតែទម្រង់កម្មវិធីសិល្ប:បុរាណ ដើម្បីឲ្យក្រឡេកទៅមើលប៉ុស្ដិ៍ណា ក៏ឃើញតែសិល្ប:បុរាណដូចគ្នា នឹងការកំណត់ឲ្យផ្សាយ តែភាពយន្តខ្មែរមុននេះ។ បើដូច្នោះទេ ទម្រង់សិល្ប:បុរាណ នឹងមិនអាចទទួលបានការចាប់អារម្មណ៍កើតទេ នៅក្នុងបរិបទដែលពោរពេញ ដោយការបង្វក់ពីសិល្ប:សម័យឡូយឆាយមួយនេះ៕

មតិយោបល់