Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត គ្រាន់តែចងដៃក...

គ្រាន់តែចងដៃកូនប្រុស ឡេង ណាវ៉ាត្រា ចំណាយ១០ម៉ឺនដុល្លារសង់ផ្លូវ

ខុសពីឪពុកម្ដាយមួយចំនួនដែលបានចងដៃកូនប្រុស ឬកូនស្រី ដោយចំណាយលុយកាក់ទិញទ្រព្យសម្បត្តិណាមួយទុកជាកាដូ ម្ចាស់ផលិតកម្ម Galaxy ដែលបានវិវត្តន៍ខ្លួនក្លាយជាឧកញ៉ាវ័យក្មេងក្រោយជោគជ័យក្នុងជំនួញដីធ្លី លោក ឡេង ណាវ៉ាត្រា បែរជាបានចំណាយលុយដល់ទៅជាង១០ម៉ឺនដុល្លារសង់ផ្លូវមួយខ្សែនៅក្នុងសង្កាត់ចោមចៅ ដើម្បីជាការចងដៃដល់កូនប្រុសទៅវិញ។ លោកថាលុយកាក់ និងទ្រព្យសម្បត្តិ លោកអាចមិនខ្វះក្នុងការចងដៃកូនប្រុសនោះទេ ប៉ុន្តែអ្វីដែលលោកចង់ចងដៃកូនប្រុសមុនគេ គឺធ្វើអំពើល្អ ដើម្បីឲ្យកុសលនៃអំពើល្អនោះ ហុចផលដល់កូនប្រុស។

លោកឡេង ណាវ៉ាត្រា និយាយថា ហេតុផលដែលលោកសម្រេចចិត្តចំណាយថវិការហូតដល់១០ម៉ឺនដុល្លារ សង់ផ្លូវមួយខ្សែជូនដល់អ្នកភូមិក្នុងសង្កាត់ចោមចៅ កាលពីដើមខែកញ្ញា គឺមិនមានអ្វីក្រៅពីចង់ចងដៃដល់កំណើតកូនប្រុស និងដើម្បីឲ្យពលរដ្ឋនៅក្នុងសង្កាត់នោះបានផ្លូវល្អធ្វើដំណើរ ក្នុងពេលដែលមានភ្លៀងធ្លាក់ម្ដងៗ គឺពិបាកធ្វើដំណើរប៉ុណ្ណោះ។ លោកថាខ្លួនចង់ដៃកូនប្រុសដោយអំពើកុសលឲ្យច្រើនជាងទ្រព្យសម្បត្តិ ដោយលោកគិតថា បើកូនប្រុសរបស់លោកទទួលបានកុសលច្រើន នោះកូនប្រុសលោកនឹងបានបុណ្យច្រើន ហើយក្លាយជាក្មេងល្អ ដែលមិនពិបាកនឹងក្លាយជាបុគ្គលជោគជ័យម្នាក់ មិនខុសពីលោក។ លោកប្រកាសបន្តរួមចំណែកធ្វើបុណ្យចែកទាន និងសង់ផ្លូវជាដើមឲ្យបានច្រើន តាមតែអាចធ្វើទៅបានបន្ថែមទៀត ដើម្បីរក្សាទុកនូវអំពើល្អ ដោយលោករំពឹងថាទង្វើល្អទាំងនេះ នឹងធ្វើឲ្យលោកកាន់តែជោគជ័យក្នុងអាជីព និងជួយឲ្យកូនប្រុសកូនស្រីរបស់នឹងក្លាយជាក្មេងមានសំណាង អាចធ្វើឲ្យលោកកក់ក្ដៅក្នុងចិត្តក្នុងពេលពួកគេធំឡើង៕

Loading...