Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត សន សុវណ្ណារ៉ា...

សន សុវណ្ណារ៉ា ជោគជ័យគម្រោងធំ៣ក្នុងពេលតែមួយ

តាំងពីបានបង្ហាញខ្លួនជាថ្មីក្រោយពេលបាត់មុខ គេកត់សម្គាល់ថាពិធីករសាច់ទ្រលុកទ្រលន់ លោក សន សុវណ្ណារ៉ា ក្ដោបក្ដាប់ទីផ្សារបានខ្លាំងគួរឲ្យកត់សម្គាល់ ដោយក្រៅពីឡើងកូដក្នុងអាជីពកាន់ក្បាលមេក្រូក្នុងកម្មវិធីធំៗ លោកក៏ត្រូវគេឃើញទទួលជោគជ័យក្នុងគម្រោងដេញថ្លៃធ្វើកម្មវិធីប្រគំតន្ត្រីនានា ក្រោយពីបើកដំណើរក្រុមហ៊ុនផ្នែករៀបចំពិធីការ និង ការប្រគំតន្ត្រីធំៗនោះផងដែរ។ លោកទើបតែទទួលបានផ្លែផ្កាលើគម្រោងធំ៣ ដែលទើបបញ្ចប់ថ្មីកាលពី២ថ្ងៃមុន តាមរយ:ការដេញថ្លៃធ្វើកម្មវិធីបានក្នុងពេលតែមួយប៉ុណ្ណោះ។

លោក សន សុវណ្ណារ៉ា បានអះអាងថា តាំងពីបើកដំណើរការក្រុមហ៊ុនរៀបចំកម្មវិធីឈ្មោះRA ចាត់ទុកថាជាលើកទី១ ដែលលោកទទួលបានឱកាសត្រូវស្ថានទូតថៃ និងក្រុមហ៊ុនធំៗ បោះកញ្ចប់ឲ្យធ្វើកម្មវិធីប្រគំតន្ត្រីជាទ្រង់ទ្រាយធំដល់ទៅ៣ព្រមគ្នាតែម្ដង ដោយមួយកន្លែងធ្វើនៅកោះពេជ្រ មួយកន្លែងធ្វើនៅខេត្តបាត់ដំបង និងមួយកន្លែងនៅសៀមរាប ដោយទើបបញ្ចប់ព្រមគ្នាកាលពីថ្ងៃទី២ កញ្ញា មុននេះ។ លោកមិននឹកស្មានថាកម្មវិធីធំ៣ទាំង៣ លោកដេញថ្លៃបានព្រមគ្នា ក្នុងពេលដែលមានក្រុមហ៊ុនធំសុទ្ធតែធ្វើការប្រកួតប្រជែង ហើយអាចឲ្យលោកធ្វើទៅដោយរលូន រហូតដល់ថ្នាក់ ភាគីខាងស្ថានទូតថៃ និងម្ចាស់ក្រុមហ៊ុនដែលបោះគម្រោងឲ្យលោកធ្វើឡើង ពេញចិត្ត និងបានទាំងប្រកាសផ្ដល់គម្រោងឲ្យធ្វើនូវកម្មវិធីផ្សេងទៀត ក្នុងពេលខាងមុខដល់ម្លឹងនោះទេ។

លោក សន សុវណ្ណារ៉ា បានទទួលស្គាល់ថា ប្រមាណជាមួយឆ្នាំចុងក្រោយ ការងារសិល្ប:របស់លោកកាន់តែរីកចំរើន ដោយអាចនិយាយបានថា គឺជាដំណាក់កាលលុយរត់តាមហៅ មិនថាគម្រោងដេញថ្លៃធ្វើកម្មវិធីនានា និងការទាក់ទងឲ្យធ្វើជាពិធីករជាដើម។ លោកត្រូវបានគេស្គាល់ថា ជាពិធីករក្រោមការបណ្ដុះបណ្ដាលរបស់អ្នកគ្រូ គង់ ណារី និងបន្ទាប់ពីបានទទួលការបណ្ដុះបណ្ដាលបន្ថែម នៅក្រៅប្រទេសអស់ច្រើនឆ្នាំ។ យ៉ាងណាមិញ លោកថាគោលដៅដែលខ្លួនចង់បាននៅមិនទាន់បានសម្រេចទាំំងស្រុងទេ ដោយលោកនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងកេរ្តិ៍ឈ្មោះរបស់ខ្លួនដែលជាពិធីករ កាន់តែសុះសាយឲ្យខ្លាំងជាងបន្ថែមទៀត ទើបលោកយល់ថាអស់ចិត្ត៕

Loading...