ព័ត៌មានសិល្បៈ និងកម្សាន្ត

រុន ណាកូ ក្រោយក្ដាប់ពាន ឡើងកូដទីផ្សារ Fashion សម័យ និងបុរាណ

តាំងពីបានលើកពានតារាលេចធ្លោដែលគ្រងឈុតបុរាណបានស័ក្ដសមប្រចាំឆ្នាំ២០១៨ កាលពីពេលថ្មីៗរបស់គ្រួសារតារាកម្ពុជា គេកត់សម្គាល់ថាតារាសម្ដែងដែលត្រូវគេស្គាល់ថាជានិស្សិតពេទ្យ បានក្លាយជាតារាឡើងកូដគួរឲ្យកត់សម្គាល់ ដោយបានក្ដោបក្ដាប់ការងារថតម៉ូដ ទាំងឈុតសម្អាងការ ឈុតបុរាណ និងឈុតសម័យបែបFashion ច្រើនគួរសម។ អ្វីដែលគេកត់សម្គាល់ថា គឺលោកត្រូវបានម្ចាស់ប្រេន High Culture ដែលជាម៉ាកសំលៀកបំពាក់ល្បីមកពីប្រទេសម៉ាឡេស៊ី ទាក់ទងឲ្យថតFashion ជាបន្តបន្ទាប់ ដោយមានទាំងដំណឹងថាម្ចាស់ប្រេនធំនៅក្នុងប្រទេសម៉ាឡេស៊ី ជម្រើសក្នុងចំណោមតារាដែលត្រូវជ្រើសធ្វើជាតំណាងនោះផង។

រូបភាពរបស់លោកជាច្រើនសន្លឹកត្រូវគេឃើញបង្ហោះឡើងក្នុងផេក High Culture និងក្នុងហ្វេសប៊ុករបស់Fan High Culture ដោយក្នុងចំណោមរូប Fashion សង្ហាៗជារបៀបយុវវ័យ ក៏រូបថតបង្ហាញពីរាងស៊ិចស៊ី ជាមួយតារាផ្សេងទៀតមិនខុសគ្នានឹងពេលលោកថតបង្ហាញឈុតបុរាណនោះផង។

នៅមិនទាន់ដឹងថាសកម្មភាពថតឈុត High Culture ដែលបាននាំចូលពីហាងMr.Man មួយលើកជាពីរនាពេលចុងក្រោយ ស្ថិតក្នុងលក្ខណ្ឌកុងត្រា ឬ គ្រាន់តែថតម៉ូដដែលភាគីម្ខាងហាង ពេញចិត្តមួយលើកៗនោះទេ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ គឺតារាសម្ដែងវ័យក្មេងរូបនេះ ផ្ដើមមានកញ្ឆក់បានទីផ្សារច្រើនគួរសម ជាពិសេសគឺសកម្មភាពថតឈុតបុរាណ ដែលធ្លាប់លើកពាន និងសកម្មភាពថតម៉ូដFahion បែបយុវវ័យ។

លោក ម៉ៅ ប៊ុនរតនា ម្ចាស់ហាងមីស្ទ័រមេន និងជាម្ចាស់ប្រេន High Culture ប្រចាំនៅកម្ពុជា បានអះអាងថា ដោយសារតែលោក រុន ណាកូ មានរូបរាងទាក់ទាញ ហើយភាគីខាងម្ចាស់ប្រេនប្រចាំនៅក្នុងប្រទេសម៉ាឡេស៊ី ពេញចិត្តនឹងការថតឈុតរបស់លោកកាលពីលើកទី១ ទើបលោកបន្តទាក់ទងឲ្យថតឈុតFashion របស់ High Culture ជាហូរហែរនាពេលចុងក្រោយ។ លោកបានទាំងចំណាយថវិកាដឹកនាំតារារូបនេះ ទៅថតដល់តំបន់ប្រវត្តិសាស្រ្តគឹភ្នំឧដុង្គនោះផង ដើម្បីឲ្យកាន់តែរំលេចនូវភាពសង្ហាររបស់លោក ភ្ជាប់នឹងតំបន់ទេសចរណ៍មួយនេះ។ លោកថា លោក រុន ណាកូ មិនទាន់ត្រូវបានជ្រើសជាតំណាងរបស់ផលិតផលនៅឡើយទេ ប៉ុន្តែគេស្ថិតក្នុងជម្រើសមួយក្នុងចំណោមតារាដែលធ្លាប់ថតឈុតរបស់ High Culture។

លោកថាលោក រុន ណាកូ អាចនឹងត្រូវបានជ្រើសឲ្យចេញទៅថតម៉ូដនៅក្នុងប្រទេសម៉ាលេស៊ី ប្រសិនបើតារារូបនេះ ពិតជាត្រូវបានជ្រើសដោយម្ចាស់យីហោ High Culture៕

មតិយោបល់